កាលពីថ្ងៃទី ២០ និង ២១ ឧសភា ឆ្នាំ២០១៩ អ្នកតំណាង ១៨០ នាក់ដែលធ្វើការងារពាក់ព័ន្ធលើដងទន្លេមេគង្គ បានជួបជុំគ្នាក្នុងវេទិកាថ្នាក់តំបន់មួយនៃគណៈកម្មការទន្លេមេគង្គលើកទី ៧ ដើម្បីរៀនសូត្រពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ននិងស្វែងរកវិធីសាស្រ្តល្អប្រសើរជាងមុន ដោះស្រាយបញ្ហាប្រឈមបន្ទាន់ដែលកំពុងកើតមានលើដងទន្លេមេគង្គ។ អ្នកចូលរួមមានតំណាងមកពីកម្ពុជា ឡាវ ថៃ វៀតណាម ចិននិងមីយ៉ាន់ម៉ា ព្រមទាំងស្ថាប័នស្រាវជ្រាវផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ នេះបើយោងតាមព័ត៌មានផ្សាយលើគេហទំព័ររបស់គណៈកម្មការទន្លេមេគង្គចេញផ្សាយកាលពីថ្ងៃទី២១ ឧសភា។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
យោងតាមព័ត៌មានលើគេហទំព័ររបស់គណៈកម្មការទន្លេគង្គបានឱ្យដឹងថា វេទិកានៃគណៈកម្មការទន្លេមេគង្គលើកទី ៧ នេះផ្តោតសំខាន់លើសមិទ្ធផល និងមេរៀនដែលទទួលបានក្នុងបេសកកម្មការងាររួមគ្នានាពេលកន្លងទៅ លើបញ្ហាព្រំដែនឆ្លងកាត់ ផលប៉ះពាល់ និងឱកាសដែលបានមកពីគម្រោងគ្រប់គ្រងប្រភពទឹកចម្រុះនៃទន្លេមេគង្គ (M-IWRM) ដែលត្រូវបានផ្តល់មូលនិធិដោយធនាគារពិភពលោក។
គម្រោងនេះមានប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គចំនួន ៤ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម បានធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមទ្វេភាគីចាប់ពីឆ្នាំ ២០១៤ មក។ គម្រោងនេះផ្តោតសំខាន់លើការពង្រឹងកិច្ចពិភាក្សាឆ្លងដែន និងលើកកម្ពស់ការអនុវត្តការគ្រប់គ្រងធនធានទឹករួមនៅកម្រិតអនុតំបន់ដែលមាននៅទន្លេសេកុង ទន្លេសេសាន ស្រែពក ដីសណ្តមេគង្គ ទន្លេសិញបេងហៀង ទន្លេណាមកេន ទន្លេសុខាឡា និងទន្លេសាប។

លោក ប្រាដា ឃ្លេនកេនពេជ្រ(Pradab Kladkempetch) ជំនួយការអគ្គលេខាធិការនៃការិយាល័យធនធានទឹកជាតិនិងលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គថៃ ថ្លែងក្នុងពិធីបើកវេទិកានេះ៖«នៅក្នុងបណ្តាប្រទេសជាប់ដងទន្លេមេគង្គទាំងអស់ រដ្ឋាភិបាលប្រទេសនីមួយៗបានទទួលស្គាល់កាន់តែខ្លាំងនូវសារៈសំខាន់នៃការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន»។
លោកបន្តថា លោកមានសេចក្តីរីករាយដែលភាគីពាក់ព័ន្ធអាចបង្កើនការយល់ដឹងរួម ស្តីពីបញ្ហាលំហូរទឹកឆ្លងកាត់សំខាន់ៗ ការស្វែងរកដំណោះស្រាយយូរអង្វែងដើម្បីសហការ និងចែករំលែកនូវការអនុវត្តល្អៗក្នុងការគ្រប់គ្រងធនធានទឹក»។
ចំណែកលោក អាន ពេជ្រហាតដា (An Pich Hatda) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គសង្កត់ធ្ងន់លើគោលការណ៍នៃកិច្ចសហប្រតិបត្តិការឆ្លងដែននេះថា៖«យើងត្រូវការច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យទឹកជំនន់ និងភាពរាំងស្ងួត ការការពារទ្រព្យសម្បត្តិបរិស្ថាន និងបង្កើនអត្ថប្រយោជន៍នៅទូទាំងអាងទន្លេ។ ការសម្រេចគោលដៅទាំងនេះគឺសំខាន់ និងបន្ទាន់ ខណៈចំនួនប្រជាជន និងសេដ្ឋកិច្ចមានការកើនឡើង ហើយការប្រែប្រួលអាកាសធាតុបន្តកើតមាន»។
លោកបន្ថែមថា៖«នេះជាមូលហេតុដែលគណៈកម្មការទន្លេមេគង្គបានផ្តោតការយកចិត្តទុកដាក់ច្រើនជាងមុនពីកិច្ចសហប្រតិបត្តិការឆ្លងដែន និងគម្រោងរួមគ្នារវាងប្រទេសជាសមាជិក។ យើងប្តេជ្ញាគាំទ្រប្រទេសជាសមាជិក និងប្រជាជនរបស់យើង ក្នុងការផ្លាស់ប្តូរពីជម្លោះទៅជាកិច្ចសហប្រតិបត្តិការ ដោយប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។
គណៈកម្មការទន្លេមេគង្គ គឺជាអង្គការអន្តររដ្ឋាភិបាលដែលទទួលខុសត្រូវសម្រាប់កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដែលសមាជិករបស់ខ្លួនរួមមានប្រទេសកម្ពុជាឡាវ ថៃ និងវៀតណាម។
គណៈកម្មាការនេះធ្វើការលើវិស័យជាច្រើនរួមមាន វិស័យកសិកម្ម ការចិញ្ចឹមសត្វប្រកបដោយនិរន្តភាព សេរីភាពនៃដឹកជញ្ជូន ការគ្រប់គ្រងទឹកជំនន់ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ៕