ក្រុមប្រឹក្សាកិច្ចការសាធារណៈកម្ពុជា ហៅកាត់ថា CPAC បានគ្រោងរៀបចំ ទិវារំឭកខួបលើកទី២៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ២០១៥ ខាងមុខនេះ នៅរាជធានីនិងខេត្តចំនួន ៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការរំឭកដល់សមទ្ធិផល របស់អតីតព្រះមហាក្សត្រ និងស្នាដៃរបស់ថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបាននាំយកសន្តិភាព ជូនប្រទេស។
សកម្មជនផ្នែកសិទ្ធិមនុស្ស ធ្វើការទៅលើការចងក្រងច្បាប់ និងសហគមន៍ លោក បូ ពៅ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥ នេះថា គោលបំណងដែលក្រុម ប្រឹក្សាកិច្ចការសាធារណៈកម្ពុជា គ្រោងរៀបចំទិវារំឭកខួប កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ នៅខេត្តនិងរាជធានីមួយចំនួនក្នុងប្រទេសកម្ពុជានេះឡើង គឺដើម្បី រំឭកដល់សមទ្ធិផលរបស់អតីតព្រះមហាក្សត្រ និងស្នាដៃរបស់ថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបាននាំយកសន្តិភាពជូនប្រទេស។
លោកបន្ថែមថា គោលបំណងសំខាន់មួយទៀត គឺដើម្បីក្រើនរំឭកដល់ប្រជាជាតិខ្មែរទាំងអស់ឱ្យចងចាំ និងថែរក្សាកិច្ចព្រមព្រៀងនេះកុំឱ្យបាត់បង់ផងដែរ។ “យើងរៀបចំដើម្បី រំឭកដល់កិច្ចព្រមព្រៀង ជាពិសេសគឺរំឭកដល់ស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រ និងម្ចាស់ហត្ថលេខីដែលមានភាគីទាំងបួន រំឭកដល់សមទ្ធិផលរបស់សម្ដេចតេជោហ៊ុនសែន រំឭកទៅដល់សមទ្ធិផលរបស់សម្ដេចបវរសេដ្ឋា សឺន សាន និងលោក ខៀវ សំផន ដែលពួកគាត់នាំយកសន្តិភាពមកជួនស្រុកទេស។ ហើយមួយទៀតគឺយើងចង់ផ្ដាំផ្ញើ ទៅសាធារណជនខ្មែរទូទាំងប្រទេស (ទាំងក្នុងនិងក្រៅ) ថា បើសិនជាកុំមាន ២៣តុលា ឆ្នាំ៩១ ទេ យើងក៏គ្មានសន្តិភាពដែរ។ ហើយយើងចង់រំឭកថា កិច្ចព្រមព្រៀងក្រុងប៉ារីស គឺជា កិច្ចសន្យាធានារ៉ាប់រងជីវិតអមតៈសម្រាប់ប្រជាជាតិខ្មែរទាំងមូល»។
ជាថ្មីម្ដងទៀត លោក បូ ពៅ បានប្រាប់ឱ្យដឹងបន្ថែមថានេះជាលើកទីមួយហើយដែលក្រុម ប្រឹក្សាកិច្ចការសាធារណៈកម្ពុជា បានរៀបចំពិធីរំឭកខួបថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ នៅតាម បណ្ដាខេត្តបែបនេះ ។ លោកសង្ឃឹមថា ពិធីដែលគ្រោងនឹងរៀបចំ នេះ នឹងមានសាធារណជនចូលរួមបានច្រើន នៅតាមខេត្តនិងរាជធានីខាងលើ ហើយលោកសង្ឃឹមដែរថា ពិធីរំឭកខួបថ្ងៃទី២៣តុលា នេះ នឹងមានការរៀបចំនៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ។
លោកថា៖ «យើងឃើញថាប្រាំកន្លែងនេះ មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្ដែដោយសារតែលទ្ធភាពក្រុម ប្រឹក្សាកិច្ចការសាធារណៈធ្វើបានតែប៉ុណ្ណឹង ហើយសង្ឃឹមថា អ្នកដទៃនឹងចូលរួមបន្ដ បន្ដទៀត»។
សូមជម្រាបថា ទីតាំងប្រាំកន្លែងសម្រាប់ខេត្ត និងរាជធានី ដែលគ្រោងនឹងរៀបចំពិធីរំឭកខួប នេះរួមមាន ខេត្តបាត់ដំបង នៅចំម្ដុំនាគបាញ់ទឹក ខេត្តសៀមរាប នៅសួរច្បារក្បែរព្រះអង្គចេកព្រះអង្គចម ខេត្តកំពង់ចាម ទីតាំងនៅទីរួមខេត្ត ម្ដុំមាត់ទន្លេ ហើយខេត្តតាកែវ ធ្វើនៅម្ដុំវិមានឯករាជ្យក្នុងទីរួមខេត្ត និងរាជធានីភ្នំពេញ ធ្វើនៅម្ដុំវត្ដភ្នំ។
គួរជម្រាបដែរថា ថ្មីៗនេះ ហ្វេកប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ក៏បានសរសេរ អបអរសាទរនូវ ទិវា ២៣តុលា នេះដែរ ដោយលោកនាយករដ្ឋមន្ដ្រីហ៊ុនសែន បានចាត់ទុកថា ថ្ងៃទី២៣តុលា ជាទិវាសន្តិភាព ។ ក្នុងនោះលោកបានសរសេរពន្យល់និងបកស្រាយ អំពីការខិតខំប្រឹងប្រែងរបស់ខ្លួន និង អតីតព្រះមហាវីរៈក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក្នុងការស្វែងរកដំណោះស្រាយ សន្តិភាព និងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៨៧៕