en     km
en     km

អង្គការ​មួយ​នឹង​ប្រារ​ព្វ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ នៅ​រាជធានី​ខេត្ត​ចំនួន​៥ ​ក្នុង​ពេល​តែ​មួយ​នា​ថ្ងៃ​ទី​២៣​ តុលា​ ២០១៥

Share

Cover-CPAC
ក្រុមប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា​ ហៅ​កាត់​ថា​ CPAC​ បាន​គ្រោង​រៀបចំ​ ទិវា​រំឭក​ខួប​លើក​ទី​២៤​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ នៅ​ថ្ងៃ​ទី​២៣​ តុលា​ ២០១៥​ ខាង​មុខ​នេះ​  នៅ​រាជធានី​និង​ខេត្ត​ចំនួន​ ៥​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ជា​ការ​រំឭក​ដល់​សម​ទ្ធិ​ផល​ របស់​អតីត​ព្រះមហាក្សត្រ​ និង​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​ ដែល​បាន​នាំ​យក​សន្តិភាព​ ជូន​ប្រទេស​។​

​សកម្មជន​ផ្នែក​សិទ្ធិ​មនុស្ស​ ធ្វើការ​ទៅ​លើ​ការ​ចងក្រង​ច្បាប់​ និង​សហគមន៍​ លោក​ បូ​ ពៅ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​អង្គារ​ ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ថា​ គោលបំណង​ដែល​ក្រុម​ ប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា​ គ្រោង​រៀបចំ​ទិវា​រំឭក​ខួប​ កិច្ចព្រមព្រៀង​សន្តិភាព​ ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​ ១៩៩១​ នៅ​ខេត្ត​និង​រាជធានី​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​នេះ​ឡើង​  គឺ​ដើម្បី​ រំឭក​ដល់​សម​ទ្ធិ​ផល​របស់​អតីត​ព្រះមហាក្សត្រ​ និង​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​ ដែល​បាន​នាំ​យក​សន្តិភាព​ជូន​ប្រទេស​។​

Bo-Pao
លោក​ បូ​ ពៅ សកម្មជន​ផ្នែក​សិទ្ធិ​មនុស្ស​ ធ្វើការ​ទៅ​លើ​ការ​ចងក្រង​ច្បាប់​ និង​សហគមន៍​ ​

​លោក​បន្ថែម​ថា​ គោលបំណង​សំខាន់​មួយទៀត​ គឺ​ដើម្បី​ក្រើនរំឭក​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងអស់​ឱ្យ​ចង​ចាំ​ និង​ថែរក្សា​កិច្ចព្រមព្រៀង​​នេះ​កុំឱ្យ​បាត់បង់​ផង​ដែរ​។​ “​យើង​រៀបចំ​ដើម្បី​ រំឭក​ដល់​កិច្ចព្រមព្រៀង​ ជា​ពិសេស​គឺ​រំឭក​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​អតីត​ព្រះមហាក្សត្រ​ និង​ម្ចាស់​ហត្ថលេខី​ដែល​មាន​ភាគី​ទាំង​បួន​ រំឭក​ដល់​សម​ទ្ធិ​ផល​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​ រំឭក​ទៅ​ដល់​សម​ទ្ធិ​ផល​របស់​សម្ដេច​បវរ​សេដ្ឋា​ សឺ​ន​ សាន​ និង​លោក​ ខៀវ​ សំ​ផ​ន​ ដែល​ពួក​គាត់​នាំ​យក​សន្តិភាព​មក​ជួន​ស្រុក​ទេស​។​ ហើយ​មួយទៀត​គឺ​យើង​ចង់​ផ្ដាំផ្ញើ​ ទៅ​សាធារណជន​ខ្មែរ​ទូ​ទាំង​ប្រទេស​  (​ទាំង​ក្នុង​និង​ក្រៅ​)​ ថា​ បើសិនជា​កុំ​មាន​ ២៣​តុលា​ ឆ្នាំ​៩១​ ទេ​ យើង​ក៏​គ្មាន​សន្តិភាព​ដែរ​។​ ហើយ​យើង​ចង់​រំឭក​ថា​ កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ គឺជា​  កិច្ចសន្យាធានា​រ៉ាប់រង​ជីវិត​អមតៈ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​»​។​

​ជា​ថ្មី​ម្ដងទៀត​ លោក​ បូ​ ពៅ​ បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​ ប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា​ បាន​រៀបចំ​ពិធី​រំឭក​ខួប​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​១៩៩១​ នៅ​តាម​ បណ្ដា​ខេត្ត​បែប​នេះ​ ។​ លោក​សង្ឃឹមថា​ ពិធី​ដែល​គ្រោង​នឹង​រៀបចំ​ នេះ​ នឹង​មាន​សាធារណជន​ចូលរួម​បាន​ច្រើន​ នៅ​តាម​ខេត្ត​និង​រាជធានី​ខាងលើ​ ហើយ​លោក​សង្ឃឹម​ដែរ​ថា​ ពិធី​រំឭក​ខួប​ថ្ងៃ​ទី​២៣​តុលា​  នេះ​ នឹង​មានការ​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​លោក​ថា៖​ «​យើង​ឃើញ​ថា​ប្រាំ​កន្លែង​នេះ​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ ប៉ុន្ដែ​ដោយសារ​តែ​លទ្ធភាព​ក្រុម​ ប្រឹក្សា​កិច្ចការ​សាធារណៈ​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ ហើយ​សង្ឃឹមថា​ អ្នក​ដទៃ​នឹង​ចូលរួម​បន្ដ​ បន្ដ​ទៀត​»​។​

​សូម​ជម្រាប​ថា​ ទីតាំង​ប្រាំ​កន្លែង​សម្រាប់​ខេត្ត​ និង​រាជធានី​ ដែល​គ្រោង​នឹង​រៀបចំ​ពិធី​រំឭក​ខួប​ នេះ​រួម​មាន​ ខេត្តបាត់ដំបង​ នៅ​ចំ​ម្ដុំ​នាគ​បាញ់​ទឹក​  ខេត្តសៀមរាប​ នៅ​សួរ​ច្បារ​ក្បែរ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​  ខេត្តកំពង់ចាម​ ទីតាំង​នៅ​ទីរួមខេត្ត​ ម្ដុំ​មាត់ទន្លេ​ ហើយ​ខេត្តតាកែវ​ ធ្វើ​នៅ​ម្ដុំ​វិមាន​ឯករាជ្យ​ក្នុង​ទីរួមខេត្ត​ និង​រាជធានី​ភ្នំពេញ​  ធ្វើ​នៅ​ម្ដុំ​វត្ដ​ភ្នំ​។​

​គួរ​ជម្រាប​ដែរ​ថា​ ថ្មីៗ​នេះ​ ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ក៏​បាន​សរសេរ​ អបអរសាទរ​នូវ​ ទិវា​ ២៣​តុលា​ នេះ​ដែរ​ ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ បាន​ចាត់​ទុក​ថា​ ថ្ងៃ​ទី​២៣​តុលា​ ជា​ទិវា​សន្តិភាព​ ។​ ក្នុង​នោះ​លោក​បាន​សរសេរ​ពន្យល់​និង​បកស្រាយ​ អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ និង​ អតីត​ព្រះ​មហា​វីរៈក្សត្រ​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ សន្តិភាព​ និង​ការ​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​ ១៩៨៧៕

Share

Image
Image
Image