លទ្ធផលបោះឆ្នោតសភាប្រទេសថៃ បានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី៩ឧសភា។ តែយោងតាមលទ្ធផលនេះ គ្មានគណបក្សណាមួយ អាចបង្កើតរដ្ឋភិបាលដោយឯកតោភាគីបានឡើយ។ គណបក្សភឿថៃ ដែលអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន នៅពីក្រោយ ទោះជាទទួលបានអាសនៈ១៣៦ក្ដីតែបក្សធំនេះ មិនអាចបង្កើតរដ្ឋាភិបាល បានដែរ។ បក្សធំទី៣ គឺបក្សអនាគតឆ្ពោះទៅមុខរបស់អ្នកជំនួញវ័យក្មេងម្នាក់បាន៨០អាសនៈ។ បក្សធំពីរនេះ បានយល់ព្រមជាមួយគ្នា បញ្ចុះបញ្ចូលលោកអាប់ភីស៊ីត វេចាជីវ៉ា ធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះជាង១០គណបក្ស។
យ៉ាងណា គោលបំណងរបស់បក្សធំពីរនេះ មានផែនការប្រមូលកម្លាំងរួមមួយដ៏ធំដើម្បីរាំងខ្ទប់លោកឧត្តមសេនីយ៍ប្រាយុទ្ធ មិនឱ្យមានលទ្ធភាពបន្តធ្វើនាយករដ្ឋមន្ត្រី។
លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល៖
ភាពមិនច្បាស់លាស់នៃការបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៤មីនាបានស្ដែងឃើ់ញហើយនៅពេលនេះ។ បក្សធំចំនួន៥ដែលបានអាសនៈពី៥០ឡើងទៅ ជាពិសេស គឺបក្សភឿថៃនិងបក្សបល្ល័ង្កប្រាចារ៉ាត់ គឺបក្សពីរនេះ កំពុងភ័យខ្លាចពីការបរាជ័យ ក្នុងការស្វែងរកសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាល។
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយនូវអត្ថបទបែបវិភាគរបស់ខ្លួនថា ទាំងបក្សភឿថៃដែលបានអាសនៈ១៣៦និងបក្សបល្ល័ង្កប្រាចារ៉ាត់ សុទ្ធតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។បក្សបល្ល័ង្កប្រាចារ៉ាត់ដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា ត្រូវបានរាយការណ៍ថាបក្សនេះបានចាប់បង្ខំអោយ បក្សតូចៗចងសម្ព័ន្ធភាពជាមួយខ្លួនហើយបក្សតូចៗទាំងនោះ មាន១១គណបក្សគឺបក្សនិមួយៗតែបានអាសនៈតែមួយប៉ុណ្ណោះ។ចំណែកឯបក្សភឿថៃ ត្បិតអីបានអាសនៈច្រើនជាងគេក្ដី តែបក្សនេះ ត្រូវតែស្វែងរកដៃគូជាង១០បក្សទៀត អាចបានសំឡេងជាតុល្យភាព នឹងបក្សរបស់ពួកយោធា។ តាមកាសែតបាងកកប៉ុស្តិ៍ បក្សភឿថៃ និងបក្សអនាគតឆ្ពោះទៅមុខបានព្រមព្រៀងគ្នា ជាមួយបក្ស១០ទៀតថា នឹងទៅបញ្ចុះបញ្ចូលគណបក្សប្រជាធិបតេយ្យ យកមកធ្វើជាដៃគូក្នុងសម្ព័ន្ធភាពថ្មីដើម្បីទម្លាក់ ឬរាំងខ្ទប់បក្សបល្ល័ង្កប្រាចារ៉ាត់ មិនអោយបង្កើតរដ្ឋាភិបាល។ បក្សសម្ព័ន្ធថ្មីនេះ មានអាសនៈសរុប ៣៦១។ តែយ៉ាងណា ក្រុមនេះត្រូវការសំឡេង១៥ទៀត ទើបអាចផ្ដុំគ្នា បាន៣៧៦សំឡេង ឈានទៅរករដ្ឋាភិបាលចម្រុះមួយបាន។ ដោយឡែកបក្សបល្ល័ង្កប្រាចារ៉ាត់ មានសំឡេង បានគ្រប់គ្រាន់ហើយគឺ១១៥បូកនឹង១១ ស្មើនឹង៣៧៦ ក្នុងអាសនៈសរុបទាំងព្រឹទ្ធសភាកើតចេញពីការជ្រើសតាំងនិង សភា កើតចេញពីការបោះឆ្នោត៧៥០អាសនៈ។
តើបក្សសម្ព័ន្ធថ្មី អាចរាំងខ្ទប់បក្សបល្ល័ង្កប្រាចារ៉ាត់បានដែរទេ?
ដើម្បី រាំងខ្ទប់ មិនអោយពួកយោធាបង្កើតរដ្ឋាភិបាលបានគឺអាស្រ័យលើកម្លាំងរួបរួមដ៏ខ្លាំងនិងមានឥទ្ធិពលរបស់បក្សសម្ព័ន្ធថ្មីនេះ ។ ក្រុមនេះធ្វើយ៉ាងណាអូសទាញអោយបានសំឡេង របស់ព្រឹទ្ធសភាក្នុងចំណោម២៥០រូប ដែលទើបជ្រើសតាំងថ្មី។ ក្នុងចំណោមព្រឹទ្ធសភាទាំងអស់នោះ គឺ ជាង៥០នាក់ ជ្រើសរើសពីមជ្ឈដ្ឋានស៊ីវិល ហើយក្រៅពីនេះ គឺជាការជ្រើសតាំងពីក្រុមប្រឹក្សាយោធា។ សមាជិកព្រឹទ្ធសភា ដែល មកពីកក្រុមស៊ីវិលនោះហើយ មើ់លទៅអាចជាអ្នកធ្វើសេចក្ដីសម្រេច ក្នុងការកំណត់ជោគវាសនា របស់ក្រុមសម្ព័ន្ធថ្មី ដែលអាចមានគណបក្សប្រជាធិបតេយ្យមួយដែរ។ បើសមាជិកសភា ជាង១៥នាក់ជំទាស់បេក្ខភាព នាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធឬ បក្សបល្ល័ង្កប្រាចារ៉ាត់ គឺជ័យជម្នះអាចបានទៅលើ សម្ពន្ធថ្មីនេះ គឺក្រុមនេះ នឹងមានលទ្ធភាពឈ្នះឬមានប្រៀបដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
តើបេក្ខជនណាសមជានាយករដ្ឋមន្ត្រីរបស់ក្រុមសម្ព័ន្ធថ្មីនេះដើម្បីទាញសំឡេងពីសមាជិកព្រឹទ្ធសភាឯករាជ្យ?
តាមកាសែតបាងកកប៉ុស្តិ៍ គណបក្សភឿថៃ និងគណបក្សឆ្ពោះទៅអនាគត បានព្រមព្រៀងលើក អតីតប្រធានគណបក្សប្រជាធិបតេយ្យ គឺលោកអាប់ភីស៊ីតធ្វើជានាយករដ្ឋន្ត្រី។ តាមបាងកកប៉ុស្តិ៍ បក្សធំពីរនេះ មានជំនឿថា លោកអាប់ភីស៊ីតអាចទាញបានសំឡេងពីសមាជិកព្រឹទ្ធសភា ដែលឯករាជ្យមកគាំទ្របេក្ខភាពរបស់លោកហេតុថាលោកអាប់ភីស៊ីត ជាបញ្ញាវ័ន្តនិយមកណ្ដាល និងមាននិន្នាការខ្លាំងទៅខាងព្រះបរមរាជវាំងគឺអាចធ្វើស្ថាប័នរាជ្យបល្ល័ងគាំទ្រ។ណាមួយទៀត លោកអាប់ភីស៊ីតជាអ្នកនយោបាយនិយមលោកខាងលិចទៀតផងហើយម្យ៉ាងទៀត លោកធ្លាប់ជានាយករដ្ឋបណ្ដោះអាសន្នផងដែរ។ ជាការគត់សម្គាល់ លោកអាប់ភីស៊ីតបានប្រកាន់ជំហរថា លោកមិនត្រូវអោយលោកប្រាយុទ្ធនិងឧត្តមសេនីយ៍ណាធ្វើនាយករដ្ឋមន្ត្រីទៀតឡើយ។ លោកក៏ធ្លាប់ជាមួយមេដឹកនាំភឿថៃផងដែរមុនការបោះឆ្នោតចូលមកដល់។
ក្រុមសម្ព័ន្ធភាពអាចរាំងខ្ទប់សេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលថ្មី របស់ពួកយោធា
ជាការពិតបើយោងតាម ការផ្ទៀងផ្ទាត់ អាសនៈសមាជិកសភា របស់ក្រុមសម្ព័ន្ធភាពថ្មី នៃរណសិរ្ស ប្រជាធិបតេយ្យដែលផ្ដូចផ្ដើមដោយគណបក្សភឿថៃគឺក្រុមនេះ មានសំឡេងរឹងមាំជាខ្លាំងនៅក្នុងរដ្ឋសភា គឺដល់ទៅជាង៣៦០ ក្នុងចំណោម៥០០ អាសនៈ ។មានន័យថា លើសពី៥០បូក១ ដែលអាចរាំងខ្ទប់ផែនការណាមួយឬសេចក្ដីព្រាងច្បាប់ណាមួយរបស់ គណបក្សបល្ល័ង្កប្រាចារ៉ាត់។ ឥទ្ធពលរបស់ក្រុមនេះ អាចនឹងទាញទម្លាក់ គណៈរដ្ឋមន្ត្រីរបស់បក្សបល្ល័ង្កប្រាចារ៉ាត់ទៀងផង។ មិនតែប៉ុណ្ណោះរដ្ឋសភាថៃនៅអាណត្តិថ្មីនេះ ជាស្ថាប័ន្ធពង្រឹងប្រជាធិបតេយ្យមានប្រសិទ្ធិភាពហើយអាច ធ្វើអោយពួកយោធា មិនអាចធ្វើអ្វីបានដូចចិត្តឡើយ។ នេះជាតុល្យភាពរវាងរដ្ឋសភា ជាមួយនឹងស្ថាប័នព្រឹទ្ធសភាដែលសមាជិកភាគច្រើនរបស់ពួកយោធា។តែយ៉ាងណា ស្ថាប័នពីរនេះ ងាយនឹងបែកបាក់គ្នា។
បើមិនអាចបង្កើតរដ្ឋាភិបាលថ្មីបានគឺអាចធ្វើការបោះឆ្នោតឡើងវិញ
ជារួមទៅ ដំណើរឆ្ពោះទៅរករដ្ឋាភិបាលសំឡេងភាគច្រើន គឺទំនងមិនអាចធ្វើបានទេបើមិនអាចរកសំឡេងដាច់ខាតបានមកពីសភាទាំងពីរថ្នាក់។ មានន៏យថាទាំងក្រុម សម្ព័នភាពថ្មី និងក្រុមបក្សបល្ល័ង្កប្រាចារ៉ាត់ បើមិនអាចទាញសំឡេងបានពីក្រុមសមាជិកព្រឹទ្ធសភា ដែលឯករាជ្យនោះ។ បើដូចនេះរដ្ឋាភិបាលកើតក្រោយរដ្ឋប្រហារឆ្នាំ២០១៤ដឹកនាំដោយឧត្តមសេនីយ៍នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា នឹងនៅបន្តនិរន្តភាពរបស់ខ្លួនទៀត ហើយអាចទាញស្ថានការណ៍នយោបាយ ធ្លាក់ក្នុងវិបត្តិម្ដងទៀត។ អ្នកសង្កេតការណ៍ គិតថា សភាអាណត្តិថ្មីនេះនឹងមិនអាចរស់បានទេ បើមិនបង្កើតរដ្ឋាភិបាលបានទាន់ពេលវេលានោះ។ ក្នុងស្ថានភាពបែបនេះហើយដែលអាចនឹងរុញសភាពការណ៍ ទៅរកការបោះឆ្នោតឡើងវិញ៕