អតីតមន្ត្រីចារកម្មនៃប្រទេសវេណេហ្សូអេឡា បានបង្ហើបអោយដឹងថាលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ អាចរត់ភៀសខ្លួនទៅនៅក្នុងរូងដី នៅក្នុងប្រទេស ប្រសិនបើត្រូវបានផ្ដួល ដោយកងទ័ពអាមេរិកឬកម្លាំងប្រជាជន។
លោក Germán Varela អតីតមន្ត្រីឆ្មាំសន្តិជាតិ ទទួលបន្ទុកផ្នែកចារកម្ម បានប្រាប់បណ្ដាញផ្សាយព័ត៌មានCNNថា លោក ម៉ាឌូរ៉ូ នឹងរត់ចូលក្នុងរូងដីនៅពេលលោកចាញ់សង្រ្គាមរបស់ប្រជាជនឬសង្រ្គាមជាមួយអាមេរិក។ លោកបានបញ្ជាក់ថារូងដីនោះ តពីវិមានប្រធានាធិបតី ហើយទៅកាន់ទីតាំងពីរកន្លែងទៀតទើបដល់កន្លែងសុវត្ថិភាពដែលបានកសាងរួចហើយ។
លោក Germán Varela បន្តថាលោកម៉ាឌូរ៉ូ សព្វថ្ងៃរស់នៅក្នុងស្ថានភាពភ័យខ្លាចជាខ្លាំង ហើយលោកក៏ពុំសូវទុកចិត្តមន្ត្រីរបស់លោកច្រើនដែរ។ លោកបន្ថែមថាពេលខ្លះមេដឹកនាំរូបមានសតិមិនល្អដែរ។
លោកម៉ាឌូរ៉ូបានឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៣ ដោយជំនួស លោកហុងហ្គោឆាវេសដែលបានស្លាប់ដោយជំងឺមហារីក។ លោកជាប្រធានគណបក្សសង្គមនិយម ដែលមាននិន្នាការស៊ីជម្រៅតែជាមួយមេដឹកនាំផ្ដាច់ការ នៅលើពិភពលោក។ លោកម៉ាឌូរ៉ូត្រូវបាន ដាក់រហស្សនាមថា ជាមេដឹកនាំផ្ដាច់ការព្រោះលោកបានកំទេចគូប្រកួតមិនអោយចូលរួមការបោះឆ្នោតប្រធានាធិបតីដោយសារដឹងថា លោកនឹងចាញ់ឆ្នោត។
នៅក្នុងការបោះឆ្នោតថ្ងៃទី២០ឧសភា ឆ្នាំ២០១៨ អ្នកចេញទៅបោះឆ្នោត មានមិនដល់៥០ភាគរយនោះទេ។ លោកជាអ្នកឈ្នះដែលបេក្ខជនបក្សប្រឆាំងរត់ភៀសខ្លួននិងខ្លះទៀតត្រូវលោកបញ្ជាអោយចាប់ខ្លួន។ ជារឿយៗ បុរសនេះ រងការធ្វើរដ្ឋប្រហារ។ កាលពីថ្ងៃទី៣០មេសា បុរសនេះ សឹងតែធ្លាក់ពីអំណាចដោយកម្លាំងប្រជាជនធ្វើបាតុកម្មទម្លាក់លោក។ ជាថ្មីម្ដងទៀត លោកកំពុងប្រឈមនឹងការទាញទម្លាក់ពីអំណាចជាខ្លាំងពីសំណាក់កងទ័ពអាមេរិក។នៅពេលលនេះ លោកម៉ាឌូរ៉ូ កាន់តែភ័យព្រួយ ដោយសារអាមេរិកប្រកាសផ្អាកជើងហោះហើរទាំងអស់របស់អាមេរិកជាមួយ ប្រទេសវេណេហ្សូអេឡា ។
អាមេរិកធ្វើដូចនេះ បន្ទាប់ពីទទួលបានព័ត៌មានថា លោកជួនកៃដូ មេដឹកនាំបក្សប្រឆាំងដែលដឹកនាំបាតុករធ្វើរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូ បានបញ្ជូនលិខិតសុំអោយសេតវិមានរបស់លោកត្រាំលើកកងទ័ពចូលរំដោះប្រជាជនពីរបបលោកម៉ាឌូរ៉ូ ជាបន្ទាន់ គឺដើម្បីកុំប្រជាជនបន្តរងគ្រោះឈឺចាប់ទៀត៕