អ្នកស្រាវជ្រាវកសិកម្មកម្ពុជាថា ការងារកសិកម្មខ្នាតតូចមានសារៈសំខាន់ណាស់ ប៉ុន្តែទន្ទឹមនឹងនេះដែរ វិស័យនេះក៏មាន មានបញ្ហាប្រឈមច្រើនផងដែរ។
យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី «ការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគាំទ្រគ្រួសារកសិករ ដែលមានដីធ្លីតូចតាច» ដែលបានធ្វើឡើងដោយក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កសិកម្ម និងប្រព័ន្ធ
ចិញ្ចឹមជីវិត ហៅកាត់សិនដរ បានឱ្យដឹងថា មានបញ្ហាប្រឈមជាច្រើនសម្រាប់កសិករ ដែលមានដីធ្លីតូចតាច ដោយសារកសិករទាំងនោះបានបោះបង់មុខរបរកសិកម្ម ទៅចាប់មុខមួយផ្សេងទៀតក្រៅពីកសិកម្ម។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគាំទ្រគ្រួសារកសិករ ដែលមានដីធ្លីតូចតាច នាថ្ងៃទី២០ ខែតុលានេះ នាយកអង្គការសិនដរ លោកសួន សេង មានប្រសាសន៍ថា ការងារកសិកម្មខ្នាតតូចមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន និងរដ្ឋាភិបាល ដែលវាជួយបង្កើនការងារ និងផលិតស្បៀង។
លោកបានប្រាប់ឱ្យដឹងទៀតថា ស្ថានភាពកសិករខ្នាតតូច មានបញ្ហាប្រឈម និងការលំបាកមួយចំនួន បើប្រៀបធៀបជាមួយកសិករប្រទេសជិតខាង។ លោកថា បញ្ហាដែលកសិករខ្នាតតូចនៅកម្ពុជាកំពុងជួបប្រទះមានដូចជា បញ្ហាទីផ្សារលក់ផលិតផល ចំណេះដឹង និងបច្ចេកវិទ្យានៅមានកម្រិតទាប ទុនតិច ការបន្ស៊ាំខ្លួនទៅនឹងអាកាសធាតុនៅមានកម្រិត តម្លៃវត្ថុធាតុដើមដូចជាតម្លៃពូជ ជី ប្រព័ន្ធស្រោចស្រព មានតម្លៃថ្លៃ មួយវិញទៀតកសិករមិនទាន់យល់ពីតម្រូវការរបស់អតិថិជន។
លោកសួន សេង បន្ថែមថា តាមរយៈលទ្ធផលនៃការស្រាវជ្រាវឃើញថា ការគាំទ្រទៅវិស័យកសិកម្មមានវិធីសាស្ត្រច្រើន លោកចង់ឱ្យអ្នកដែលអន្តរាគមន៍ទៅលើវិស័យកសិកម្ម រួមមានរដ្ឋាភិបាល សង្គមស៊ីវិល ក៏ដូចជាកសិករខ្លួនឯងផ្ទាល់ ជ្រើសយកវិធីសាស្ត្រណាមួយដែលសមស្រប ក្នុងការអភិវឌ្ឍមុខកសិកម្មរបស់ពួកគាត់។
នាយកអង្គការសិនដរ រូបនេះបានបន្តផងដែរថា ដើម្បីឲ្យកសិករខ្នាតតូច អាចចូលរួមក្នុងទីផ្សារ និងទទួលបានផលពីទីផ្សារ កសិករគួរតែចងក្រងគ្នាជាសហគមន៍ ព្រោះថា កាលណាបង្កើតជាសហគមកសិកម្ម ធ្វើឱ្យការផលិតរបស់កសិករមានលក្ខណៈប្រមូលផ្តុំ ងាយស្រួលទិញវត្ថុធាតុដើម និងលក់ផលិតផល។
ជុំវិញបញ្ហានេះដែរ លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដូចជា រដ្ឋាភិបាល គួរតែស្វែងរកទីផ្សារឱ្យកសិករ ផ្តល់ជំនាញសមត្ថភាព និងការផ្សព្វផ្សាយដល់កសិករខ្នាតតូច ត្រូវផ្តល់ធនធាន ធ្វើយ៉ាងឱ្យកសិករខ្នាតតូចអាចប្រើប្រាស់ធនធាននោះបាន ក្នុងការធ្វើកសិកម្ម រីឯវត្ថុធាតុក្នុងការផលិតកសិកម្មដូចជា ជី ទឹក ឧបករណ៍កសិកម្មជាដើម គួរតែមានតម្លៃសមស្រប ដើម្បីអាចធ្វើឱ្យកសិករទទួលបានផលចំណេញ និងបង្កើតប្រព័ន្ធធារាសាស្ត្រ។
សូមបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ ស្តីពី «ការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគាំទ្រគ្រួសារកសិករដែលមានដីធ្លីតូចតាច» បានចាប់ផ្តើមធ្វើឡើងនៅខែមករា ដល់ខែកុម្ភៈឆ្នាំ២០១៥ ដោយធ្វើការសិក្សាទៅខេត្ត៤គឺស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង និងតាកែវ៕