ភ្នំពេញ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយហើយនោះ គឺក្រុមគាំទ្រលោក កឹម សុខា បានបង្ហាញនូវចេតនាចង់ឱ្យលោក សម រង្ស៊ី ឈប់ធ្វើជាប្រធានស្ដីទីនៃគណបក្សនេះ ហើយទៅធ្វើជាព្រឹទ្ធាចារ្យនយោបាយ សម្រាប់ផ្ដល់ប្រឹក្សានយោបាយទៅវិញ ។ តែយ៉ាងណា អតីតគណៈកម្មការនាយកនៃគណបក្សនេះ រួមទាំងអ្នកវិភាគ មានប្រសាសន៍ថា អន្តរកាលនេះ អតីតគណបក្សសង្គ្រោះជាតិ មិនអាចអត់លោក សម រង្ស៊ីបានទេ។
រាយការណ៍ដោយ លោក សោម លាភ
លោក ហុង លឹម អតីតអ្នកតំណាងរាស្ត្រអូស្រ្តាលីសញ្ជាតិខ្មែរបានមានប្រសាសន៍កាលពីថ្ងៃទី ១៣ ឧសភា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ដែលជាការរំលឹកដល់លោក សម រង្ស៊ី ឱ្យឈប់ធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។លោក ថាលោកសមរង្ស៊ី គួរគោរពការសន្យាកន្លងមក។
ជាមួយគ្នានេះ លោក ហុង លឹម ដែលធ្លាប់ជួបកូនស្រីលោកកឹមសុខា គឺកញ្ញាកឹម មនោវិទ្យាកាលពីឆ្នាំទៅមិញនៅប្រទេសអូស្ត្រាលី បានទាមទារអោយលោកសមរង្ស៊ី មើលគំរូ របស់លោកអាប់ភីស៊ីត ដែលបានលាលែងពីគណបក្សប្រជាធិបតេយ្យដោយសារ បក្សលោកបានជ្រុះអាសនៈ ជាង១០០ នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី២៤មីនា ឆ្នាំ២០១៩។
តែយ៉ាងណា លោកសមរង្ស៊ី បានដឹកនាំគណបក្សសមរង្ស៊ី បានចូលរួមប្រកួត ចំនួនបីអាណត្តិដោយដំណ្ដើមអាសនៈ កើនឡើង។ តែនៅពេលលោក រួបរួមជាមួយ គណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោកកឹមសុខា ដោយបង្កើតគណបក្សសង្រ្គោះជាតិ ហើយលោកជាប្រធានគណបក្សគឺបក្សប្រឆាំងនេះ បានអាសនៈដល់ទៅ៥៥ ក្នុងចំណោម ១២៣អាសនៈដោយទាញទម្លាក់អាសនៈបក្សកាន់អំណាច ២២អាសនៈ។ តែបក្សនេះ ត្រូវបានរំលាយដោយអំណាចតុលាការកំពូលគឺរំលាយមុនការបោះឆ្នោតសភាអាណត្តិទី៦កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៨។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីខែមីនា ថ្លែងក្នុងខួបកំណើត ៧០ ឆ្នាំរបស់លោក ដោយលោកស្នើឱ្យអ្នកយោបាយទាំងអស់ព្រមទាំងលោកខ្លួនលោកផ្ទាល់ ត្រូវចូលនិវត្តន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនដឹកនាំប្រទេសវិញម្ដង។
គេសង្កេតឃើញថា ខាងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកម្ពុជារំលាយនោះ មិនថាក្រុមលោក សម រង្ស៊ី និងក្រុមលោក កឹម សុខា គឺបង្ហាញនូវចេតនាផ្ដល់ឱកាសដល់យុវជនក្នុងការធ្វើនយោបាយដឹកនាំប្រទេស ។ ពួកគេថា យុវជនកម្ពុជាបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំកម្ពុជា ។
ការណ៍នេះផ្ទុយពីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលសម្ដេចតែងតែអះអាងថា មនុស្សចាស់ ទើបមានបទពិសោធន៍ និងយុទ្ធសាស្ត្រច្រើនក្នុងការដឹកនាំប្រទេស ។ យ៉ាងណា សម្ដេចនៅតែរក្សាមនុស្សចាស់ដែលជាមន្ត្រីរបស់ខ្លួន ដែលនាយករដ្ឋមន្ត្រីថា ព្រោះតែពួកគាត់ទើបគណបក្សប្រជាជនកម្ពុជាអាចកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះ ដែលមានរយៈពេលជិតបួនទសវត្សហើយនោះ ។
ពាក់ព័ន្ធទៅនឹងករណីដែលលោក សម រង្ស៊ី នៅតែបន្តធ្វើសកម្មភាពនយោបាយក្នុងនាមជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយនោះ ខាងអ្នកនិយមលោក កឹម សុខា តែងតែបញ្ចេញវោហាសាស្ត្រថា មានលោកសម រង្ស៊ី គឺនឹងគ្មានការដោះស្រាយបញ្ហានយោបាយនោះទេ ។ ពួកគេថា ព្រោះលោក សម រង្ស៊ី ជាមនុស្សហឹង្សា មិនមែនដូចលោក កឹម សុខា ដែលកំពុងស្នាក់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាមនុស្សអហឹង្សានិយម និងជាមនុស្សរក្សាបាននូវការស្ងៀមស្ងាត់ខ្ពស់ ។
យ៉ាងណា លោក រ៉ុង ឈុន អតីតគណៈកម្មការនាយករបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ១៦ ឧសភានេះថា ក្នុងអន្តរកាលនេះគេមិនត្រូវទាមទារឱ្យលោក សម រង្ស៊ី ឬអ្នកផ្សេងទៀត ចុះចេញពីដំណែងនោះទេ តែជាអន្តរកាលដែលត្រូវរួបរួមគ្នាដើម្បីប្រយោជន៍ជនរួមជាតិ ។
លោករ៉ុង ឈុនថា គេមិនអាចយកលោក សម រង្ស៊ី ទៅប្រៀបធៀបជាមួយលោក អាប់ភីស៊ីត អតីតនាយករដ្ឋមន្ត្រីថៃនោះទេ ព្រោះលទ្ធផលនៃសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី មិនដែលធ្លាក់ចុះទេ ព្រោះបក្សដែលលោកសមរង្ស៊ីដឹកនាំគឺអាសន្នៈរដ្ឋសភាមានការកើនឡើងរហូត ។ លោកបន្ថែមថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយនោះ បានចូលរួមប្រកួតប្រជែងកាលពីព្រឹត្តិការណ៍បោះឆ្នោតសភាកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ គណបក្សនេះអាចនឹងឈ្នះឆ្នោត ហើយដឹកនាំរដ្ឋាភិបាលក៏ថាបាន ។
លោក បណ្ឌិតមាស នី អ្នកវិភាគនយោបាយក្នុងសង្គមកម្ពុជា មានប្រសាសន៍ថា វប្បធម៌នយោបាយនៅបស្ចឹមប្រទេស ប្រសិនបើអ្នកនយោបាយបក្សណាមួយប្រកួតប្រជែងក្នុងការបោះឆ្នោតរយៈពេលមួយ ឬពីរអាណត្តិ ហើយមិនទទួលបានជោគជ័យ បុគ្គលនោះនឹងដើរចេញ ហើយឱ្យអ្នកផ្សេងជំនួសដំណែង ។
តែយ៉ាងណា លោកបណ្ឌិតថា ក្នុងបរិបទកម្ពុជាសព្វថ្ងៃមិនអាចធ្វើបែបនេះបានទេ ហើយថាបើគ្មានលោកសម រង្ស៊ី គណបក្សសង្គ្រោះជាតិ និងមានផលវិបាក និងឧបសគ្គច្រើន ។
លោក សម រង្ស៊ី បានលាចេញពីដំណែងជាប្រធានគណបក្សសង្រ្គោះជាតិចៀសវាងការរំលាយគណបក្ស ក្រោយសភាអនុម័តច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមិនត្រូវឱ្យប្រធានបក្សណាមួយមានទោសឡើយ ។
កាលពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ ២០១៧ គណបក្សសង្រ្គោះជាតិ ទទួលបានដំណែងរហូតជាង ៥០០០អាសន្នៈ ។តែគណបក្សប្រឆាំងធំនេះ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ចិការឆ្នាំ ២០១៧ មុនការបោះឆ្នោតសភានីតិកាលទី ៦ ក្រោមហេតុផលសំអាងថា លោក កឹម សុខា ប្រធាននៃគណបក្សនេះឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។
មកដល់ពេលនេះ លោក កឹម សុខារស់នៅក្នុងជីវិតដែលពុំមានសេរីភាពក្នុងការដើរហើរ ក្នុងការជួបជុំមនុស្សមួយចំនួនអស់រយៈពេលជិត ២ ឆ្នាំហើយ ។
លោក សម រង្ស៊ី ត្រូវបានជ្រើសតាំងឱ្យធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេលដែលលោក កឹម សុខា មិនទាន់មានសេរីភាពដើរហើរ ជួបជុំ និងសេរីភាពធ្វើនយោបាយ ។ លោកសម រង្ស៊ី ប្ដេជ្ញាថា នឹងធ្វើសកម្មភាពដើម្បីបង្រួបបង្រួមគណបក្ស និងចុះចេញពីដំណែងនេះពេលដែលលោក កឹម សុខា មានសេរីភាពឡើងវិញ។ បន្ថែមលើនេះទៀត លោកសន្យាថានឹងវិលចូលកម្ពុជា នៅឆ្នាំ២០១៩នេះដើម្បីមកធ្វើសកម្មភាពផ្ទាល់ជាមួយអ្នកគាំទ្រលោកនិងអតីតគណបក្សសង្រ្គោះជាតិ៕
អត្តបទដោយ៖ សោម លាភ