នៅថ្ងៃអង្គារទី១៤ ឧសភា ទីភ្នាក់ងារសារព័ត៌មានអន្ដរជាតិ អ៊ីរ៉ង់ Tasnim បានឱ្យដឹងថា មេដឹកនាំមួយរូបនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបដិសេធការចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកលើបញ្ហាតានតឹងចុងក្រោយរវាងប្រទេសទាងពីរ ដែលអាមេរិកចង់ទាមទារឱ្យអ៊ីរ៉ង់កាត់បន្ថយការផលិតមីស៊ីល និង លុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរដែលក្រុងតេអេរ៉ង់អះអាងថាជាអាវុធការពារសន្ដិភាព។ អ៊ីរ៉ង់នៅតែប្រកាន់ជំហរថា នេះ ជាកម្មវិធីយុទ្ធសាស្រ្ដតំបន់របស់ខ្លួន។ ក្នុងថ្ងៃដដែលនោះ ពីសេតវិមាន លោកដូណាល់ត្រាំបានថ្លែងឱ្យដឹងថាសហរដ្ឋអាមេរិក ត្រៀមនូវកម្លាំងទ័ពដ៏មហិមា ទៅប្រឈមនឹងអ៊ីរ៉ងនៅមជ្ឈឹមបូព៌ា ខណៈដែលឥលូវនេះនៅឈូងសមុទ្រពែក្ស អាមេរិកបានបញ្ចូនយោធាទៅតាំងមូលដ្ឋានសរុបជាង៦០០០នាក់ និងយន្ដហោះចម្បាំងរាប់សិបគ្រឿងទៅហើយ។
ជាមួយគ្នានេះដែរ នៅមជ្ឈឹមបូព៌ា ព័ត៌មាន អាមេរិកកាំង Independence News បានរាយការណ៍ស្ថានភាពកាន់តែវិវត្តទៅរកសង្គ្រាមហើយ បន្ទាប់ពីពួកឧទ្ទាមយេមែនដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ត្រូវបានគេរកឃើញថា បានវាយប្រហារបំពង់នាំប្រេងរបស់ធុរកិច្ចប្រទេសអារ៉ាប់ប៊ីសាអូឌីត និង បានប៉ុនប៉ងវាយទៅលើនាវាដឹកប្រេង តែព័ត៌មានចុងក្រោយបានឱ្យដឹងថា កប៉ាល់ដឹកប្រេងចំនួនបួនរបស់អារ៉ាប់ប៊ីសាអូឌីតដែលជាប្រទេសនាំប្រេងលំដាប់កំពូលទៅឱ្យអាមេរិក ត្រូវបានបំផ្លាញ នៅលើឈូងសមុទ្រពែក្ស។
ជាដដែលហើយដដែលទៀត លោកម៉ៃ ប៉ុមពីអូ រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកក្រោយពីចាកចេញពីកិច្ចប្រជុំនឹងរដ្ឋមន្រ្ដីការបរទេសរុស្ស៊ីលោក Sergei Lavrov ម្សិលមិញនេះ លោកនៅតែបន្ដអះអាងថា បើសិនណាផលប្រយោជន៍អាមេរិកត្រូវបានវាយប្រហារយើងឆ្លើយតបបែបសមរម្យ និងច្បាស់លាស់បំផុតទៅកាន់ ប្រជាជាតិអ៊ីរ៉ង់។
បែបនេះក៏ដោយចុះ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani តាំងពីដំបូងឡើយក៏ដូចជាពេលនេះក៏នៅតែលើកឡើងថា គាត់នឹងមិនឱនក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកទេ ថែមទាំងព្រមានប្រកបដោយមោទកភាពថា អ៊ីរ៉ងអស្ចារ្យពេកទើបត្រូវទទួលរងការបំភិតបំភ័យពីសំណាក់គេឯង បែបនេះលោកដាក់ជំនឿថា ព្រះនឹងនាំអ៊ីរ៉ង់ឆ្លងកាត់នូវស្ថានភាពព្យុះភ្លៀងនេះហើយនាំមកនូវភាពត្រចះត្រចង់ឧត្តមឧត្តុង្គមិនខាន ថែមទាំងអាចបំបាក់សត្រូវបានទៀតផង។
ជម្លោះតានតឹងសឹងតែរ៉ាំរ៉ៃរវាងទីក្រុងវ៉េស៊ីនតោននិង ទីក្រុងតេអេរ៉ងបានត្រឡប់មកវិញតាំងពីសប្ដាហ៍មុនពោលនៅពេលអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថាកំពុងត្រៀមវាយប្រហារផលប្រយោជន៍អាមេរិកនៅមជ្ឈឹមបូព៌ានិងបាននិយាយថាខ្លួនកំពុងបញ្ជូនយន្តហោះដឹកជញ្ជូននិងក្រុមការងាររបស់យន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់នេះ។
ទាក់ទិនទៅនឹងសព្វាវុធទំនើបៗតាំងបញ្ឈរនៅមូលដ្ឋានសមុទ្រអន្ដរជាតិ ព័ត៌មានពី National Interest បានឱ្យដឹងនៅថ្ងៃនេះថា អាមេរិកនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក F-22 និង B-52 លើទឹកដីអ៊ីស្រាអែល។ អ៊ីស្រាអែលខ្លួនឯងផ្ទាល់ក៏បានត្រៀមរួចរាល់ជាមួយនឹងតបតប្រឆាំងតប បើស្ថានភាពសង្គ្រាមមកដល់។
ឱ្យដឹងថា ទន្ទឹមនឹង អាមេរិកត្រៀមបញ្ចូនទ័ព១២ម៉ឺននាក់នេះ គេត្រូវដឹងថា អ៊ីរ៉ង់មានយោធាសរុប ៩៣ម៉ឹន៤ពាន់នាក់ ទាហានសកម្ម ៤២០០០០ ទាហានជើងគោក ៣៥០០០០នាក់ ទ័ពអាកាស ៣៧០០០ ទ័ពជើងទឹក ១៨០០០នាក់ ជាមួយនឹងយន្ដហោះចម្បាំងប្រមាណ ៥៧៥គ្រឿង មានរថក្រោះ ១៦៥០ កាំភ្លើងធំជាង២០០០ដើម។
គួរកត់សម្គាល់ថា ខណៈអាមេរិកកំពុងត្រៀមលុកលុយរបបម៉ាឌូរ៉ូនៅវេណេហ្សូអេឡា ស្រាប់តែអ៊ីរ៉ង់គម្រាមអាមេរិកថានៅបន្ដចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីផលិតអាវុធនុយក្លេអ៊ែរទោះបីជាមានកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរក៏ដោយ តែកិច្ចព្រមព្រៀងនេះអាមេរិកបានដើរចេញក្នុងឆ្នាំ២០១៧ព្រោះមិនអាចទទួលយកបានការណ៍ដែលអ៊ីរ៉ង់នៅបន្ដលួចលាក់បំពានលើកិច្ចព្រមព្រៀងអ៊ីរ៉ង់ និង P5 លើកម្មវិធីអាវុធនុយក្លេអ៊ែរ៕