អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(Centrist Democrats International (IDC-CDI)) ស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)» ខណៈដែលប្រជាជនកម្ពុជាក្រីក្រត្រូវការផលប្រយោជន៍ពី EBA នេះ។ នេះបើយោងតាមសេចក្ដីបកប្រែក្រៅផ្លូវការនៃសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(CDI)ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដែលក្រសួងពាណិជ្ជកម្មបង្ហោះកាលពីថ្ងៃទី១៣ ឧសភាឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDI ឱ្យដឹងថា កម្មករ-កម្មារិនីប្រមាណ ១ លាននាក់កំពុងទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដោយមិនមានពន្ធ និងមិនមានកូតា។
អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ CDI បានលើកឡើងនូវហេតុផលមួយចំនួនដែលថា ពួកគេបានពេញចិត្តខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញាចំនួន ១៥ ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោក ទាក់ទងនឹងការពង្រីកការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច សិទ្ធការងារ និងទំហំសេរីភាពនៅកម្ពុជា។
CDI កត់សម្គាល់ទៀតថា មានការកើនឡើងនូវគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជា ដែលនេះសរបញ្ជាក់ពីតម្លៃប្រជាធិបតេយ្យមានភាពរីកចម្រើន។ CDI កត់សម្គាល់ឃើញថា EBA បានរួមវិភាគទានជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ផ្អែកលើហេតុផលខាងលើ CDI ស្នើសុំឲ្យសហភាពអឺរ៉ុប ទទួលយកនូវហេតុផលខាងលើ សម្រាប់ការសម្រេចចិត្តដក EBA ពីកម្ពុជា។ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ CDI ប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមានភាពរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈការអនុគ្រោះ និងគាំទ្ររបស់សហគមន៍អន្តរជាតិ។
កាលពីថ្ងៃទី៨ ខែឧសភា លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាជិតផុតអណត្តិ បានគូសបញ្ជាក់ក្នុងកម្មវិធីមួយនៅវិទ្យុស្រ្តី ដោយលោកដាក់ក្តីរំពឹងយ៉ាងមុតមាំថា EBA នឹងមិនត្រូវបានដកចេញពីប្រទេសកម្ពុជានោះទេ ក្នុងគ្រាដែលរដ្ឋាភិបាលកម្ពុជាគម្បីពិចារណាឡើងវិញនូវលក្ខខណ្ឌមួយចំនួនដែលសហភាពអឺរ៉ុបបានដាក់ឱ្យកម្ពុជាគោរពតាម។
លោកថា ប្រទេសដែលបានទទួល EBA គឺត្រូវមានកាតព្វកិច្ចគោរពនូវគោលការណ៍មួយចំនួនដែលបានព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិ និងអង្គការ ILO លើបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ លំហរប្រជាធិបតេយ្យជាដើម។
សូមរំលឹកថា នីតិវិធីដកកម្មវិធីអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) ពីកម្ពុជាកំពុងដំណើរការទៅមុខ បន្ទាប់ពីសហភាពអឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាកាលពីខែតុលា។ យ៉ាងណាប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់កម្ពុជាធ្លាប់បានអះអាងថា កម្ពុជានៅមានពេលដើម្បីស្តារស្ថានការណ៍របស់ខ្លួនឡើងវិញបើបាត់បង់ EBA។
ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ខាងឥណទាន Moody’s បានរកឃើញថា ការបាត់បង់ EBA នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានលើផ្នែកឥណទានរបស់កម្ពុជា។ ភ្នាក់ងារបានឲ្យដឹងថា ការកើនឡើងនៃថ្លៃចំណាយដែលបណ្តាលមកពីការជាប់ពន្ធនេះ នឹងធ្វើឲ្យខូចខាតដល់លទ្ធភាពនៃការប្រកួតប្រជែងការនាំចេញរបស់កម្ពុជា លុះត្រាតែផលិតភាពកម្ពុជាមានលក្ខណៈប្រសើរ ដើម្បីទូទាត់នឹងការចំណាយដែលកើនឡើងថ្មីបន្ថែមទៀតនោះ៕