យ៉ាងតិចណាស់ អ្នកតំណាងរាស្ត្រ ម្នាក់ជាអនុប្រធានរដ្ឋសភា ត្រូវបានចាប់ខ្លួន និង៧រូបទៀត ដកអភ័យដកសិទ្ធិជាសមាជិក សភានៃរដ្ឋសភាវេណេហ្សូអេឡា ហើយសកម្មជន២៣៣នាក់ត្រូវចាប់ខ្លួនក្រោមបទចោទ ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ មិនបានសម្រេចកាលពីថ្ងៃទី ៣០ មេសា។
ក្នុងបទសម្ភាសជាមួយ បណ្ដាញផ្សាយព័ត៌មានអន្តរជាតិ ដូចជា RT និង CNN លោក ជួន កៃដូ ប្រធានរដ្ឋសភាមកពីបក្សប្រឆាំង ដែលជាមេដឹកនាំការផ្ដួលរំលំរបបលោកម៉ាឌូរ៉ូ បាននិយាយថា លោកម៉ាឌូរ៉ូ មិនគួរចាប់ខ្លួន អ្នកជំនិតរបស់របស់លោក និងសកម្មជនគាំទ្រលោកនោះទេ។ លោកថាលោក ម៉ាឌូរ៉ូ គួរចាប់ខ្លួនលោកមុនសិនព្រោះលោកជាអ្នកដឹកនាំចលនាផ្ដួលរំលំរបបរបស់ជនផ្ដាច់ការរូបនេះ។ លោកអះអាងថា លោកនៅតែជាមនុស្សមានសេរីភាពគ្រប់គ្រាន់ ក្នុងការប្រឆាំងរដ្ឋាភិបាល ។ លោកអះអាងបន្តថាការពិត លោកម៉ាឌូរ៉ូ ភ័យខ្លាចពីការងើបបះបោររបស់ពលរដ្ឋកាន់តែខ្លាំងទើបមិនហ៊ានចាប់ខ្លួនលោក។
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CNN អនុប្រធានរដ្ឋសភា ដែលជាជំនួយការរបស់លោកជួនកៃដូគឺលោក Edgar Zambrano ត្រូវបានប៉ូលិសសម្ងាត់ឡោមព័ន្ធរថយន្តរបស់លោកហើយចាប់ខ្លួនខណៈលោកកំពុងបើកបរតាមដងផ្លូវ។
លោកជួនកៃដូបានហៅការចាប់ខ្លួនសហការីរបស់លោកថាជាការចាប់ពង្រត់មនុស្ស។ ចំពោះលោកជួនកៃដូ ការចាប់ខ្លួនអ្នកគាំទ្របក្សប្រឆាំងដ៏ច្រើននេះគឺរឹតតែបញ្ជាក់ថា របបលោកម៉ាឌូរ៉ូកាន់តែឃោរឃៅនិងរឹតតែធ្វើអោយពលរដ្ឋស្អប់ខ្ពើមរបបរបស់លោកម៉ាឌូរ៉ូកាន់តែខ្លាំង។ លោកបានប្រាប់ CNN ថា ជំរើសចុងក្រោយគឺលោកត្រូវស្នើអោយនាំទ័ពបរទេសមកបញ្ចប់របបលោក ម៉ាឌូរ៉ូក្នុងនោះមានទាំងទ័ពអាមេរិកផងដែរ។ លោកអះអាងថាលោកជាប្រធានរដ្ឋសភា មានសិទ្ធិស្នើដូចនេះ។តែយ៉ាងណា លោកថាទ័ពរបស់ប្រជាជនវេណេហ្សូអេឡាក៏អាចនឹងចូលរួមដើម្បី ផ្ដួលរំលំលោកម៉ាឌូរ៉ូផងដែរ។
តាមប្រភពដដែលនេះ លោក ជួន កៃដូ បានទាក់ទងទៅរដ្ឋការរបស់លោកដូណាល់ត្រាំរួចហើយដើម្បីសុំអន្តរាគមន៍ពីលោកត្រាំនាំទ័ពមកកាន់រដ្ឋធានីការាកាសដើ់ម្បីបញ្ចប់របបលោកម៉ាឌរ៉ូ។
ជាមួយគ្នានេះ ប្រភពរបស់ទីភ្នាក់ងារសារព័ត៌មានReuters បានចុះផ្សាយថា លោកម៉ាឌូរ៉ូបាន បណ្ដេញនាយទាហ៊ាននិងឧត្តមសេនីយ៍ជាច្រើននាក់ដែលជាប់ពាក់ព័ន្ធការបះបោរប្រឆាំងនឹងលោកកាលពីថ្ងៃទី៣០មេសា។ ស្របពេលនេះ លោកម៉ាឌូរ៉ូប្រកាសត្រៀមធ្វើសង្រ្គាមវាយប្រទេសកូលំប៊ី ដែលបានផ្ដល់សិទ្ធិជ្រកកោនដល់ឧត្តមសេនីយ៍របស់លោក បានរត់ទៅប្រទេសនេះ។ តាមអ្នកជំនាញផ្នែកយោធាអាមេរិក គឺអាមេរិកនឹងប្រើប្រាស់ទ័ព ១០ ម៉ឺននាក់ ដើម្បីលុកលុយ បញ្ចប់របបលោកម៉ាឌូរ៉ូ។
ប្រទេសកូឡំប៊ី មិនត្រឹមតែជាទីជំរករបស់ប្រជាជនវេណេហ្សូអេឡាប៉ុណ្ណោះទេ តែក៏ជាជំរករបស់កងទ័ពអត្តឃាតអាមេរិកដើម្បីចូលចាប់ខ្លួនលោកម៉ាឌូរ៉ូផងដែរនៅពេលសង្រ្គាមអាមេរិក-វេណេហ្សូអេឡាផ្ទុះឡើង៕