ភ្នំពេញ៖ អ្នកស្រី ទឿម នីម ងើបពីដេកពាក់កណ្តាលអាទ្រាធធ្វើនំអាកោត្នោតដែលស្រុកបាត់ដំបងល្បីថាមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត។
រោយដូងពីលើនំព័ណ៌លឿងទំខ្ចប់ស្លឹកចេករីកឡើងប្រេះភាយក្លិនឈ្ងុយខ្ទិះដូងកាត់ច្រមុះភាយៗនេះជានំអាកោត្នោតរបស់ អ្នកស្រី ទឿម នីម ដែលអ្នកស្រុកមោងឫស្សី ខេត្តបាត់ដំបងល្បីតៗគ្នាថា មានរសជាតិឈ្ងុយឆ្ងាញ់គាប់មាត់ បើចង់ទិញត្រូវងើបតាំងពីម៉ោង ៣ ម៉ោង ៤ ទាបភ្លឺ ទើបអាចបានបរិភោគ។
អ្នកស្រី ទឿម នីម មានវ័យ ៤១ ឆ្នាំ រស់នៅភូមិតាកុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រកបរបរធ្វើនំអាកោត្នោត តពីជីដូនរបស់គាត់។ របរធ្វើនំនេះគ្រាន់តែជាមុខរបរបន្ថែម ក្រៅពីទំនេរពីការធ្វើស្រែចំការប៉ុណ្ណោះ។
អ្នកស្រី នីម រៀបរាប់ថា អ្នកស្រី ភ្ញាក់ពីដេកនៅម៉ោង ១២ យប់ជារាងរាល់ថ្ងៃ ដើម្បីធ្វើនំអាកោត្នោត រហូតដល់ម៉ោង ៣ ទាបភ្លឺ ត្រូវយកនំទៅលក់នៅឯផ្សារមោង ខេត្តបាត់ដំបង។
ក្នុងមួយថ្ងៃ អ្នកស្រី ធ្វើនំអាកោត្នោតអស់អង្ករចំនួន ៥០ កំប៉ុង លាយជាមួយត្នោតទុំចំនួន ១៤ ទៅ ១៥ ផ្លែធំៗ និងដូងទុំយ៉ាងតិចចំនួន ៤ ផ្លែ។ អង្ករ ៥០ កំប៉ុងធ្វើនំអាកោត្នោត បានយ៉ាងតិច ៣២៥ នំ។ អ្នកស្រីអាចរកប្រាក់ចំណូល ១៥ ម៉ឺនរៀលក្នុងថ្ងៃពីរបរនេះ៕