en     km
en     km

​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ស្រូវ​កម្ពុជា​បាន​ថ្លៃ​

Share

F-_Photo-Bank_151020_151020-Ratana-Trans-cover
​ដោយសារ​កត្តា​អាកាសធាតុ​ និង​ការ​ប្រែប្រួល​ធម្មជាតិ​ ធ្វើ​ឲ្យ​ការ​ផលិត​ស្បៀង​សម្រាប់​ឆ្នាំ​២០១៥​ នេះ​បាន​ធ្លាក់​ចុះ​ ក្នុង​នោះ​ប្រទេស​ថៃ​ ដែល​ជួប​គ្រោះ​រាំង​ស្ងួត​នៅ​ដើមរដូវ​វស្សា​ និង​ភូមា​ ដែល​ជួប​គ្រោះ​ទឹកជំនន់​ បាន​ប្រកាស​កាត់​បន្ថយ​ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​ កត្តា​នេះ​ អ្នកជំនាញ​ខាង​កសិកម្ម​កម្ពុជា​ថា​ តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នឹង​ប្រសើរ​ឡើង​។​ ប៉ុន្តែ​ក្នុង​រដូវ​ច្រូតកាត់​ដែល​ទើបតែ​ចូល​មក​ដល់​ជា​បណ្ដើរៗ​នេះ​ កសិករ​មួយ​ចំនួន​រអ៊ូរទាំ​ថា​ តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ទាប​ ដែល​មិន​អាច​ឲ្យ​ពួក​គាត់​ទូទាត់​រួច​លើ​ការ​ចំណាយ​ក្នុង​ការ​ផលិត​។​
​តើ​ធ្វើ​យ៉ាងណា​ ដើម្បី​ឲ្យ​កសិករ​អាច​លក់​ស្រូវ​បាន​ក្នុង​តម្លៃ​ខ្ពស់​?​

​អង្គការ​កសិកម្ម​ និង​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ (FAO)​ ឲ្យ​ដឹង​ថា​ ទិន្នផល​អង្ករ​នៅ​ឆ្នាំ​២០១៥​នេះ​ នឹង​ធ្លាក់​ចុះ​ទាប​ជាង​ទិន្នផល​ឆ្នាំ​២០១៤​ កន្លង​ទៅ​ ប្រមាណ​២​លាន​៦​សែន​តោន​ ឬ​ស្មើនឹង​សូន្យ​ក្បៀស​៤​ភាគរយ​។​

​យោង​តាម​ការ​ផ្សាយ​របស់​អង្គការ​ FAO​ នៅ​ខែតុលា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ផលិតផល​អង្ករ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជា​ពិសេស​គឺ​បាតុភូត​ធម្មជាតិ​អ៊ែ​ល​ នី​ណូ​ (El​ Nino)​។​

​ផ្អែក​លើ​ព័ត៌មាន​ខាងលើ​នេះ​ អ្នកជំនាញ​ខាង​កសិកម្ម​កម្ពុជា​ និង​ជា​ប្រធាន​អង្គការ​សេ​ដាក​ លោក​យ៉ង​ សាំង​កុមារ​ យល់​ថា​ កត្តា​នេះ​អាច​នាំ​ឲ្យ​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ឡើង​។​

ប៉ុន្តែ​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា​ កសិករ​នៅ​ខេត្តតាកែវ​អាច​លក់​ស្រូវ​ដែល​ពួក​គាត់​ទើបតែ​ច្រូត​ថ្មីៗ​ បាន​ក្នុង​តម្លៃ​ត្រឹមតែ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ កសិករ​ទាំងនោះ​រអ៊ូរទាំ​ថា​ តម្លៃ​នេះ​មិន​អាច​ឲ្យ​ពួក​គាត់​ទូទាត់​នឹង​ថ្លៃ​ចំណាយ​លើ​ការ​ផលិត​បាន​ទេ​ ។​ ការ​ចំណាយ​លើ​ការ​ផលិត​ស្រូវ​ មាន​ដូច​ជា​ ថ្លៃ​ភ្ជួរ​រាស់​ ច្រូតកាត់​ ថ្លៃ​ដាក់​ជី​ ថ្លៃ​ពលកម្ម​ក្នុង​ការ​ថែរក្សា​ និង​ថ្លៃ​ប្រេង​បូមទឹក​ដាក់​ស្រែ​ជាដើម​។​

​លោក​យ៉ង​ សាំង​កុមារ​ មាន​ប្រសាសន៍​ថា​ ដើម្បី​ឲ្យ​លក់​ស្រូវ​បាន​ថ្លៃ​ ទី​១​ កសិករ​ត្រូវ​ជ្រើសរើស​ពូជ​តាម​តម្រូវការ​ទីផ្សារ​ និង​ទី​២​ កសិករ​ត្រូវ​ចៀសវាង​ការ​លក់​ស្រូវ​ភ្លាមៗ​នៅ​នឹង​ស្រែ​ ដើម្បី​ចៀសវាង​ឈ្មួញ​បន្ទាប​តម្លៃ​ស្រូវ។​ លោក​មាន​ប្រសាសន៍​ថា​៖​ «​កសិករ​យើង​ច្រើន​មាន​បញ្ហា​គាត់​ខ្វះខាត​លុយ​ ខ្វះខាត​ទុន​អី​ គាត់​ចង់បាន​លុយ​ភ្លាម​ ដើម្បី​បង្វិល​សង​គេ​ផ្សេងៗ​ ដោះស្រាយ​ជីវភាព​អ៊ីចឹង​ ល្មមៗ​គាត់​លក់​ហើយ​ ហើយ​ដល់​ពេល​អ្នក​ដែល​គេ​ទិញ​ហ្នឹង​ គេ​ច្រើន​តែ​ចុះ​ទៅ​ទិញ​ដល់​ស្រែ​ ដល់​កន្លែង​ ជួនកាល​គេ​ទិញ​ទាំង​សើម​អី​ទៀត​ណា៎​។​ អ៊ីចឹង​ តម្លៃ​ហ្នឹង​គេ​ច្រើន​បន្ទាប​ គេ​ឲ្យ​យើង​ទាប​»​។​

​ក្នុង​ការ​ចៀសវាង​ការ​បន្ថោក​តម្លៃ​ស្រូវ​ពី​សំណាក់​ឈ្មួញ​នេះ​ផង​ដែរ​ លោក​យ៉ង​ សាំង​កុមារ​ បន្ថែម​ថា​ កសិករ​ត្រូវ​ចងក្រង​គ្នា​ជា​សហគមន៍​ ហើយ​បង្កើត​កន្លែង​ស​ម្ងួ​ត​ស្រូវ​ និង​ឃ្លាំង​ស្រូវ​ ដើម្បី​ទុក​រយៈពេល​ចរចា​តម្លៃ​ស្រូវ​ជាមួយ​ឈ្មួញ​។​ ហើយ​ចំណុច​សំខាន់​មួយទៀត​ លោក​ថា​ ត្រូវ​មាន​ប្រព័ន្ធ​មួយ​ ដែល​អាច​ឲ្យ​កសិករ​ខ្ចី​លុយ​ក្នុង​តម្លៃ​ការ​ប្រាក់​សមរម្យ​ ដើម្បី​ទប់ទល់​នឹង​ការ​ខ្វះខាត​ ដើម្បី​បញ្ចៀស​ការ​លក់​ស្រូវ​បន្ទាន់​បង្ខំ​ ដែល​ជា​កត្តា​នាំ​ឲ្យ​ឈ្មួញ​អាច​ជាន់​តម្លៃ​ស្រូវ​បាន​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​មាស​ នី​ មាន​ប្រសាសន៍​ថា​ តាម​ការ​សង្កេត​របស់​លោក​ឃើញ​ថា​ មាន​កត្តា​បី​ ដែល​នាំ​ឲ្យ​ការ​លក់​ស្រូវ​បាន​ថោក​។​ ទី​១​ លោក​ថា​ មក​ពី​តម្លៃ​ស្រូវ​ថោក​ដោយ​ខ្លួន​វា​ ទី​២​ មក​ពី​ការ​ចំណាយ​ក្នុង​ការ​ផលិត​ស្រូវ​នោះ​ខ្ពស់​ពេក​ និង​ទី​៣​ ដោយសារ​ខ្មែរ​អត់​មាន​លទ្ធភាព​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដោយ​ខ្លួនឯង​ គឺ​ពឹងផ្អែក​តែ​លើ​ការ​នាំ​ចេញ​តាម​ច្រក​ប្រទេស​ជិតខាង​។​ លោក​មាន​ប្រសាសន៍​ថា​៖​ «​ការ​ចំណាយ​ទៅ​លើ​ការ​ផលិត​ហ្នឹង​ចេះ​តែ​ខ្ពស់​ទៅៗ​ រីឯ​ផល​ស្រូវ​ហ្នឹង​ក៏​ថោក​ ហើយ​បើ​យើង​មើល​ទៀត​ ផល​ស្រូវ​ដែល​ថោក​ហ្នឹង​គឺ​ដោយសារ​តែ​ យើង​នៅ​ក្នុងស្រុក​នេះ​ ទីផ្សារ​ដែល​យើង​ពឹងផ្អែក​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​ យើង​មិនសូវ​ជា​មាន​លទ្ធភាព​ និង​សមត្ថភាព​ភ្ជាប់​ទៅ​ទីផ្សារ​អន្តរជាតិ​ខ្លួនឯង​ទេ​ យើង​ច្រើន​តែ​ពឹង​ទៅ​តាម​ប្រទេស​ជិតខាង​»​។​

​ផ្អែក​លើ​អ្នកជំនាញ​កសិកម្ម​ និង​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​ឃើញ​ថា​ ដើម្បី​ឲ្យ​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ប្រសើរ​ឡើង​ គឺ​កសិករ​ត្រូវ​ចេះ​ជ្រើសរើស​ពូជស្រូវ​តាម​តម្រូវការ​របស់​ទីផ្សារ​ ត្រូវ​មាន​យន្តការ​ផ្ដល់​ប្រាក់​កម្ចី​ការ​ប្រាក់​សមរម្យ​ ដើម្បី​ជួយ​កសិករ​កុំ​ឲ្យ​លក់​ស្រូវ​ប្រញាប់​ពេក​ ត្រូវ​កាត់​បន្ថយ​តម្លៃ​ផលិត​ និង​ត្រូវ​ជួយ​រក​ទីផ្សារ​នាំ​អង្ករ​ចេញ​ដោយ​ផ្ទាល់​ ជា​ជាង​ការ​នាំ​ចេញ​តាម​ប្រទេស​ជិតខាង​៕

Share

Image
Image
Image