ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអះអាងចំពោះតំណាងក្រុមហ៊ុន ផលិតសំលៀកបំពាក់ទាំងអស់ថា កម្ពុជាបន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
នេះជាប្រសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗ មានដូចជា ក្រុមហ៊ុន H&M, C&A, Adidas Sourcing, Next Sourcing, Vanity Fair Corporation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង តំណាងឱ្យអ្នកបញ្ជាទិញ ៣០% នៃឧស្សាហកម្មវាយភណ្ឌរបស់កម្ពុជា កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ៍ ទី៦-៧ ខែឧសភា ឆ្នាំ២០១៩នេះ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្រ និងជំហររបស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយគាំទ្រឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបថា បច្ចុប្បន្នឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់កម្ពុជា បានស្រូបយកកម្លាំងពលកម្មប្រមាណជាង ៨៥ម៉ឺននាក់ នៅក្នុងនោះចំនួនរោងចក្រសរុប មានប្រមាណ ១,៥៨៥ទីតាំង គឺបានកើនឡើង ៤,១% បើធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០១៨ មានទឹកប្រាក់ជាង ១០ប៊ីលានដុល្លារ ដែលកើនឡើងប្រមាណ ២៤,៧% បើធៀបនឹងឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា៕