ភ្នំពេញ៖ អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាយល់ថា យុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី និងមន្ត្រីអតីតបក្សសង្រ្គោះជាតិ ដែលបានបង្ហាញនូវការគាំទ្រសម្ដេច ស ខេង ប្រឆាំងនឹងសម្ដេច ហ៊ុន សែន អាចនឹងមិនមានប្រសិទ្ធភាពនោះទេតែអាចធ្វើឱ្យគណបក្សកាន់អំណាចបន្ថែមការប្រុងប្រយ័ត្នចំពោះគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ។ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ បក្សកាន់អំណាចតែងតែអះអាងថា បក្សខ្លួនមានការសាមគ្គីគ្នាយ៉ាងរឹងមាំជាធ្លុងមួយ ទើបបន្តកាន់អំណាចដូចសព្វថ្ងៃ ។
រាយការណ៍ដោយលោក សោម លាភ
នៅវិដេអូឃ្លីបកាលពីថ្ងៃចន្ទទី៦ឧសភា លោកសមរង្ស៊ីមានប្រសាសន៍ថា កាលពីលោកនៅកម្ពុជា សម្ដេច ស ខេង ប្រាប់លោកថា សម្ដេច មិនពេញចិត្តចំពោះនាយករដ្ឋមន្ត្រីកម្ពុជានោះទេ ហើយកំពុងរង់ចាំឱកាសមកដល់ដើម្បីកាត់បន្ថយឥទ្ធិពលរបស់សម្ដេច ហ៊ុន សែន ។
លោក សម រង្ស៊ីថា សម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង បច្ចុប្បន្នកំពុងតែមើលមុខគ្នាមិនចំនោះទេ ។
យ៉ាងណា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧ បានអំពាវនាវឱ្យឧបនាយករដ្ឋមន្ត្រីទី១ គឺសម្ដេច ស ខេង ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន ឱ្យបានទាន់ពេលវេលា ។
លោករំលឹកម្ដងហើយម្ដងទៀតថា បើសម្ដេច ស ខេង មិនកំចាត់ សម្ដេច ហ៊ុន សែន ទាន់ពេលទេ សម្ដេច ស ខេង អាចនឹងត្រូវបានសម្ដេច ហ៊ុន សែន កំចាត់មុន ។
លោក សម រង្ស៊ីបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចតាំងពីបោះឆ្នោតលើកទី១ នោះ ជិតដល់ដំណាក់កាលបែកបាក់គ្នាមែនទេហើយ ដែលលោកថា ជាតំណាក់កាលពាលស៊ីពាល ។
លោក សម រង្ស៊ី និងមន្ត្រីមួយចំនួនទៀតដែលកំពុងធ្វើនយោបាយ នៅក្រៅប្រទេសថា គាំទ្រសម្ដេច ស ខេង ពេញទំហឹងក្នុងការធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ។
អ្នកវិភាគនយោបាយកម្ពុជា លោក ឯម សុវណ្ណារ៉ា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ៧ ខែឧសភានេះថា ការបង្ហាញជំហបែបនេះរបស់លោក សម រង្ស៊ី គឺជាយុទ្ធសាស្ត្របំបែកបំបាក់ ដែលអ្នកនយោបាយគ្រប់បក្សទាំងអស់ មិនគួរណាប្រើប្រាស់នោះទេ ។ លោកថា យុទ្ធសាស្ត្រនេះ មិនមានប្រសិទ្ធភាពនោះទេ ។
លោក ឯម សុវណ្ណារ៉ាថា យុទ្ធសាស្ត្របែបនេះ កន្លងមកគេឃើញមានតែខាងគណបក្សកាន់អំណាចជាអ្នកប្រើប្រាស់ទៅលើគណបក្សក្រៅរដ្ឋាភិបាល តែពេលនេះគណបក្សក្រៅរដ្ឋាភិបាលប្រើវាយបកទៅបក្សកាន់អំណាចវិញ ។
តែអ្នកវិភាគរូបនេះថា ការប្រើយុទ្ធសាស្ត្របែបនេះ គ្រាន់តែអាចធ្វើឱ្យគណបក្សប្រជាជនកម្ពុជាប្រយ័ត្នប្រយ៉ែងចំពោះករណីនេះ ។
សម្ដេច ស ខេង ធ្លាប់មានប្រសាសន៍ថា សម្ដេច ពិបាកធ្វើការជាមួយលោក សម រង្ស៊ីជាខ្លាំង ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហៅលោក សម រង្ស៊ីថា ជាមនុស្សបាតដៃខ្នងដៃ និងមិនទៀងត្រង់ជាដើម ។
ឧបនាយករដ្ឋមន្ត្រីរូបនេះ បញ្ជាក់ថា ខ្លួនបានរួមការងារជាមួយសម្តេច ហ៊ុន សែន គ្រប់កាលៈទេសៈដើម្បីដោះស្រាយបញ្ហាជាតិ ដែលមាននូវការឯកភាពខ្ពស់ និងភាពកាន់តែរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ។
សម្ដេច ហ៊ុន សែន ធ្លាប់ប្រកាសខ្លាំងៗទៅមន្ត្រីថ្នាក់ក្រោម ជាពិសេសគឺសមាជិករដ្ឋាភិបាលថា មិនត្រូវបន់ឱ្យសម្ដេចស្លាប់ ឬមានគំនិតចង់ផ្ដួលរំលំសម្ដេច ព្រោះបើសម្ដេចស្លាប់ តំណែងនាយករដ្ឋមន្ត្រីនឹងនៅទំនេរ ហើយសមាជិករាជរដ្ឋាភិបាលនឹងអស់ដំណែង ។
នាយករដ្ឋមន្ត្រីតែងតែបង្ហាញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ព្រោះមានសាមគ្គីភាព ឯកភាព បើពុំនោះទេមិនអាចដឹកនាំរាជរដ្ឋាភិបាលបានមកដល់សព្វថ្ងៃនោះទេ ។
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបុគ្គលកាន់ដំណែងជានាយករដ្ឋមន្ត្រីយូរជាងគេក្នុងតំបន់ក្នុងចំណោមប្រទេសអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។ សម្ដេចដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មកដល់ឆ្នាំនេះ គឺឆ្នាំទី ៣៥ ហើយ ។
រដ្ឋធម្មនុញ្ញកម្ពុជាចែងអំពីរបបគ្រប់គ្រងកម្ពុជា ពោលគឺគោរពតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ក្នុងអាណត្តិទី ៦ នេះ សមាជិករដ្ឋសភា មានតែមនុស្សមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលទទួលបានអាសន្នៈ ពោលគឺ ១២៥ លើ ១២៥ ។ មន្ត្រីបក្សកាន់អំណាចតែងតែអះអាងថា នេះជាជ័យជំនះដ៏មហិមា ដែលបានមកពីការបោះឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង ៨៣ % ។ លទ្ធផលនេះ ត្រូវបានប្រទេសប្រជាធិបតេយ្យមួយចំនួនតូចសាទរ ខណៈប្រទេសសាទរភាគច្រើនគឺប្រទេសកុម្មុយនីស្ត ។
ដោយឡែកប្រទេសប្រជាធិបតេយ្យធំៗ និងអតីតគណបក្សប្រឆាំង មិនបានបង្ហាញជំហរថាទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី ២៩ កក្កដានោះទេ ព្រោះធ្វើឡើងដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ វិច្ឆិកា ២០១៧ ។ ប្រធានអតីតគណបក្សនេះគឺលោក កឹម សុខា កំពុងរស់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលកំណត់ដែនដីឱ្យលោកដើរ និងមិនឱ្យជួបបុគ្គលសំខាន់មួយចំនួន ។
មកដល់ពេលនេះ លោក កឹម សុខា មិនទាន់ត្រូវបានតុលាការបញ្ជាក់ថា មានពិរុទ្ធភាពនៅឡើយនោះទេ ខណៈពេលដែលលោក បាត់បង់សេរីភាពជិត ២ ឆ្នាំហើយនោះ ។
យ៉ាងណា មន្ត្រីបក្សនេះចំនួន ១១៨ រូបត្រូវបានតុលាការហាមប្រាមមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ ។ មកដល់ពេលនេះ មានមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចំនួនជិត១០ នាក់ហើយដែលទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយតាមរយៈការស្នើសុំស្ដារនីតិសម្បទានយោបាយឡើងវិញ ។
សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមទទូចឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញឱ្យខានតែបាន ។ ប៉ុន្តែជាការកត់សម្គាល់សម្ដេច សខេង កាលពីថ្មីៗនេះ បានមានប្រសាសន៍ថាកម្ពុជា ត្រូវតែជាប្រទេសមានប្រជាធិបតេយ្យ ទើបមានការសហការណ៍ល្អជាមួយសហគមន៍អន្តរជាតិ ៕
អត្តបទដោយ៖ សោម លាភ