ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥ ឲ្យសាធារណជនបានដឹង នូវលេខទូរស័ព្ទចំនួន ០៦ ខ្សែ សម្រាប់កិច្ចសហការចូលរួមពីសាធារណជន និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ប្រសិនបើឃើញជនណា ក្លែងបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ស្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗ ដែលសង្ស័យជាវត្ថុក្លែងក្លាយ។
យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ ចេញផ្សាយនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ ឱ្យដឹងថា ដោយសង្កេតឃើញថា នាពេលកន្លងមក មានអ្នកបើកបរយានយន្តមួយចំនួន បានប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យាន្តជំនិះ ស្លាកលេខយានជំនិះ លិខិតអនុញ្ញាតិផ្សេងៗជាវត្ថុក្លែងក្លាយ ព្រមទាំងបំពាក់ស្លាកលេខយានយន្តស្ទួនគ្នា ដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទើបនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការនគរបាលជាតិ ប្រកាសដល់សាធារណជន សហការផ្ដល់ព័ត៌មាន ប្រសិនបើឃើញជនណា ក្លែងបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ស្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗ ដែលសង្ស័យជាវត្ថុក្លែងក្លាយ។
សេចក្ដីជូនដំណឹងឲ្យដឹងថា លេខទូរសព្ទទាំង៦ខ្សែនោះមាន លេខ ០២៣ ៧២០ ២៥៩, ០១២ ២២១ ២១២, ០១៧ ៨៧៨ ១៦៦, ០៦៦ ៤៤៤ ៤០៨, ០៨៩ ៧៥៦ ០០៦, ០៩៧ ៧៩៩ ១៥ ៥១ ។ នាយកដ្ឋានចរាចរណ៍ឲ្យដឹងថា លេខទំនាក់ទំនងទាំង៦ខ្សែនេះ មានមន្ត្រីប្រចាំការទទួលព័ត៌មាន ២៤ ម៉ោង ហើយនាយកដ្ឋាននឹងចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះករណីដែលបានរាយការណ៍។
នៅក្នុងមាត្រា ៧៨ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឆ្នាំ ២០១៥ បានចែងថា ជនណាដែលចរាចរណ៍យានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យាន្តជំនិះ ស្លាកលេខសម្គាល់យាន្តជំនិះ ឬលិខិតអនុញ្ញាតិផ្សេងៗដោយដឹងថាឯកសារ ឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញតិមាត្រា ៦៣០ ពីបទប្រើប្រាស់ឯកសារសារធារណៈក្លែងក្លាយ នៃក្របព្រហ្មទណ្ឌ ដោយផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល។
ក្នុងនោះដែរ មាត្រា៧៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក ក៏បានចែងដែរថា ជនណាក្លែងបណ្ណបើកបរ បណ្ណសម្គាល់យាន្តជំនិះ ស្លាកលេខសម្គាល់យាន្តជំនិះ ឬលិខិតអនុញ្ញាតិផ្សេងៗ ដែលចេញដោយអ្នករាជការសាធារណៈ ត្រូវផ្ដន្ទាទោសតាមបញ្ញតិមាត្រា ៦២៩ ពីបទក្លែងបន្លំឯកសារសាធារណៈនៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ៕