ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានរំលឹកជាថ្មីម្ដងទៀត ដល់អ្នកសារព័ត៌មាន ត្រូវរួមគ្នា លុបបំបាត់ព័ត៌មានក្លែងក្លាយ ខណៈនាយករដ្ឋមន្ត្រីចាត់ទុកសារព័ត៌មានជាចលកមួយ ក្នុងការគាំទ្រសនិ្តភាព និងប្រជាធិបតេយ្យ។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានថ្លែងដូចនេះ នៅក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» នៅព្រឹកថ្ងៃសុក្រទី៣មេសា ដែលជាទិវាសេរីភាពសារព័ត៌មាន។
លោករដ្ឋមន្ដ្រី បានលើកឡើងថាព័ត៌មាន ក្លែងបន្លំ ធ្វើឲ្យប៉ះពាល់ វឹកវរសង្គមជាតិ។
លោកថា កាតព្វកិច្ចរបស់អ្នកសារព័ត៌មាន ត្រូវតែបញ្ចេញរឿងពិតដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។
ក្នុងឱកាសនោះ លោកខៀវ កាញារីទ្ធ អំពាវនាវឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ បន្ដខិតខំប្រឹងប្រែងបំពេញការងារ ដោយគោរពទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ រក្សានូវភាពថ្លៃថ្នូរ ។
ដោយឡែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០មេសា បានចេញសារលិខិតមួយ ដោយអបអរសាទរទិវាសេរីភាពសារព័ត៌មាន។
សម្តេច នាយករដ្ឋមន្ត្រី បានរៀបរាប់អំពីសារៈសំខាន់ជាច្រើនរបស់អ្នកសារព័ត៌មានដែលបានជួយអភិវឌ្ឍន៍សង្គម ។ សម្ដេចបានទទូចថា សារព័ត៌មានជាកត្តាមួយនៃការពង្រឹងសន្តិភាព ជួយកសាងយុត្តិធម៌សង្គម និងការអភិវឌ្ឍប្រទេស៕