ភ្នំពេញ៖ អង្គការសម្ពន្ធសិទ្ធិកុមារ(ស.ស.ក)ដែលមានសមាជិកចំនួន ៥៣ នៅថ្ងៃទី ៣០ មេសា នេះ បានបើកសិក្ខាសាលាថ្នាក់ជាតិមួយស្តីពីការបញ្ចប់របាយការណ៍បំពេញបន្ថែម លើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជាចន្លោះឆ្នាំ ២០០៨-២០១៨ ដើម្បីប្រមូលធាតុចូលនៃស្ថានភាពសិទ្ធិកុមារកម្ពុជា មុនដាក់ទៅគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
អង្គការសម្ពន្ធសិទ្ធិកុមារហៅកាត់ថា CRC បានរកឃើញ និងត្រៀមរបាយការណ៍បំពេញបន្ថែមរបស់ខ្លួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិកុមារនៅកម្ពុជា ដែលមាន ៥ វិស័យធំៗដើម្បីដាក់ទៅគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ។ ស្ថានភាពសិទ្ធិកុមារចំនួន ៥ ចំណុចដែលកុមារកម្ពុជាកំពុងជួបប្រទះនោះរួមមាន៖ បញ្ហាសិទ្ធិពលរដ្ឋ និងសេរីភាពរបស់កុមារ បញ្ហាបរិយាកាសគ្រួសារ និងការថែទាំជំនួស បញ្ហាសុខភាព បញ្ហាអប់រំ និងបញ្ហាកិច្ចការពារកុមារ។
របាយការណ៍បំពេញបន្ថែមស្តីពីស្ថានភាពសិទ្ធិកុមាររយៈពេល ១០ឆ្នាំចាប់ពីឆ្នាំ ២០០៨ដល់ ២០១៨នេះនឹងត្រូវដាក់ទៅគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ នៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះគឺ ដើម្បីជាតឹកតាងមួយផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួន។
នេះបើយោងតាមការគូសបញ្ជាក់របស់លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា។ លោក សុន ពេញ លើកឡើងពីគោលបំណងនៃការរៀបចំសិក្ខាសាលានេះយ៉ាងដូច្នេះថា៖«គោលបំណងសំខាន់គឺយើងចង់ប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នមិនមែនរដ្ឋាភិបាលដែលជាអង្គការសមាជិតរបស់យើង ទាំងភ្នាក់ងារអង្គការសហប្រជាជាតិ ទាំងតំណាងកុមារ ក៏ដូចជាតំណាងវិស័យឯងជន ដែលគាត់បានចូលរួម និងទាំងតំណាងដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលមានការរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិកុមារក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ទី២ យើងចង់ផ្ទៀងផ្ទាត់ការរកឃើញរបស់យើង នឹងគាត់ដែរ ថាយើងរកឃើញអីចឹងវាឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងឬនៅ អីចឹងយើងអាផ្លាស់ប្តូរឬពិនិត្យឡើងវិញលើសេចក្តីព្រៀងរបស់យើងដែលរៀបរៀងដោយទីប្រឹក្សាឯករាជ្យ ក៏ដូចជាមានការដឹកនាំដោយគណៈកម្មការដឹកនាំដែលយើងបានបង្កើតឡើងហ្នឹង»។
ក្រៅពីបញ្ហាជារួមធំៗចំនួន ៥ចំណុច ដែលគ្រោងដាក់ទៅ UN លោក សុន ពេញ ក៏បានលើកឡើងពីទិដ្ឋភាពរួមនិងសំខាន់ៗមួយចំនួនដែលជាបញ្ហារបស់កុមារកម្ពុជាដែលកំពុងជួបប្រទះ។ ក្នុងនោះបញ្ហាការចូលរួមរបស់កុមារក្នុងសកម្មភាពសង្គមផ្សេងៗនៅមានកម្រិតតិចតួច និងនៅក្រៅប្រព័ន្ធនៅឡើយ ដែលទស្សនៈនិងគំនិតយោបល់របស់កុមារមិនទាន់មានឥទ្ធិពលលើការធ្វើគោលនយោបាយរបស់រដ្ឋាភិបាល។
បញ្ហាកង្វះមណ្ឌលថែទាំកុមារនៅមានកម្រិត។ បញ្ហាកុមារបោះបង់ចោលការសិក្សាច្រើន ហើយភាគច្រើននៃកុមារដែលមានពិការភាពក៏ស្ថិតនៅក្រៅប្រព័ន្ធអប់រំច្រើន។ កុមារនៅតែប្រឈមនឹងបញ្ហាសុខភាព និងកង្វះអាហារូបត្ថម្ភនៅឡើយ ពិសេសកុមារបានទទួលរងផលប៉ះពាល់ពីរបបអាហារដែលមិនល្អពីមនុស្សចាស់ គឺកុមារចេះទទួលទានភេសជ្ជប៉ូវកម្លាំងតាំងពីតូចដែលអាចបង្កគ្រោះថ្នាក់សុខភាពពេលធំពេញវ័យ។ បញ្ហាអំពើហិង្សាលើកុមារ ទាំងហិង្សារាងកាយ ផ្លូវចិត្ត និងសតិបញ្ញា នៅតែកើតមានឡើងស្ទើរតែគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមគ្រួសារ។ បញ្ហាពលកម្មកុមារនៅកើតមានឡើងក្នុងរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជននានា ហើយកុមារបំរើការងារតាមផ្ទះជារឿយៗតែងទទួលរងហិង្សាពីម្ចាស់ផ្ទះរបស់ពួកគេ។ ចំណែកកុមារដែលទៅតាមឱពុកម្តាយធ្វើការនៅក្រៅប្រទេសក៏ប្រទះបញ្ហាជាច្រើនផងដែរ ពិសេសបញ្ហាភាសា ការងាយចាញ់បោកអ្នកដដៃ ហើយការអភិវឌ្ឍន៍ផ្នែកស្មារតីក៏ទន់ខ្សោយផងដែរ។
រីឯការទទួលបានភាពយុត្តិធម៌របស់កុមារក៏នៅមានកម្រិត ពិសេសក្នុងដំណាក់កាលអនុវត្តនីតិវិធី កុមារមិនទាន់ទទួលបានការការពារឱ្យបានពេញលេញនៅឡើយ។
សម្រាប់លោក សុន ពេញ ជាតំណាងអង្គការផ្នែកសិទ្ធិកុមារមើលឃើញថា មូលហេតុចម្បងៗដែលបញ្ហារបស់កុមារកម្ពុជានៅតែកើតមានឡើង គឺកង្វះការយកចិត្តទុកដាក់របស់មន្រ្តីរដ្ឋាភិបាលលើការអនុវត្តយន្តការដែលមានស្រាប់។ ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធបញ្ហាសិទ្ធិកុមារ នៅតែពឹងផ្អែកលើស្ថាប័នក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិលខ្លាំងពេក នាំឱ្យការបំពេញមុខងាររបស់មន្ត្រីរដ្ឋមានភាពឆកល្វែង៕