ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងតាមរយៈវីដេអូមួយថាប្រជាពលរដ្ឋនៅកម្ពុជា ពិសេសគឺយុវជន មិនមានសេរីភាពក្នុងការបញ្ចេញមតិទេ ទោះធ្វើឡើងតាមរយៈហ្វេសបុកក៏ដោយ ។ តែយ៉ាងណា អ្នកវិភាគថា សេរីភាពពលរដ្ឋនៅមានកម្រិតនៅឡើយ ។ ខុសពីនេះស្រឡះ មន្ត្រីនាំពាក្យបក្សកាន់អំណាចថា សេរីភាពពលរដ្ឋមានពេញលេញ និងល្អប្រសើរ ។
រាយការណ៍ដោយ លោក សោម លាភ
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងតាមរយៈវីដេអូ បង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួននៅថ្ងៃទី ២៩ មេសាថា យុវជននៅកម្ពុជាមិនមានសេរីភាពក្នុងការប្រមូលផ្ដុំ ឬបញ្ចេញមតិពាក់ព័ន្ធនឹងនយោបាយឡើយ ខណៈដែលយុវជននៅកម្ពុជាកូរ៉េ មានសិទ្ធិសេរីភាពពេញលេញ ។
លោកបន្ថែមថា ការចូលរួមក្នុងបាតុកម្មភ្លើងទៀននៅប្រទេសកូរ៉េ ដែលមានយុវជនជិតមួយម៉ឺននាក់ចូលរួម កាលពីថ្ងៃទី ២០ មេសា គឺជាការលើកទឹកចិត្តដល់យុវជនកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនអោយយល់អំពីអត្ថប្រយោជន៍នៃការប្រើសិទ្ធិរបស់ខ្លួន។
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា គឺមាត្រា ៣១ ចែងថាព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
មាត្រា ៣៥ វិញ ចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។
ចំណែកមាត្រា ៤១ បានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។
លោក បណ្ឌិតមាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ២៩ មេសានេះថា សិទ្ធិក្នុងការជួបជុំ ការបង្កើតសមាគម សិទ្ធិបញ្ចេញមតិ គឺធ្វើឡើងក្រោមក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ។
លោកបន្ថែមថា សិទ្ធិទាំងនេះ មិនមែនគ្មាននៅកម្ពុជានោះទេ គ្រាន់តែត្រូវបានរឹតបន្តឹងព្រោះស្ថានភាពវិបត្តិនយោបាយ ។
អ្នកវិភាគរូបនេះថា បើគ្រាន់តែការប្រមូលផ្ដុំ ដើម្បីជាការបញ្ចេញមតិស្ដីពីនយោបាយជារឿងដែលសមស្របនឹងបញ្ញត្តបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ។
ផ្ទុយពីនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ ថា កម្ពុជាបើកសេរីភាពដល់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងពេញលេញ និងពេញច្បាប់ ។
តែយ៉ាងណា លោក សុខ ឥសាន្ត បញ្ជាក់ថា លោកមិនតបជាមួយលោក សម រង្ស៊ីនោះទេ ។
ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានទទួលពានរង្វាន់ “ជើងឯកប្រជាធិបតេយ្យ នៅកម្ពុជា” ពីអង្គការកូរ៉េឈ្មោះ “វេទិកា សិទ្ធិមនុស្ស និងសន្តិភាព ទ្វីបអាស៊ី” ។ លោក សរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា លោកចែករំលែកកិត្តិយស ក្នុងការទទួលពានរង្វាន់នេះ ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាមួយពលរដ្ឋខ្មែរគ្រប់រូប ដែលកំពុងតែតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។
កន្លងមក មានការចាប់ខ្លួនមន្ត្រីអតីតគណបក្សប្រឆាំង ដែលសរសេរលើទំព័រហ្វេសបុក ដែលប៉ះពាល់ដល់កិត្តិនាមថ្នាក់ដឹកនាំកម្ពុជាជាដើម ។ ជាងនេះ រាល់ការហែក្បួនផ្សេងៗ ក៏មានការតាមដាន និងបង្រ្កាបដែរ ដែលការណ៍នេះ មន្ត្រីកម្ពុជាថា ជាការអនុវត្តច្បាប់ ។
យ៉ាងណា ថ្មីៗនេះ ក៏មានការបញ្ជាឱ្យកងកម្លាំងត្រៀមចាប់ រួមទាំងឃាត់ខ្លួនចំពោះបុគ្គលណា ដែលទៅទទួលលោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្នុងនាមអតីតគណបក្សសង្គ្រោះជាតិ ។
លោក សម រង្ស៊ី អះអាងដដែលជាដដែលថា លោក នឹងវិលចូលកម្ពុជានៅឆ្នាំ ២០១៩ នេះ ឱ្យខានតែបាន ៕
អត្តបទដោយ៖ សោម លាភ