en     km
en     km

៤ខែឆ្នាំ២០១៩៖ ស្លាប់១៥នាក់ដោយរន្ទះ និងខូចខាតផ្ទះជាង ៣ ពាន់ខ្នងដោយខ្យល់កន្ត្រាក់

Share

ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៤ខែក្នុងឆ្នាំ២០១៩នេះ បង្ហាញថា បាតុភូតរន្ទះបាញ់បានឆក់យកជីវិតមនុស្សចំនួន ១៥នាក់ បង្កឱ្យមនុស្ស ១៨នាក់ទៀតទទួលរងរបួស និងសម្លាប់គោក្របីចំនួន ២១ក្បាល ហើយផ្ទះសម្បែង ៤ខ្នងត្រូវខូតខាត។

នេះបើយោងតាមរបាយការណ៍ដែលផ្តល់ឱ្យពីលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនវិទ្យុស្រ្តីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។

បើតាមលោក កែវ វី បាតុភូតខ្យល់កន្ត្រាក់ក្នុងរយៈពេល ៤ខែដូចគ្នានេះ បានសម្លាប់មនុស្សម្នាក់ បង្កឱ្យមនុស្ស ២១នាក់រងរបួស ហើយផ្ទះសម្បែងជាង ៣០០០ខ្នងត្រូវខូចខាត ក្នុងនោះខូតខាតធ្ងន់ធ្ងរចំនួន ៧៦៩ ខ្នង ខូចខាតមធ្យម ឬរបើកដំបូលមានចំនួន ២៧១៧ខ្នង។ បាតុភូតខ្យល់កន្ត្រាក់នេះដែរ ធ្វើឱ្យខូតខាតដំបូងសាលារៀនចំនួន ២៥ អគារ រោងម៉ាស៊ីនកិនស្រូវចំនួ៣ សាលាឆទាន ២ និងរបើកដំបូលសាលាស្រុកចំនួនមួយ។

ដោយឡែកផលដំណាំរបស់ប្រជាកសិករវិញ រយៈពេលបួនខែដើមឆ្នាំ២០១៩នេះ ករណីខ្យល់កន្ត្រាក់បានបង្កការខូតខាតចំការធូរ៉េនចំនួន ២១៣ដើម មៀនប៉ៃលិនចំនួន ២៧០០ដើម។

បើតាមលោក កែវ វី ដដែលបន្ថែមថាខេត្តដែលទទួលរងបញ្ហាខ្យល់កន្ត្រាក់ជាញឹកញាប់មានខេត្ត ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ និងឧត្តរមានជ័យជាដើម។

ដោយឡែកកាលពីថ្ងៃម្សិលមិញមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ក្នុងនោះមានខ្យល់ និងខ្យល់កន្ត្រាក់លាយលំផងដែរ។ យ៉ាងណាអ្នកនាំពាក្យគ្រោះមហន្តរាយខាងលើមិនទាន់អាចគូសបញ្ជាក់ពីរបាយការណ៍នៃផលខូតខាតបាននោះឡើយទេ ព្រោះករណីនៃការខូចខាតមិនទាន់ត្រូវបានបញ្ជូនមកពីតាមបណ្តាលខេត្តនានា។

តែបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧត្តុនិយម បង្ហាញថា បាតុភូតខ្យល់កន្ត្រាក់កាលពីថ្ងៃម្សិល បានបង្កឱ្យផ្ទះប្រជាពលរដ្ឋ និងផ្ទះកងទ័ពមួយចំនួនបានខូតខាត និងរបើកដំបូង។

ក្នុងនោះខេត្តឧត្តរមានជ័យមានករណីរបើកដំបូងចំនួន ៩៧ខ្នង ដួលរំលំទាំងស្រុង ២ខ្នង។ ខេត្តព្រះវិហារខូចខាតធ្ងន់ធ្ងរចំនួន ២ខ្នង ខូចខាតមធ្យម ៥ខ្នង និងរបើកដំបូងផ្ទះក្រុមគ្រួសារកងទ័ព ២៧ខ្នង។ ចំណែកកំពង់ឆ្នាំងវិញមានបញ្ហារបើកដំបូងចំនួន១៣ខ្នងផ្ទះ។ ខេត្តកំពង់ចាម របើកដំបូងចំនួន៨ខ្នង។ រីឯខេត្តសៀមរាប ខ្យល់កន្ត្រាក់បានបោកបក់បង្កឱ្យបាក់ប៉ាយសង្ក្រាន្តសៀមរាបសង្កត់ឡានចំនួន ២ គ្រឿង៕

 

Share

ព័ត៌មានទាក់ទង

Image