មកទល់ពេលនេះគឺ២ខែមកហើយដែលចរន្ដអគ្គិសនី និង ប្រភពទឹកស្អាត ផ្គត់ផ្គង់ផ្ដាច់មុខដោយ រដ្ឋករទឹកស្វយ័ត និង អង្គភាពអាជ្ញាធរអគ្គិសនីកម្ពុជាបានដំណើរការរអាក់រអួលមិនធ្លាប់មានពីមុនមក។ ប្រការនេះបង្កឱ្យសាធារណៈជាជនអ្នកប្រើប្រាស់សេវាកម្មមួយចំនួន ចេញមុខព្រោងព្រាតរអ៊ូរទាំ ។តែគំនិតនេះនាំអោយមន្រ្ដីនៃបក្សកាន់អំណាចមួយចំនួនបញ្ចេញទស្សនៈតបត។ យ៉ាងណា ទំនាស់នេះបានក្លាយជាប្រធានបទបាចសាចដាក់គ្នាកាន់តែខ្លាំងលើបណ្ដាញ សង្គមFacebook។
កញ្ញា ឆោម ពៅនិកា លម្អិតពត៌មាននេះ៖
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែន បានអំពាវនាវឱ្យពលរដ្ឋមេត្តាមានភាព ស្ងប់ស្ងាត់និង អត់ធ្មត់ ចំពោះបញ្ហាកង្វះផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានគ្រប់គ្រាន់។ សម្ដេចថែមទាំង ជម្រុញឱ្យប្រជាពលរដ្ឋ ក្រុមហ៊ុន សមាគម ស្ថាប័ន នានា រកទិញម៉ាស៊ីនភ្លើងប្រើប្រាស់មួយរយៈសិនទៅ ទំរាំទាំងស្ថានភាពអាចដំណើរការដូចដើមវិញ។ ទន្ទឹមនឹងនេះ អង្គភាពអាជ្ញាធរអគ្គិសនីកម្ពុជា តែងតែជម្រាបព័ត៌មានជាប្រចាំអំពីការផ្ដាច់នូវថាមពលអគ្គិសនីតាមវេននៅតាមខណ្ឌនានានៅរាជធានីភ្នំពេញ ក្រោមហេតុផល “ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្គលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ” ដោយទាមទារនូវសេចក្ដីអនុគ្រោះជាទីបំផុត។
កន្លងមក ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយព័ត៌មានមួយអំពីការមកដល់នូវរដូវ វស្សាមានរយៈពេលយូរ និងធ្វើឱ្យខ្វះទឹកក្នុងការផលិតថាមពលវារីអគ្គិសនី ដែលការណ៍នេះ ក្រសួង និងក្រសួងបរិស្ថានសំណូមពរឱ្យប្រជាពលរដ្ឋមានការប្រើប្រាស់ដោយសន្សំសំចៃខ្ពស់។ ជាមួយនេះ សម្ដេចនាយករដ្ឋមន្រ្ដី ក៏ធ្លាប់បានថ្លែងមួយយ៉ាងទៀតនៅពាក់កណ្ដាលខែមីនា អំពីចំណែកនេះបញ្ហាអគ្គិសនីគឺដោយសារតែ វិស័យសំណង់គឺហក់ឡើងដល់ទៅ៧០០ភាគរយដែលនាំអោយក្រុងធំៗនៅកម្ពុជាជួបការ ខ្វះថាមពលអគ្គិសនី។
កង្វះការផ្គត់ផ្គង់ថាមពលអគ្គិសនីតម្រូវឱ្យកម្ពុជា ដែលសព្វថ្ងៃប្រើប្រាស់ប្រភពអគ្គសនី មានមកពីទំនប់វារីអគ្គិសនីនៅខេត្តកំពត ជាក្រុមហ៊ុនរបស់ចិន ប្រភពមកពីវៀតណាម និងថៃ ស្វែងរកការផ្គត់ផ្គង់ពីខាងក្រៅបន្ថែមទៀត។
កាលពីដើមខែមីនា មើលឃើញពីកង្វះថាមពលផ្គត់ផ្គង់អគ្គិសនីដល់ទៅ៤០០មេហ្កាវ៉ាត់ រាជរដ្ឋាភិបាលកម្ពុជាដោយក៏មានបំណងទិញថាមពលវារីអគ្គិសនីពីនាវាអគ្គិសនីប្រទេសទួកគី។
យ៉ាងនេះក្ដីគម្រោងមួយនេះត្រូវបានលុបចោលវិញ ដោយការប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្ដីនៅថ្ងៃ០៥ មេសាសម្រេចនូវគម្រោងថ្មីក្នុងការវិនិយោគសាងសង់ ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងគម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២ កន្លែងនៅពោធិ៍សាត់ ០១ កន្លែង ៦០MW និងនៅកំពង់ឆ្នាំង ០១ កន្លែង ៦០MW ដើម្បីផលិតអគ្គិសនីលក់ឱ្យអគ្គិសនីកម្ពុជា។
តែនៅមុនពិធីចូលឆ្នាំមកដល់ គេស្រាប់តែលេចនូវដំណឹងមួយយ៉ាងទៀត អំពីអគ្គិសនីនេះ ត្រង់ថា កម្ពុជាតាមរយៈរដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានស្នើឱ្យប្រទេសវៀតណាមបង្កើនការទម្លាក់ ទឹកតាមបណ្ដាវារីអគ្គិសនី១៤ផ្នែកក្នុងចំនួន៥០មេហ្កាវ៉ាត់បន្ថែមទៀតមកកម្ពុជាតាមច្រកចូវដុក ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីជាការជួយសម្រួលតម្រូវការនាពេលបច្ចុប្បន្ននៅកម្ពុជា ។
យ៉ាងណា ដំណោះស្រាយហាក់ស្មុគស្មាញលើការប្រើភាសាដែលថាការខ្វះការផ្គត់ផ្គង់ថាមពលអគ្គិសនី និង កង្វះទឹកស្អាត បានធ្វើអោយមជ្ឍដ្ឋានខ្លះហៅ ថា ដាច់ភ្លើងដាច់ទឹក ក្លាយជាប្រធានបទ វាយលុកខ្លាំងបំផុតក្នុងកញ្ចក់បណ្ដាញសង្គម។ ពួកគេដំបូងឡើយ រអ៊ូរទាំនឹងស្ថានភាព ដែលមិនធ្លាប់មានពីមុនមកបែបនេះ ស្របពេលអាកាសធាតុក្ដៅខ្លាំង មកពីការរងបាតុភូតអ៊ែលនីណូក្ដី។តែអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ថាការបំផ្លិចបំផ្លាញព្រៃឈើ ជាប្រភពបង្កឱ្យ កម្ដៅផែនដីកើនឡើង។ បែបនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបទៅវិញឱ្យគេហទំព័រសារព័ត៌មានចំនួនឱ្យដឹងនៅថ្ងៃទី២៥មេសា ដោយចាត់ ទុកសម្ដី ទាំងនោះចេញពីអតីតគណបក្សប្រឆាំងក្រៅប្រទេស ក្រោមការចោទ ជាសំណួរទៅវិញថា
បើមិនកាប់ ព្រៃឈើខ្លះ ធ្វើម៉េចបានដី ដើម្បីធ្វើផ្ទះ និង អភិវឌ្ឍន៍ប្រទេស ។ លោកថែមទាំងអះអាងអំពី ចំការកៅស៊ូ ដែលកើនឡើងពី៥ម៉ឺនរហូតតដល់៤០ម៉ឺនហិកតា ថាតើចំការកៅស៊ូទាំងនោះជាព្រៃឈើឬទេ។
យ៉ាងនេះក្ដី មហាជនច្រើនតបតទៅវិញក្រោមហេតុផលស្រដៀងគ្នាថា បើគ្រាន់តែយកឈើ មកធ្វើលំនៅដ្ឋានបែបមិនរលាយបែបនេះទេ។ គណនីហ្វេសប៊ុកមួយ ឈ្មោះ នីសំណាង បានសរសេរសុំឱ្យមានការ
“កែកម្មវិធីសិក្សារបស់ក្រសួងអប់រំនិងប្រកាសជាសាធារណ:ផងថា÷ ផ្ទៃដីកសិកម្មកើនមានទំហំប៉ុន្មានហើយផ្ទៃព្រៃឈើនៅ សល់ប៉ុន្មានដែរ ។ កុំអោយកូន ខ្មែរទន្ទេញតាមឯកសារចាស់ តែការពិតវាបានផ្លាស់ប្ដូរហើយ មិនត្រូវលាក់បាំងការពិតទៀតទេ។ រីលោក សុខ រដ្ឋា បានចែករំលែក ដោយល្បោយពាក្យ លើពាក្យចំណងជើងសារព័ត៌មានទាក់ទិនទៅនឹងសម្ដីរបស់ ឯកឧត្តមសុខឥសាន្តថាតើមានច្បាប់ណាចែងខ្លឹមសារបែបនេះ។ ខ្ញុំមិនយល់ទេ។
ដោយឡែកចំពោះបញ្ហាកម្ដៅកើនឡើង និង ការដាច់ថាមពលអគ្គិសនីញឹកញាប់ បណ្ដាលឱ្យផ្ទុះការ រអ៊ូរទាំច្រើនពេកនោះ។ លោកទិត្យ សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានប្រើប្រាស់ហ្វេស ប៊ុកជាការបញ្ចេញមតិលើរឿងនេះ គឺបែបនេះថា
សម័យ ប៉ុល ពត នៅពេលគេបង្ខំឱ្យ ធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហារ គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន។ ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។
ត្រង់នេះហើយគឺ មិនមានមនុស្សតិចទេ ច្រានចោល និង វាយប្រហារបកទៅវិញចំពោះការសម្ដែងមតិ របស់មន្រ្ដីរូបនេះ។ ក្នុងនោះ មានគណនី មួយឈ្មោះថា តា កញ្ចាស់ សុំEDCជួយផ្តាច់ភ្លើងនៅផ្ទះគាត់។ គាត់បន្តថា
ផ្ដាច់ភ្លើងផ្ទះគាត់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃផងព្រោះចង់ដឹងថាគាត់អាចទ្រាំបានអត់។.អាកាសធាតុពេលនេះខុសពីពេលមុន សម័យនេះខុសពីសម័យមុន។ការដាក់ស្លាកផ្ទះគាត់ហាមប្រើ ម៉ាស៊ីនត្រជាក់ កង្ហារ ទូទឹកកក ទឹកក៏មិនបាច់ឲ្យដែរ ឲ្យគាត់ប្រើទឹកអណ្តូង។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបទៀត មានឈ្មោះថា កែវសោភ័ណ ថា
“បើលើកឡើងអំពីអតីតកាលចឹងចុះសម័យអង្គរអត់ភ្លើងផង គេសាងសង់ប្រាសាទអង្គរបាន ។ ចុះសម័យនេះផលិតអីបានហើយ គ្រាន់តែរោងចក្រកង្ហារគ្មានផង ។”
ក្នុងនោះដែរ ក៏មាន បុរសម្នាក់ ប្រើប្រាស់ឈ្មោះហ្វេសប៊ុក សំណាង បានសម្ដែងមតិដូចនេះថា៖
“ដោយសារចេះតែប្រៀបធៀបទៅនឹង ប៉ុល ពត នឹងហើយ ទើបស្រុកទេសវា ដើយឺតដល់ថ្នាក់នឹង។ ម៉េចមិនមើលគេផង ប្រទេស កូរ៉េ ជប៉ុន ថៃ គេចប់សង្គ្រាមមក គេមានលុយ មានធនធានមនុស្ស មានហេដ្ឋារចនាសម្ពន្ធ័ ស្រាប់មែនពូ។ គេអភិវឌ្ឍយ៉ាងម៉េចបានជាលឿន ចុះយើងជាង ៣០ ទៅ ៤០ ឆ្នាំហើយនឹង។ គួរសួខ្លួនឯងថា ហេតុអីគេមានសមត្ថភាពដឹងនាំបានលឿនម្លេះ ចុះអញម៉េចយឺតរកហៅមិនឮចឹង។ គេប្រើពេលប៉ុន្មានឆ្នាំ ចុះអញជិតផុតអាយុហើយមិនទាន់ បាន ៣០ភាគរយគេផង។”
ទាំងអស់នេះបានធ្វើឱ្យ ទំព័រហ្វេសប៊ុករបស់ អ្នកវិភាគ ជើងចាស់លោកបណ្ឌិតតមាសនី ធ្វើកត់សម្គាល់ឱ្យសាធារណៈជនដឹងថា ឆ្នាំនេះជាឆ្នាំរន្ទះនយោបាយ។
លោកថា ២០១៩ នេះ គឺជាឆ្នាំដែលគួរអោយចាប់អារម្មណ៍
“ដោយសារមានរន្ទះនយោបាយ រន្ទះជាបាតុភូតធម្មជាតិ ការឡើងកំដៅនិការដាច់ភ្លើងកើតឡើងនៅពេលជាមួយគ្នា៕”