en     km
en     km

ក្រសួងអប់រំកែសម្រួលម៉ោងសិក្សានៅគ្រាអាកាសធាតុក្តៅខ្លាំង

Share

ភ្នំពេញ៖ ខណៈកាសធាតុនៅតែបន្តក្តៅខ្លាំងដោយសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សារ នៅចន្លោះពីម៉ោង ១០ព្រឹកដល់ម៉ោង ២រសៀល មូលហេតុនេះក្រសួងអប់រំបានសម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សដើម្បីបង្ការបញ្ហាមួយចំនួនដែលអាចកើតឡើងជាយថាហេតុ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងអប់រំបានស្នើគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ចាត់ចែងសម្រួលម៉ោងសិក្សារបស់សិស្ស ដោយចូលរៀននៅពេលព្រឹកម៉ោង ៧៖០០នាទី និងចេញម៉ោង១០៖៣០នាទី។ ចំណែកពេលរសៀលវិញចូលរៀននៅម៉ោង ១៣៖៣០នាទី និងចេញនៅម៉ោង ១៥៖០០នាទី។

ការកែសម្រួលម៉ោងសិក្សារបស់សិស្សនេះ នឹងត្រូវអស់សុពលភាពនៅពេលផុតរដូវក្តៅខ្លាំង។

យោងតាមសេចក្តីប្រកាសដដែលនេះ មូលហេតុដែលក្រសួងសម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សជាបណ្តោះអាសន្ននេះ គឺជាមធ្យោបាយមួយដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពសិស្ស និងគ្រូ ការប៉ះពាល់ដល់គុណភាពរៀន និងបង្រៀន និងការបំពេញការងាររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសកុមារតូចៗ។

កម្ពុជាកំពុងទទួលរងនូវបាតុភូត«អ៊ែលនីណូ»ដែលបង្កឱ្យអាកាសធាតុក្តៅខ្លាំង។ នៅកម្ពុជាសីតុណ្ហភាពកំពុងមានកម្រិតកម្តៅហក់ដល់ ៤២អង្សារសេ ខណៈរបាយការណ៍មួយបង្ហាញថា នៅវៀតណាមកើនដល់ ៤៣ អង្សារ និង ប្រទេសមីយ៉ាន់ម៉ាមានរហូតដល់ ៤៤ អង្សារ។

បញ្ហាកើនកម្តៅនៅរយៈពេលចុងក្រោយនេះ បានបង្កជាបញ្ហាយ៉ាងច្រើននៅកម្ពុជា។ បញ្ហាដែលកំពុងកើតឡើងគឺបញ្ហាការផ្គត់ផ្គត់អគ្គិសនីខ្វះខាតដល់ប្រជាពលរដ្ឋ ព្រោះវារីអគ្គិសនីស្ទើរគ្រប់កន្លែងកំពុងខ្វះទឹក។

ចំណែកក្រសួងពាក់ព័ន្ធមួយចំនួនទៀតក៏បានអំពាវនាវដល់ប្រជាកសិករ កុំប្រញាប់ធ្វើស្រែវស្សាលឿនពេលព្រោះរដូវប្រាំងនៅឆ្នាំនេះអាចអូសបន្លាយយូរ៕

Share

ព័ត៌មានទាក់ទង

Image