ដើមគ្រឹស្ដសករាជទី៩ ស្ដេចមួយអង្គព្រះនាមជ័យរវ្ម័នទី២ ធ្លាប់ដិតដាមនូវអនុស្សា នារដ្ឋជ្វាតែបានត្រឡប់មកបង្រួបបង្រួមជាតិនាមាតុភូមិកំណើតរបស់ទ្រងវិញថែមរំដោះប្រទេសចេញពីជ្វា រួចចាក់ឬស ចាក់គល់កសាងនូវចក្រភពមួយដ៏មានឥទ្ធិពលមហិមា និង រឹងមាំ ឱ្យបានក្លាយជាសករាជមាស នៃប្រវត្តិសាស្រ្ដខ្មែរ។ ក្រៅពីជាបិតាសម័យអង្គរ ព្រះអង្គត្រូវបានប្រវត្តិសាស្រ្ដកត់ត្រាជាស្ដេចចក្រ អវតាអាទិទេព លុះតាមលំអានសំខាន់ជាស្នាព្រហស្ថក្នុងរជ្ជកាលទ្រង់។
តទៅនេះ កញ្ញា ឆោមពៅនិកាសូមជូនសេចក្ដីអត្ថាធិប្បាយ៖
បើនិយាយអំពីចក្រភពអង្គរដ៏រុងរឿង គេត្រូវតែដឹងឱ្យជាក់ច្បាស់ និង ចងចាំ នូវចម្លើយ ថាតើនរណាជា ស្ថាបនិក? ព្រោះចក្រភពអង្គរ មាននូវរចនាសម្ព័ន្ធដឹកនាំប្រកបដោយយុទ្ធសាស្រ្ដជោគជ័យ និង ត្រឹមត្រូវបំផុត។ ព្រះបាទជ័យរម្ម័នទី២ ជាស្ដេចមាននូវមហិទ្ធិឬទ្ធិ ទ្រង់ជារាជាដឹកនាំអង្គរដំបូងគេបង្អស់ បន្ដតាមសន្ដតិវង្ស ព្រះបាទកៅណ្ឌិន្យ។ ឯកសារប្រវត្តិសាស្រ្ដហាក់មានភាពខ្វែងគ្នាខ្លះនៃការឡើងសោយរាជ្យរបស់ទ្រង់ ដែលខ្លះថា ទំនងកំឡុង គ.ស ៨០២ ដល់ គ.ស ៨៥០ ឯខ្លះសង្ស័យនៅឆ្នាំ គ្រឹស្ដសករាជ ៧៧០ ដល់ គ្រឹស្ដសករាជ៨៣៥ទៅវិញទេ។ តែយ៉ាងណា ព្រះអង្គមានបរមនាមក្រោយទទួលរាជសម្បត្តិថា ធូលី ព្រះបាទធូលីជើង គម្ដែង អញ ស្រីជ័យ ពម៌្មទេព។រួចក្រោយមក គឺក្រោយរជ្ជកាលដ៏អស្ចារ្យជាអធិរាជលោកិយ៍នេះ ព្រះអង្គត្រូវបានទទួលស្គាល់ថា ជាស្ដេចចក្រ។
សាវតារព្រះបាទជ័យវរ្ម័នទី២
ព្រះបាទជយវម៌្មទី២ ត្រូវជាចៅមីងព្រះបាទបុគ្ករាក្សៈ ដែលជាព្រះរាជាទី១ នៃសម្ភុបុរៈ ឬ ចេនឡាទឹកលិច នេះបើគិតទៅតាមខ្សែខាងម្តាយ។
កាលប្រទេសខ្មែរនៅសតវត្សរ៍ទី៨នោះ ក៏ជាដំណាក់កាលមួយដែលគ្មានស្ថិរភាពនយោបាយ និងជាសម័យកាលដែលមានការបែកបាក់ផ្ទៃក្នុងយ៉ាងដំណំថែមទៀតផង។ ឆ្លៀតក្នុងឱកាសនោះ ពួកចោរសមុទ្រជាតិជ្វា ដែលជិះនាវាធំៗលឿនៗ បានចូលមករាតត្បាតឆ្នេរសមុទ្រ និងពាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោក ក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត។ ចោរសមុទ្រជ្វា ហ៊ានមកឈ្លានពានដូច្នេះ គឺព្រោះពេលនោះរាជវង្សសៃលេន្ទ្រៈ ដែលសោយរាជ្យនៅកោះជ្វា មានមហិទ្ធិឫទ្ធិខ្លាំងក្លា ហើយបានផ្សាយឥទ្ធិពលរបស់ខ្លួនទៅលើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
អ្វីដែលកត់សម្គាល់នោះ មានមតិសម្ដែងថា ព្រះអង្គនិង រាជវង្ស ក្នុងពេលកើតហេតុកលិយុគ វឹកវរពាសផ្ទៃប្រទេសនៃសម័យចេនឡាបែកបាក់កាន់តែខ្លាំងនោះ ប្រហែលជាទ្រង់ភៀស ព្រះកាយទៅរស់នៅកោះជ្វា ឬ ទ្រង់ត្រូវបានជ្វាចាប់ជាឈ្លើយនាំទៅទីនោះ។នៅឯ កោះជ្វា កាលនោះ ព្រះអង្គនៅជាកុមារភាពនៅឡើយ។ ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជាទាំងក្នុងសាសនា ទាំងក្នុងការរៀបចំនគរ ដើម្បីស្វែងយល់អំពីមូលដ្ឋានទាំងឡាយណាដែលបានជំរុញធ្វើអោយប្រទេសជ្វា ក្លាយទៅជាមហាអំណាចពោលគឺអធិរាជដែនដីសៃលេន្រ្ទ មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
ការបង្រួបបង្រួមចេនឡាប្រឆាំងនឹងការឈ្លានពានរបស់អធិរាជសៃលេន្រ្ទ
តទៅទៀត ទំនងក្នុងគ.ស ៨០០ ព្រះបាទជយវរ្ម័នទី២ បានភៀសព្រះកាយមកស្រុកខ្មែរជាមួយនឹង នាយម៉ឺនមន្រ្ដីទុកចិត្តបាន។ ក្នុងដំណើរដ៏វែងឆ្ងាយ គឺដំបូងឡើយ ព្រះអង្គបានតាំងទីមូលដ្ឋាននៅ ខេត្តក្រចេះក្នុងតំបន់ចន្លោះអតីតព្រះរាជធានី ឝម្ភុបុរនិង ស្រុកត្បូងឃ្មុំ។ តរៀងមក គេចាប់ផ្ដើមសន្មតថា កន្លែងនោះមានឈ្មោះថា ឥន្រ្ទបុរ ដែលគេចាត់ទុកជាព្រះរាជធានីមួយ ក្នុងរជ្ឋកាលព្រះអង្គ។
ឧបនិស្ស័យជាស្ដេចដ៏មានរឹទ្ធីអំណាច ព្រះអង្គមានអំណាចពិសេសពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះញាតិ វង្សា នុវង្ស នាម៉ឺនមន្ត្រីមេទ័ព និង ស្តេចដែលធ្លាប់ចំណុះនគរចេនឡាទឹកលិចអោយសុខចិត្តសុខកាយ យល់ព្រមរួបរួមកំលាំង វាយកំចាត់ពួកសត្រូវចោរជ្វា។ ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជា្វ ព្រះបាទជ័យវម្ម័នទី២ មានសហការីពូកែចំណានចំណាប់មានវិជ្ជា និង សមត្ថភាពយ៉ាងខ្ពង់ខ្ពស់ជ្រោះជ្រៅ ជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ វ្រឹទិ្ធឥន្រ្ទវម៌្មដែលបានរំដោះបង្ក្រាប និងរៀនចំនគរដែលស្ថិតនៅនគរភាគខាងត្បូង ខេត្តបាត់ដំបង អោយមានសនិ្តភាពសន្តិសុខ។ បើនិយាយពីផ្នែកយុទ្ធសាស្រ្តវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជា្វនិង ចាមទន្លេមេគង្គខាងត្បូង មកតាំងទីរាជធានី នៅខាងជើងបឹងទន្លេសាប។
ដំណើរបង្រួបបង្រួមជាតិ និងផ្សព្វផ្សាយនូវជ័យជម្នះជាច្រើនលើពួកជ្វា បានធ្វើឱ្យទ្រង់ចេញផុតពី ការគង់នៅហរិហរាល័យ ស្រុករលួស និង បន្ដស្ថាបនាតំបន់អង្គរ ដោយ ទ្រង់ក៏បានសោយរាជ្យ នៅភាគខាងជើងបឹងទន្លេសាប នៃបារាយណ៍ទឹកថ្លា ដែរ ទំនងមានឈ្មោះថា រាជធានីអមរេន្ទ្របុរ។
ទីបំផុត តាមសិលាចារឹកមួយមកពីប្រាសាទស្ដុកកក់ធំបានរៀបរាប់ថានៅលើកំពូលភ្នំដ៏ពិសិដ្ឋ មហេន្រ្ទបវ័ត បច្ចុប្បន្នដែលគេស្គាល់ថា ជាភ្នំគូលែន ព្រះបាទជ័យវរ្ម័នទី២ បានបញ្ជាឱ្យព្រាហ្មណ៍នាម ហិរណ្យទាម ធ្វើពិធីទេវរាជ រួចអភិសេកទ្រង់ជា ចក្រវរ្តិន ស្ដេចចក្រឬ ស្ដេចទេវរាជ។ ស្របទៅតាមពិធីសក្ការៈបូជាគោរពថ្វាយ ចំពោះព្រះទេវរាជនៅភ្នំគូលែន ក្នុង គ.ស ៨០២ និង អាចទាំងចាត់ទុកជាទិវាខ្មែរឯករាជ្យរំដោះចាកផុតពីអាណានិគមជ្វា និងក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្តគោរព ទ្រឹស្ដី គោលការណ៍ នយោបាយថ្មីសំរាប់កសាងប្រទេសជាតិដែរ។
ព្រះបាទជ័យវរ្ម័នទី២ នៃលទ្ធិទេវរាជ និងការស្ថាបនាចក្រភពអង្គរ
នៅលើកំពូលភ្នំដែលតំណាងឱ្យស្ថាននៃអាទិទេព ឬ ជាភ្នំព្រះសុមេរុ ព្រះបាទជ័យវរ្ម័នទី២ បានបង្ហាញ អំពីភាពអច្ឆរិយនៃលទ្ធិទេវរាជក្នុងគោលការណ៍នៃមាគ៌ាដឹកនាំទ្រង់។ គោលការណ៍នៃលទ្ធិទេវរាជត្រូវបាន ព្រាហ្មណ៍ នាម៉ឺនធំយសមុខមន្រ្ដីយកទៅចងក្រង សំដៅឱ្យមាននូវ៖
១. ការបែងចែកអំណាច ៖ ព្រះមហាក្សត្រ ជាទេវរាជ ជាអ្នកយកច្បាប់យកគោលគំនិត ទ្រឹស្ដីនយោបាយ ទាំងនោះមកបដិបត្តិ។ បើយើងនិយាយ និងប្រើតាមភាសាទំនើបថ្មី ព្រះរាជាមាននូវក្រុមព្រាហ្មណ៍បុរោហិត ដែលតំណាងដោយព្រាហ្មណ៍សិវកៃវល្យ ជាអ្នកធ្វើច្បាប់ ឬ ជារដ្ឋសភា។ ចំណែកព្រះមហាក្សត្រ ស្ថិតនៅក្រោមអំណាចច្បាប់ ឬហៅក្នុងភាសាទំនើបថា ព្រះអង្គជាតំណាងអំណាចនីតិប្រតិបត្តិ។ ដូច្នេះក្នុងការរៀបចំគ្រប់គ្រងប្រទេសកម្វុជទេស អ្នកគ្រប់គ្រងឬ អ្នកដឹកនាំខ្មែរ ជំនាន់ព្រះបាទជយវម៌្មទី២ បានបែងចែកអំណាចជាពីរ៖ អំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ របៀបបែងចែកអំណាចត្រូវបានព្រះមហាក្សត្រខ្មែរ ធ្វើសច្ចាប្រណិធានថាគោរពអនុវត្តធ្វើតាមតរៀងទៅអនាគត។ នេះគឺជាមូលដ្ឋាន និងជាគ្រឹះនគរខ្មែរ។
២. ការរៀបចំស្ថាប័នជាតិ៖ ការបែងចែកអំណាចនាំមកនូវការរៀបចំស្ថាប័ន។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំណត់ មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និងព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍ មានភារកិច្ចក្នុងការគោរពរៀបចំ និងត្រួតពិនិត្យពិធីបុណ្យ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់វិន័យ ថែមអប់រំបង្ហាត់បង្រៀន ព្រះរាជវង្សានុវង្ស និងផ្ដល់យោបល់គោលគំនិតល្អដល់ព្រះមហាក្សត្រ។ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ជាអ្នកថែរក្សាការពារច្បាប់ ធម៌វិន័យក្រឹត្យក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ។ ចំណែកស្ថាប័នដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬ អំណាចនីតិប្រតិបត្តិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្ត្រី ការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និងការបែងចែកធនធាន។
៣. ការស្ថាបនាជាតិ ក្នុងទ្រឹស្ដីទេវរាជក្នុងសិលាចារឹកស្តុកកក់ធំ ពាក្យស្ថាបនាជាពាក្យសំខាន់មានតំលៃ និងអត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ។ ពាក្យស្ថាបនាជា គន្លឹះធំក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរ ត្រូវស្ថាបនាធ្វើដូចម្ដេចឲ្យប្រទេសចំរុងចំរើនឲ្យពលរដ្ឋ មានបានសំបូរសប្បាយចាកផុតពីភាពទុគ៌ត ក្រីក្រតោកយ៉ាកព្រាត់ប្រាសក្រុមញាតិគ្រួសារ។ សិលាចារឹកបន្ដលើកឡើងថា ការស្ថាបនានេះស្ថិតនៅលើការគាស់ឆ្ការព្រៃទឹកដីថ្មី ឲ្យក្លាយទៅជាស្រែចំការជាស្រុកភូមិថ្មី សំរាប់បង្កបង្កើនភោគផលសម្បត្តិ សង្គមជាតិ។ ដូច្នោះព្រះមហាក្សត្រ និងអ្នកដឹកនាំខ្មែរ បានជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដីទ្រព្យធនធានសត្វពាហនៈ គោក្របីប្រដាប់ប្រដាឧបករណ៍កសិកម្ម និងខ្ញុំកំដរទាសាទាសី។
អំណឹះតរៀងមក គោលការណ៍ដឹកនាំនៃលទ្ធិទេវរាជបានបន្ដអស់ជាច្រើនឆ្នាំនៃរជ្ជកាលស្ដេចសម័យអង្គរ សបញ្ជាក់ឱ្យដឹងថា សាសនាមានឥទ្ធិពលជាខ្លាំងក្នុងការដឹកនាំ។ ក្រៅពីព្រះបាទជ័យវរ្ម័នទី២ លុះតាមច្បាប់ ក្រឹត្យក្រមវិន័យមុនៗ ធ្វើឱ្យអង្គរក្លាយជាចក្រភពមាសក្រាំងទុកក្នុងប្រវត្តិសាស្រ្ដដ៏វែងអន្លាយរបស់កម្ពុជា ហើយនាំមកនូវសម័យមួយដែលមានប្រាសាទសិលាក្នុងអត្ថន័យវិសេសវិសាល តម្រាទុកជាសក្ខីភាពយ៉ាង ប្រត្យក្ស នៃភាពរុងរឿងមហស្ចារ្យនេះ៕
អត្ទបទដោយឆោមពៅនិកា បាន ស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ របស់អ្នកនិពន្ធ អាដេម៉ាឡឺក្លេ រ៉េស៊ីដង់បារាំងប្រចាំកម្ពុជា និង អ្នកនិពន្ធ ត្រឹងងា ។