ធនាគារពិភពលោក ចេញផ្សាយរបាយការណ៍ថ្មីរបស់ខ្លួនមួយទៀត ប៉ុន្តែរបាយការណ៍នេះ មានចំណុចមួយព្រមានថាសដ្ឋកិច្ចកម្ពុជាអាចជួបហានិភ័យនៅឆ្នាំខាងមុខ បើមិនអាចស្ដារប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺEBA បាននោះ។ តែយ៉ាងណាកន្លងមកសម្ដេចនាយករដ្ឋមន្ត្រីអះអាងថា បើកម្ពុជាគ្មាន EBA ក៏កម្ពុជាមិនស្លាប់ដែរ។
កញ្ញា ពៅ និកា រាយការណ៍៖
យោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មានក្នុងស្រុកមួយចុះផ្សាយលើគេហ ទំព័រស្ថាប័នព័ត៌មាននេះគឺថា សន្ទស្សន៍សេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹង ហានិភ័យបើសហភាពអឺរ៉ុប ព្យួរEBA។
របាយការណ៍របស់ធនាគារពិភពលោក ដែលបានបង្ហាញដូចនេះ គឺនៅត្រង់ចំណុចស្ដីពីហានិភ័យនិងការប្រឈម។ត្រង់ចំណុចនេះ ធនាគារពិភពលោក បានបង្ហាញការវាយតម្លៃដូចនេះថា៖« ភាពមិនប្រាកដប្រជា ដែលបន្តមាន បានធ្វើអោយហានិភ័យកាន់តែមានសភាពតានតឹង។កាលពីខែកុម្ភៈ សហភាពបានចាប់ផ្ដើមដំណើរការមួយ ដែលអាចនាំទៅដល់ការព្យួរបណ្ដោះអាសន្ននូវភាពអនុគ្រោះសម្រាប់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះគឺគ្រប់មុខទំនិញ ទាំងអស់លើកលែងតែ អាវុធ-EBA។ បច្ចប្បន្ន ទីផ្សារក្នុងសហភាពអឺរ៉ុប មានចំណែកជាងមួយភាគបីនៃមុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា។ វិនិយោគិនបរទេស អះអាងបញ្ជាក់ថា ថ្លៃពលកម្មថោក ប្រការលើកទឹកចិត្តខ្ពស់ផ្នែកពន្ធនិងភាពអនុគ្រោះនាំទំនិញចូលទីផ្សារអន្តរជាតិ គឺកត្តាទាំងនេះ ជាមូលហេតុនាំអោយគេមកវិនិយោគនៅកម្ពុជា»។
ជាមួយគ្នានេះធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងថមថយអានុភាពបន្តិចមកវិញ មកនៅជិត៧ភាគរយ ក្នុងឆ្នាំ២០១៩-២០២១ ដោយសារការនាំចេញ នៅមានកម្រិតមធ្យម។
ករណីដែលសហភាពអឺរ៉ុប កំពុងដំណើរការព្យួរការអនុគ្រោះពន្ធEBA ពីកម្ពុជា ក៏ធ្វើឱ្យអ្នកជំនួញនិងសហជីព មួយចំនួន ដាក់ការព្រួយបារម្ភអំពីការធ្លាក់ចុះកម្លាំងសេដ្ឋកិច្ចកម្ពុជាដែលពួកគេបានទទូចឱ្យមានដំណោះស្រាយករណីនេះ។
តែអ្វីដែលធ្វើអោយសហភាពអឺរ៉ុបចាត់វិធានការបែបនេះ គឺមកពីសហគមន៍អន្តរជាតិដ៏ធំនេះ ខកចិត្តចំពោះការធ្លាក់ចុះសេរីភាពនយោបាយ សិទ្ធិមនុស្ស និងប្រជាធីបតេយ្យ នៅកម្ពុជា បន្ទាប់ពី គណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ ហើយរឹបអូសតូនាទីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងធំនេះជារបស់បក្សកាន់អំណាចនិងបក្សដទៃ។ជាមួយគ្នានេះ អ្នកនយោបាយជាន់ខ្ពស់របស់បក្សប្រឆាំងនេះ ហាមធ្វើនយោបាយ៥ឆ្នាំ។ ករណីនេះ សហភាពបានព្រមានថាត្រូវអោយបក្សនេះរស់ឡើងវិញ បើពុំនោះទេ EBAនឹងចូលជាធរមាននៅប៉ុន្មានខែទៀតនេះ។ចំណែកឯអាមេរិកក៏បានទាមទារឱ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដែរ។
យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រីតែងតែអះអាងថា បើទោះជាកម្ពុជា គ្មានEBA ក៏សេដ្ឋកិច្ចកម្ពុជាអាចរស់ដោយខ្លូនឯងបានដែរ។តែទន្ទឹមនឹងនេះសម្ដេច ក៏បានថ្កោលទោស ការយកករណី EBA ជា ឧបករណ៏ដើម្បីគាបសង្កតផ្លូវនយោបាយ របស់កម្ពុជា ដែលកំពុងដើរទៅមុខ។
សូមជំរាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុប មានជិត៦ពាន់់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ខណៈកម្ពុជានាំចេញទៅអឺរ៉ុបជាង៤ពាន់់លានដុល្លារ ចំណែកឯសហគមអឺរ៉ុបវិញនាំចូលមកកម្ពុជា ជិត១ពាន់់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងអោយដឹងនៅក្នុងកម្មវិធី តាំងពិព័រណ៍អឺរ៉ុប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
ដោយឡែក បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មកម្ពុជាដោយព្យួរប្រព័ន្ធពន្ធអនុគ្រោះEBA គឺកម្ពុជា ត្រូវខាតបង់ប្រាក់ពន្ធនេះ ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏កំពុងធ្វើពង្រាយច្បាប់ ដកប្រព័ន្ធអនុគ្រោះពន្ធGSPពីកម្ពុជាផងដែរ គឺមានប្រមាណ៤០០លានដុល្លារ។
ទំនិញ ដែលកម្ពុជានាំចូលទីផ្សាររបស់ប្រទេសធំពីរនេះ ហើយទទួលការលើកលែងពន្ទ គឺ សម្លៀកបំពាក់ កង់ ស្ករស ជាដើម។ កម្លាំងពលកម្ម បម្រើសេវានេះ មានជិតមួយលាននាក់ភាគច្រើនជាស្ត្រី៕