សមាជអ្នកប្រជាធិបតេយ្យខ្មែរចង់ឱ្យមានការដោះស្រាយនយោបាយដោយអហឹង្សា
ភ្នំពេញ៖ សេចក្ដីសម្រេចរបស់អង្គសមាជអ្នកប្រជាធិបតេយ្យខ្មែរនៅទីក្រុងក្វាងជូ នៃសាធារណៈរដ្ឋកូរ៉េ បានបង្ហាញពីការចង់មើលឃើញការដោះស្រាយបញ្ហាការធ្លាក់ចុះនៃប្រជាធិបតេ្យនៅកម្ពុជាដោយសន្តិវិធី ។ យ៉ាងណា អ្នកវិភាគមួយចំនួនក៏បង្ហាញការចង់ឃើញបែបនេះមុនពេលអង្គសមាជនេះចេញសេចក្ដីសម្រេចផងដែរ។
កញ្ញាពៅនិកា រាយការណ៍៖
ក្រោយពីធីបុណ្យចូលឆ្នាំខ្មែរចប់មិនទាន់យូរប៉ុន្មានផង សមាជអ្នកប្រជាធិបតេយ្យខ្មែរ និងបាតុកម្មភ្លើងទៀនបានប្រារព្ធធ្វើឡើងដែលមានការចូលរួមពីប្រជាជនខ្មែរគ្រប់ទិសទីជាច្រើនសែននាក់ ។ ព្រឹត្តិការណ៍ទាំងពីនេះ ក៏មានការចូលរួមពីលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ មន្ត្រីជាន់ខ្ពស់អតីតគណបក្សនេះ អង្គការសង្គមស៊ីវិល រួមទាំងអ្នកវិភាគផងដែរ ។
សមាជនេះ ក៏បានចេញសេចក្ដីសម្រេចនៅថ្ងៃទី ២១ មេសា ពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
សេចក្ដីសម្រេចនេះ បានអំពាវនាវនាវភាគីពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យសកម្មក្នុងការធ្វើឱ្យមានប្រជាធិបតេយ្យឡើងវិញពិតប្រាកដនៅកម្ពុជា ។
ជាងនេះ ក៏ស្នើឱ្យប្រទេសដែលពាក់ព័ន្ធ និងអង្គការអន្តរជាតិមួយចំនួន ត្រូវបន្តជួយគាំទ្រដល់ប្រជាជនខ្មែរ និងអ្នកតស៊ូដើម្បីប្រជាធិបតេយ្យ ធ្វើយ៉ាងណាធានាឱ្យបានថាកម្ពុជាអនុវត្តតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ។
មិនត្រឹមតែប៉ុណ្ណោះ អង្គសមាជនេះ ក៏ស្នើឱ្យអាជ្ញាធរកម្ពុជាចរចាជាមួយអន្តរជាតិដើម្បីបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ។
មិនត្រូវទុក និងអនុវត្តច្បាប់ណា ដែលខុសពីស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ឡើយ អំពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍ច្បាប់ ច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស សិទ្ធិនយោយបា សិទ្ធិសេដ្ឋកិច្ច វប្បធម៌ និងសង្គម ។
ដោយឡែក ការស្ដារលទ្ធិប្រជាធិតេយ្យ នីតិរដ្ឋនៅកម្ពុជាត្រូវធ្វើឡើងដោយសន្តិវិធី និងអហឹង្សារ ។
សេចក្ដីសម្រេចដដែល ចង់ឱ្យមានប្រព័ន្ធបោះឆ្នោតមួយ ដែលអាចធានាបាននូវភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយអាចជឿទុកចិត្តបានពីគ្រប់ភាគីទាំងអស់ ។
ខ្លឹមសារសំខាន់មួយទៀតនៃសមាជនេះ ក៏ទាមទារឱ្យមានការកំណត់អាណត្តិនាយរដ្ឋមន្ត្រីដោយមិនឱ្យកាន់អំណាចលើសពីពីរអាណត្តិឡើយ ហើយស្ថាប័នរដ្ឋបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏មិនត្រូវកាន់តំណែងលើសពី១០ ឆ្នាំដែរ ។
លោក គឹម សុខ អ្នកវិភាគដែលកំពុងនិរទេសខ្លួន ហើយមានវត្តមានក្នុងសមាជនោះមានប្រសាសន៍ថា កម្ពុជាត្រូវការប្រជាជននៃប្រទេសនេះទាំងអស់ ទោះបីជារស់នៅទីណាក៏ដោយ គឺក្រោកឈរឡើងទាំងអស់គ្នា រួមដៃគ្នា ដើម្បីឲ្យមានសម្លេងខ្លាំង ក្នុងការសង្គ្រោះកម្ពុជាឲ្យមានប្រជាធិបតេយ្យឡើងវិញ ។
ក្នុងពេលជាមួយគ្នានេះ លោក សម រង្ស៊ី ប្រកាសជាថ្មីម្ដងទៀត ថា លោកនឹងវិលចូលប្រទេសកម្ពុជាវិញឱ្យខានតែបានក្នុងឆ្នាំ ២០១៩ ។
ជាងនេះ លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកស្រីថា លោក សម រង្ស៊ីនឹងបន្តដំណើរមកកាន់ប្រទេសកម្ពុជាវិញនៅពេលឆាប់ៗនេះ ។
ជាថ្មីម្ដងហើយម្ដងទៀត លោក សម រង្ស៊ី ប្រកាសថា លោក ចូលមកទឹកដីកម្ពុជា គឺមិនមែនឱ្យសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាប់ខ្លួនលោកនោះទេ ផ្ទុយទៅវិញគឺលោកមកចាប់សម្ដេច ហ៊ុន សែន ។
យ៉ាងណា សម្ដេច ហ៊ុន សែន ធ្លាប់ប្រកាស និងបញ្ជាថា បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្ដេច ត្រៀមកម្លាំងកម្ទេចក្រុមលោកសម រង្ស៊ី ហើយដែរ ។
សម្រាប់សម្ដេចនាយករដ្ឋមន្ត្រី ការចរចាអាចធ្វើបាននៅក្នុងកាលៈទេសនេះ គឺជាមួយ សហភាពអឺរ៉ុបអំពីបញ្ហា សហប្រតិបត្តិការ ទ្វេភាគីនិងបញ្ហា ដែលសហភាពអឺរ៉ុបកំពុងដាក់ដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA។ សម្ដេចថាកម្ពុជាជារដ្ឋអធិបតេយ្យ ហើយការចរចានយោបាយ គឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។
លោកបណ្ឌិតមាស នី អ្នកវិភាគឯករាជ្យបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា លោក បានមើលឃើញថា អ្នកប្រជាធិបតេយ្យខ្មែរដែលប្រមូលផ្ដុំនៅប្រទេសកូរ៉េ បានបង្កើតនូវភាពចម្រោងចម្រាស់គ្នាទៅវិញទៅមក ហើយក្នុងនោះមានទាំងការប្រឆាំង ការគាំទ្រ និងការគំរាមផងដែរ ។
លោកបណ្ឌិតមាស នី សរសេរបន្ថែមថា បើទោះបីជាយ៉ាងណាក៏ដោយ សម្រាប់លោកបណ្ឌិតផ្ទាល់ លោកតែងតែគាំទ្រជានិច្ចចំពោះការប្រើសិទ្ធជាពលរដ្ឋដែលមានការទទួលខុសត្រូវដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។
យ៉ាងណា អ្នកអះអាងថាខ្លួនប្រជាធិបតេយ្យនៅប្រទេសកូរ៉េ បានធ្វើការបដិសេធន៍ទៅលើវត្តមានរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិពីររូប គឺលោក អ៊ូ ចាន់រ័ត្ន និងលោក ជី កត្តា ដែលអ្នកទាំងពីរនេះ បានស្នើសុំសិទ្ធិធ្វើនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ។ ការណ៍នេះ លោកទាំងពីរតែងតែអះអាងថា ជាការប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន តែអ្នកដទៃមួយចំនួនថាជាការលក់ឧត្តមគតិនយោបាយ ។
ថ្មីៗនេះ ក្រុមនិយមលោក កឹម សុខា ថាក្រុមលោក សម រង្ស៊ី ដែលធ្វើនយោបាយនៅក្រៅប្រទេស មាននយោបាយពោពេញទៅដោយការលាបពណ៌ ការចោទប្រកាន់ផ្សេងៗ ។ ការរិះគន់រវាងដៃគូអ្នកនយោបាយមកពីអតីតគណបក្សសង្គ្រោះជាតិតែមួយនោះ កាន់តែមានជារឿយៗ ដែលនេះអាចជាសញ្ញាណបញ្ជាក់អំពីការសាមគ្គីដ៏ផុយស្រួយនៃផ្ទៃក្នុងរបស់អតីតគណបក្សសង្រ្គោះជាតិ ។
ជាងនេះ ក៏មានការរិះគន់រវាងអ្នកនយោបាយទាំងបក្សកាន់អំណាច អតីតបក្សប្រឆាំង រួមទាំងបក្សតូចៗនៅកម្ពុជា ។
លោកបណ្ឌិត មាស នីបានចោទសួរថា នេះជាចរិតពីកំណើតឬយ៉ាងណា ?
លោកសរសេរថា តាមរយៈការអង្កេតរបស់ខ្លួនថា កាលពីមុនយើងនិយាយថាការរិះគន់នានាទៅលើគណៈបក្សកាន់អំណាចជាញឹកញាប់ត្រូវទទួលរងនៅការឆ្លើយតបតាមបែបប្រមាថធ្ងន់ៗ តែឥឡូវយើងសង្កេតឃើញថាការរិះគន់ណាមួយមកលើគណបក្សប្រឆាំងក៏ត្រូវទទួលរងការឆ្លើយតបតាមបែបជេរប្រមាថធ្ងន់ៗដូចគ្នា ។
យ៉ាងណា លោកបណ្ឌិតមាស នី អំពាវនាវឱ្យអ្នកប្រជាធិបតេយ្យទាំងអស់ គួរដើរចេញពីប្រពៃណីចាស់ដែលនិយមការលាបពណ៌គ្នាឯង ។ លោកចង់ឃើញ អ្នកនយោបាយបែរមករកការរួមគ្នាគិតសារជាថ្មី ផ្តល់តម្លៃអោយគ្នាទៅវិញទៅមក ៕
អត្ថបទ៖ សោម លាភ