ទ្វីបអាហ្រ្វិកត្រូវបានអ្នកវិភាគចាត់ទុកថា ជាតំបន់មួយដែលសំបូរដោយមេដឹកនាំផ្ដាច់ការ។ តែយ៉ាងណាក៏ដោយទ្វីបនេះ បានក្លាយជាគម្រូមួយនៃការផ្លាស់ប្ដូរការដឹកនាំប្រទេសដោយសារតែប្រជាជនងើបបះបោរប្រឆាំងនឹងមេដឹកនាំបែបផ្ដាច់ការនិយម។ប្រជាជនអាល់ហ្សេរីកាលពីថ្ងៃ៤មេសា បានទម្លាក់មេដឹកនាំរបស់ខ្លួនដោយជោគជ័យតែប៉ុន្មានថ្ងៃប៉ុណ្ណោះប្រជាជនស៊ូដង់ ក៏បានទាញទម្លាក់មេដឹកនាំផ្ដាច់ការពួកគេបានជោគជ័យដែរ។ ព្រឹត្តិការណ៍ទាំងពីរនេះត្រូវបានអ្នកសង្កេតការជាច្រើនបានហៅប្រជាជននៃប្រទេសថាជាវីរជនពិតៗនៃការផ្លាស់ប្ដូរប្រទេស។
សូមស្ដាប់ការប្រែសម្រួល របស់កញ្ញា ឆោម ពៅនិកា ដូចតទៅ៖
ពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព្រឹត្តិការណ៍ធំពីរនៃទ្វីបអាហ្វ្រិកគឺការទាញទម្លាក់អំណាចរបស់មេដឹកនាំ។ មេដឹកនាំផ្ដាច់ការដែលម្នាក់ៗកាន់អំណាច២០ឆ្នាំទៅ៣០ឆ្នាំហើយត្រូវបានប្រជាជនធ្វើបាតុកម្មទម្លាក់ពីអំណាចនោះ គឺមេដឹកនាំនេះប្រទេសអាល់ហ្សេរី និងមេដឹកនាំស៊ូដង់ អូម៉ា អាល់បាហ្សៀ។ លោកបេតេហ្វ្លីកាបានកាន់អំណាច២០ឆ្នាំ។បុរសនេះបានព្យាយាមបន្ដអំណាចរបស់គាត់ ប្រាំឆ្នាំទៀត ប៉ុន្ដែមិនបានសម្រេចដោយសារតែប្រជាជនរបស់ប្រទេសនេះមិនគាំទ្រហើយនាំគ្នាធ្វើបាតុកម្មទម្លាក់តែម្ដង។ចំណែកលោក អូម៉ា អាល់បាហ្សៀ ក៏ត្រូវបានប្រជាជនធ្វើបាតុកម្មទម្លាក់ពីអំណាចផងដែរ។បុរសនេះបានព្យាយាមបន្ដកាន់អំណាចច្រើនឆ្នាំទៅមុខទៀត។
មូលហេតុនៃការទម្លាក់មេដឹកនាំពីររូបនេះពីអំណាច
មេដឹកនាំប្រទេសទាំងពីររូបនេះសុទ្ធតែមានបាតដៃប្រឡាក់ឈាមរបស់ប្រជាជន ។មេដឹកនាំ អាល់ហ្សេរី បូតេហ្វ្លីកា បានសុំកែប្រែរដ្ឋធម្មនុញ្ញដើម្បីឱ្យខ្លួនគេបន្ដកាន់អំណាចប្រាំឆ្នាំទៀតតាមរយៈការបោះឆ្នោតដែលគ្មានភាពត្រឹមត្រូវ ហើយជាឧបករណ៍មួយដើម្បី ឱ្យមេដឹកនាំរូបនេះបន្តកាន់អំណាច។ ជាហេតុមួយដែលពលរដ្ឋអាល់ហ្សេរី មិនត្រូវការមេដឹកនាំរូបទៀតនោះគឺដោយ សារបូតេហ្វ្លីកា ជាជនចាស់ជរា អសមត្ថភាពនៃការដឹកនាំប្រទេស។ មួយទៀតប្រជាជនចង់បានមេដឹកនាំថ្មីដែលមិនពុករលួយ និងស្អាតស្អំ ជាអ្នកកែទម្រង់ប្រទេសប្រកបដោយ ការគោរពសិទ្ធិមនុស្ស ។
ដោយឡែកអតីតមេដឹកនាំប្រទេសស៊ូដង់ អ៊ូម៉ា អាល់បាហ្សៀ ក៏ប្រហាក់ប្រហែលគ្នានេះដែរ។ ប៉ុន្ដែខុសគ្នាត្រង់ថា លោកអាល់ បាហ្សៀ ជាប់ បទឧក្រឹដ្ឋប្រឆាំងមនុស្សជាតិនៃការសម្លាប់រង្គាលទៅលើប្រជាជនស្លូតត្រង់រស់នៅតំបន់ ដាហ្វ័រដែលពួកគេបានបាត់បង់ជីវិតក្នុងប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ លោកអាល់បាហ្សៀ ពេលនោះគឺជាឧត្តមសេនីយ៍ម្នាក់ដែលបណ្ដោយឱ្យមានការចាប់ពង្រត់ធ្វើទារុណកម្ម ចាប់រំលោភ ស្រ្ដីភេទ កាលពីក្នុងសង្រ្គាម២០០៣ ដល់២០០៨។ ហើយយ៉ាងហោចណាស់មនុស្ស២ម៉ឺននាក់បានស្លាប់។ ក្រៅពីនេះ ប្រជាជនស៊ូដង់បានងើបឡើងបះបោរប្រឆាំងនឹងបុរសនេះ គឺចង់ឱ្យប្រទេសស៊ូដង់មានមេដឹកនាំថ្មីដែលមិនបង្កអំពើអយុត្តិធម៌។
យ៉ាងណាមិញ លោក អាល់បាហ្សៀកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារមួយនៃប្រទេសនេះ។ បុរសនេះបានកាន់អំណាចរយៈពេល៣០ឆ្នាំ ដែលពោរពេញដោយការរំលោភសិទ្ធិមនុស្ស។ ការធ្វើបាតុកម្មរបស់ប្រជាជនស៊ូដង់ ទម្រាំតែទម្លាក់លោក អាល់ បាហ្សៀពីអំណាចបានគឺបានប្រើពេលរហូតដល់ទៅជិត៤ខែ។ក្នុងអំឡុងពេលនេះយ៉ាងហោចណាស់មនុស្សរាប់សិបនាក់ និងរបួសរាប់រយនាក់ដោយសារការវាយបង្ក្រាបរបស់ឆ្មាំសន្ដិសុខប្រទេសក្រោមការបញ្ជារបស់លោកអាល់បាហ្សៀ។ ការចេញធ្វើបាតុកម្មរបស់ប្រជាជនស៊ូដង់ ឃើញថា ស្រ្ដីភាគច្រើនបំផុត បានឈានមុខគេក្នុងការតវ៉ានេះ ។
តែយ៉ាងណាប្រជាជននៃប្រទេសទាំងពីរ អាល់ហ្សេរីនិង ស៊ូដង់ គឺជាអ្នកផ្ដើមឱ្យមានចរន្ដផ្លាស់ប្ដូរផ្ទុះឡើងដែលគេហៅថា ទ្វីបអាហ្វ្រិចនៅឆ្នាំ២០១៩នេះគឺជាប្រភពនៃបដិវត្តរដូវស្លឹកឈើជ្រុះគឺដូចនឹងបដិវត្តឆ្នាំ២០១១ទម្លាក់មេដឹកនាំនៃប្រទេស ទុយនេស៊ី លីប៊ី និង ប្រទេសអេហ្ស៊ីប។ ជាការកត់សម្គាល់ មេដឹកនាំប្រទេសទាំងពីរនេះ ធ្លាក់ពីអំណាចទី១ ដោយសារប្រជាជន មានការធ្វើអន្ដរាគមន៍ដោយពួកកងទ័ព។ គេនៅចាំបានថា មេដឹកនាំនៃប្រទេស ហ្ស៊ីមបាវ៉េ រ៉ូបឺតមូហ្កាបា និង មេដឹកនាំនៃប្រទេស ហ្គាមបៀ យ៉ាយ៉ាចាម៉េស ក៏ត្រូវបានប្រជាជនឈានមុខ ធ្វើបាតុកម្ម ទម្លាក់ពីអំណាចហើយក្រោយមកឃើញថា ពួកយោធាក៏ចូលរួមកម្លាំងជាមួយជនស៊ីវិលទម្លាក់មេដឹកនាំខ្លួនឯងផងដែរ គឺបានជោគជ័យ។ ជារួមទៅ ចរន្ដនៃការទម្លាក់មេដឹកនាំពីរូបនេះពីអំណាចកើតឡើងនៅដើមខែមេសា គឺកើតចេញពីចលនារបស់ជនស៊ីវិល។ ក្នុងន័យនេះ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានហៅប្រជាជនស៊ូដង់ និង ប្រជាជន អាល់ហ្សេរីគឺជាវិរជនពិតៗនៃការផ្ដួលមេដឹកនាំខ្លួនពីអំណាច៕