លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើននៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ ថា លោកគ្រោងនឹងជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗទាំងអស់នៅកម្ពុជា ដើម្បីពិភាក្សាពីការឡើងចុះថ្លៃប្រេងសាំងនៅកម្ពុជា នាពេលឆាប់ៗនេះ ។
មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី បានក្រើនរំឭកដល់ក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាទាំងអស់ថា ក្រុមហ៊ុនមិនត្រូវដំឡើងថ្លៃសាំងបន្ថែមទៀតទេ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំបាននិយាយហើយ មានហេតុផលដែលអាចយោគយល់នៅត្រង់អីចេះ ពេលដែលប្រេងចុះថ្លៃ គាត់ថាគាត់មិនទាន់ចុះបានទេ ដោយសារគាត់ទិញយកមកមុនវាថ្លៃ អីចឹងគាត់ស្តុកទុក គាត់រក្សាតម្លៃនេះមួយរយៈ ដល់ទិញអាថ្មីមកទើបគាត់ចុះ។ ប៉ុន្តែ រឿងដែលចង់សើចនៅកន្លែងនេះ! លឺសូរតែប្រេងឡើងថ្លៃនៅទីក្រុងឡុងដ៍ ឬញូវយ៉ក គាត់ឡើងថ្លៃប្រេងនៅភ្នំពេញភ្លាម ក្នុងពេលដែល គាត់មិនទាន់បាននាំចូលមួយតំណក់ ។ អាហ្នឹងដែលយល់គ្នាអត់បាន ខ្ញុំនឹងជួបជាមួយអ្នកលក់សាំងដោយផ្ទាល់តែម្តង ហើយកំពុងឲ្យរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មធ្វើមេគុណឲ្យខ្ញុំ ដើម្បីកំណត់និយាយជាមួយគ្នាអារឿងឡើងចុះនេះ កុំឲ្យតាមវ៉ាល់របស់ខ្លួននេះ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើង ខណៈពេលដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួកពិភ្សាច្រើនលើកជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ទនៈធំៗនៅកម្ពុជា ដើម្បីស្វែងរករូបមន្តរួមមួយ ក្នុងការបញ្ចុះតម្លៃសាំង ឲ្យស្របទៅតាមទីផ្សារអន្តរជាតិ ដែលកំពុងតែធ្លាក់ចុះ ប្រមាណ៤០ដុល្លារក្នុងមួយប៉ារ៉ែល។ ការចរចាជាច្រើនលើកនេះ ហាក់មិនទាន់ទទួលបានលទ្ធផលជាដុំកំភួននៅឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកចំនួន៥ បានយល់ព្រមបញ្ចុះម្លៃប្រេងសាំង ចំនួន១០០រៀលក្នុងមួយលីត្រ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ៕