ភ្នំពេញ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានចេញមុខសុំការយោគយល់ពីប្រជាពលរដ្ឋលើបញ្ហាការផ្គត់ផ្គង់អគ្គិសនីមានភាព ឆកល្វែងយ៉ាងណាក្តី តែប្រជាពលរដ្ឋមួយចំនួននៅតែត្អូញត្អែរពីការខាតបង់ថវិកាសម្រាប់ចំណាយនានា និងការបាត់បង់អតិថជនរបស់ខ្លួន ខណៈចរន្តអគ្គិសនីនៅតែដាច់ជាញឹកញាប់។ យ៉ាងណាមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថាបញ្ហាអគ្គិសនីនឹងអាចដោះស្រាយបានកំឡុងខែឧសភាខាងមុខនេះ ពោលគឺនៅពេលមានភ្លៀងគ្រប់គ្រាន់។
តទៅនេះសូមស្តាប់បទយការណ៍ដែលរាប់រៀងដោយលោក កែវ សុខា ដូចតទៅ!
ប្រធានបទការដាច់ចរន្តអគ្គិសនីក្នុងរាជធានីភ្នំពេញ នៅតែបញ្ហាចោទដដែល សម្រាប់ប្រជាពលរស់នៅក្នុងរាជធានីភ្នំពេញ ពិសេសស្រ្តីៗដែលមានកូនតូច និងអាជីវករដែលត្រូវការអគ្គិសនីជាចាំបាច់។
ឈរច្រោះត្រីក្រឹមដាក់ក្នុងស្បោងក្នុងផ្ទះល្វែងតូចមួយក្នុងសង្កាត់ទួលទំពូង អ្នកស្រី លី គន្ធា ជាអាជីវករលក់ត្រីក្រឹមប្រាប់ថា ត្រីទាំងអស់ត្រូវការអុកស៊ីសែនដែលបាញ់ចេញពីម៉ាស៊ីនតូចមួយដើរដោយចរន្តអគ្គិសនី។ ត្រីទាំងនេះនឹងងាប់បើគ្មានអុកស៊ីសែន ប្រហែល៣០នាទី ទៅមួយម៉ោង។ អ្នកស្រី គន្ធា បន្តថា បញ្ហាជាច្រើនបានកើតឡើងនៅពេលដែលចរន្តអគ្គិសនីបានដាច់ជាញឹកញាប់ ព្រោះរបបលក់ត្រីក្រឹមនេះត្រូវការភ្លើងខានមិនបាន។
ក្នុងផ្ទះល្វែងដែលមានទូ និងត្រីក្រឹមច្រើនប្រភេទ ហើយទូនិមួយៗបំពាក់ដោយម៉ាស៊ីនបង្កើនអុកស៊ីសែន និងអំពូលផងនោះ អ្នកស្រី គន្ធា ជាម្ចាស់ប្រកបរបបនេះរយៈពេល ៥ ឆ្នាំមកហើយនោះ បានត្អូញត្អែរពីការចំណាយប្រាក់ប្រមាណ ៣ម៉ឺនរៀលក្នុងមួយថ្ងៃលើការទិញប្រេងសាំងដើម្បីបញ្ឆោះម៉ាស៊ីនភ្លើងពេលដាច់ចរន្តអគ្គិសនី។ អ្នកលក់ត្រីក្រឹមរូបនេះឱ្យដឹងថា អ្នកស្រីក៏បាត់អតិថជនផងដែរ ព្រោះភ្ញៀវមិនសូវមកទិញត្រីយកទៅចិញ្ចឹមទេ ព្រោះត្រីក្រឹមខ្លះត្រូវការអុកស៊ីសែនជាចាំបាច់។
អ្នកស្រី លី គន្ធា៖«ចង់និយាយថាចំណាយក៏វាច្រើនជាងមុនដែរ ភ្លើងយើងនៅដដែលតែសាំងយើងប្រើច្រើនយើងអស់[ប្រាក់] ច្រើនជាងមុន។ហើយផ្សែងម៉ាស៊ីនធ្វើឱ្យប៉ះពាល់សុខភាព សំឡេងធ្វើឱ្យរំខានធ្វើឱ្យការលក់ក៏ពិបាក វាមិនសូវសប្បាយចិត្ត និងតប់ប្រមល់។ ហើយគ្រឿងយើងសុទ្ធតែប្រើភ្លើង អចឹងពេលភ្លើងបុកចុះបុកឡើងអញ្ចឹង ធ្វើឱ្យម៉ូទ័រយើងអាចឆាប់ខូចទោះបីយើងមានប៉ារេតភ្លើងបិទចុះឡើយក៏ដោយ ក៏វាឆាប់ខូតដែរ។ និយាយទៅជៀសមិនរួចទេគ្រាន់តែមួយរយៈនេះខ្ញុំខូតអស់ម៉ូទ័រអស់ច្រើនដែលហើយ»។
នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានថ្លែងសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ ចំពោះការផ្គត់ផ្គង់ចរន្តអគ្គិសនីមិនបានគ្រប់គ្រាន់នារដូវក្តៅនេះ។ សម្តេចបានបញ្ជាក់មូលហេតុថា ដោយអាកាសធាតុនាឆ្នាំនេះឡើងកំដៅខ្លាំង នាំឱ្យតម្រូវការប្រើប្រាស់អគ្គិសនីក៏ឡើងខ្ពស់ជាហេតុបណ្តាលឱ្យការផ្គត់ផ្គង់ចរន្តអគ្គិសនីមានភាពខ្វះចន្លោះ។
តែយ៉ាងណាប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា កម្ពុជានឹងទិញចរន្តអគ្គិសនីពីប្រទេសជិតខាង និងបង្កើតទំនប់វារីអគ្គិសនីបន្ថែមដើម្បីដោះស្រាយបញ្ហាទាំងនេះ នៅឆ្នាំនេះ និងឆ្នាំក្រោយ។
ស្រ្តីមេផ្ទះមួយរូបទៀតដែលមានមុខរបបអ៊ុតសក់ និងរោងម៉ាស៊ីនក្រឡឹងផង ប្រាប់វិទ្យុស្រ្តីពីផលលំបាកនានានៅពេលដែលមុខរបបទាំងពីរនេះសុទ្ធតែត្រូវការអគ្គិសនីដើម្បីដំណើរការ។ អ្នកស្រី សុខ ហេង រស់នៅគីឡូម៉ែតលេខ ១០ រាជធានីភ្នំពេញ និយាយថា អ្នកស្រីបាត់ចំណូលជាច្រើន ដោយសារមិនអាចផ្តល់សេវាកម្មជូនអតិថជន ព្រោះមុខរបបអ្នកស្រីត្រូវការភ្លើងអគ្គិសនីដើម្បីអ៊ុតសក់ និងផ្សារគ្រឿងចក្រផ្សេងៗឱ្យភ្ញៀង។
អ្នកស្រី សុខ ហេង៖«នៅពេលដាច់ភ្លើងញឹកញាប់អីចឹងធ្វើឱ្យបាត់បង់អតិថជនហើយរកប្រាក់ចំណូលបានតិច»។
ក្នុងឆ្នាំ២០១៨ ប្រជាជនកម្ពុជាបានប្រើប្រាស់ភ្លើងអគ្គិសនីចំនួនអស់ចំនួន ៩៣០លានគីឡូវ៉ាត់ម៉ោង។ គិតជាមធ្យមប្រចាំថ្ងៃវិញប្រជាជនប្រើប្រាស់អស់ ២៥,៥លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ តែដោយឡែកនៅដើមឆ្នាំ ២០១៩នេះ ប្រជាជនបានប្រើប្រាស់ថាមពលអគ្គិសនីអស់ ៣១ លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ជាចំនួនដែលមន្រ្តីនៃក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២២ មីនាថា មានកំណើនលើនឡើងយ៉ាងគំហុក។
មូលហេតុដែលបង្កឱ្យការប្រើប្រាស់ភ្លើងអគ្គិសនីបានហក់ឡើងនេះ គឺបណ្តាលមកពីកូនរដូវរងានៅដើមឆ្នាំនេះមានរយៈពេលខ្លី ស្របពេលដែលកម្ពុជាកំពុងទទួលរងនូវបាតុភូតអ៊ែលនីណូដែលធ្វើឱ្យឡើងកម្តៅជាបច្ច័យនាំឱ្យប្រជាពលរដ្ឋ បង្កើនការប្រើប្រាស់អគ្គិសនីកាន់តែច្រើនឡើង តួយ៉ាងការប្រើ ម៉ាស៊ីនត្រជាក់ កង្ហារ និងគ្រឿងអេឡិចត្រនិចមួយចំនួន។
កត្តាមួយទៀតនោះ ដោយសារនៅចុងរដូវប្រាំងនេះមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ជាហេតុធ្វើឱ្យទំនប់វារីអគ្គិសនីនានា មិនមានទឹកគ្រប់គ្រាន់ដើម្បីផលិតជាថាមពលអគ្គិសនី។
មូលហេតុចម្បងមួយទៀតដែរ ដោយសារតែកំណើនវិនិយោគកាន់តែច្រើននៅខេត្តក្រុងមួយចំនួនដូចជាង រាជធានីភ្នំពេញ កំពង់ធំ កណ្តាល កំពង់ស្ពឺ និងសៀមរាប ជាហេតុធ្វើឱ្យការផ្តត់ផ្គង់អគ្គិសនីទៅតាមបណ្តារោងចក្រសហគ្រាសទាំងនោះមានទំហំកាន់តែធំ។
ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធកាលពីគ្រាកន្លងទៅបានទៅចរចាជាមួយប្រទេសជិតខាង ដូចជា ថៃ ឡាវ និង វៀតណាយ ដើម្បីឱ្យប្រទេសទាំងនេះបង្កើនការលក់ភ្លើងអគ្គិសនីដល់កម្ពុជា។
តែបើទោះបីជា កម្ពុជាបានប្រមូលទិញអគ្គិសនីពីប្រទេសជិតខាង និងផលិតបានខ្លួនឯងខ្លះក្តី តែកម្ពុជានៅតែខ្វះថាមពលអគ្គិសនីប្រមាណ ៤ លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃដើម្បីផ្គត់ផ្តង់តាមតម្រូវការរបស់ពលរដ្ឋ។
ប្រការនេះអាជ្ញាធរពាក់ព័ន្ធបានសិក្សាដោយបានផ្តាច់ភ្លើងអគ្គិសនីរបស់ប្រជាពលរដ្ឋនៅពេលថ្ងៃរយៈពេល ៦ ម៉ោងក្នុងមួយថ្ងៃ លើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យឈប់សម្រាកតែប៉ុណ្ណោះ។ ការធ្វើបែបនេះគឺដើម្បីទុកថាមពលអគ្គិសនីប្រើប្រាស់នៅពេលយប់ឱ្យពេញលេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា វិបត្តិនៃកង្វះភ្លើងអគ្គិសនីប្រើប្រាស់នេះ គឺមានរយៈពេលខ្លីតែប៉ុណ្ណោះ ដោយបញ្ហានេះអូសបន្លាយត្រឹមចុងខែឧសភាឆ្នាំនេះ ពោលគឺមានរយៈពេល ៧២ ថ្ងៃប៉ុណ្ណោះ។ សម្តេច ហ៊ុន សែន បានសូមការយោគយល់ដោយសំណូមពរឱ្យប្រជាពលរដ្ឋដែលមានម៉ាស៊ីនភ្លើងអាចប្រើប្រាស់ជាបណ្តុះអាសន្នសិននៅ ពេលភ្លើងដាច់។
មន្រ្តីក្រសួងរ៉ែ និងថាមពល បានបង្ហាញផែនការមេក្នុងការផ្តត់ផ្គង់អគ្គិសនីថា នៅចុងឆ្នាំ២០១៩ នេះម៉ាស៊ីនភ្លើងដែលក្រសួងបានសាងសង់រួចរួលហើយនោះ នឹងអាចបញ្ចូលថាមពលអគ្គិសនីបាន ១៨០មេកាវ៉ាត់។ ចំណែកថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា នៅថ្មាត់ពងមានកម្លាំង ៦០មេកាវ៉ាត់នឹងអាចបញ្ចេញចំនួន ២០ មេកាវ៉ាត់មកប្រើបាននៅខែមេសានេះ។ ជាការសង្កេតចរន្តអគ្គិសនីនៅក្រោយចូលឆ្នាំថ្មីនេះហាក់មានគ្រប់គ្រាន់ឡើងវិញ។
កាលពីទី៥ ខែមេសា ប្រមុខដឹកនាំបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព បានកំណត់យកបញ្ហាអាទិ ភាពលើគម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១គម្រោង គម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២គម្រោង និងបន្ថែមអានុភាព ២០មេហ្គាវ៉ាត់ លើគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺជាយុទ្ធសាស្រ្តដោះស្រាយបញ្ហា។
កម្ពុជាក៏កំពុងសិក្សាពីគម្រោងសាងសង់ប្រភពអគ្គិសនីដោយកម្លាំងខ្យល់នៅលើភ្នំបូកគោ និងនៅខេត្តមណ្ឌលគីរីបន្ថែមផងដែរ ដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្រ្តដែលថា ចាប់ពីឆ្នាំ២០២០ តទៅខាងមុខ កម្ពុជានឹងមិនមានវិបត្តិដាច់ភ្លើងញឹកញាប់ដូចដើមឆ្នាំ២០១៩នេះទៀតទេ៕