ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំនេះ ប្រទេសចិនបានទិញអង្ករពីកម្ពុជាច្រើនជាងគឺមានចំនួនជាង ១៧ម៉ឺន កើនឡើង ៦% បើ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨ ដែលមានត្រឹមតែជាង ១៦ម៉ឺនតោន។
នេះបើតាមទិន្នន័យផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ នៅថ្ងៃទី១០ ខែមេសានេះដែលបណ្តាសារព័ត៌មានទទួលបាន។
របាយការណដដែលបញ្ជាក់ទៀតថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ សហគមន៍អឺរ៉ុប ដែលមានប្រទេសចំនួន ១៩ កំពុង ទិញអង្ករពីកម្ពុជាបានត្រឹមតែជាង ៥ ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះ៣២ភាគរយ បើធៀបនឹង ៣ខែ ឆ្នាំ២០១៨ មានរហូតដល់ជាង ៧ម៉ឺនតោន។
ការធ្លាក់ចុះនេះបន្ទាប់ពីអឺរ៉ុប បានគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩មក។ ការគិតពន្ធនេះមានរយៈពេល ៣ឆ្នាំ ដែលឆ្នាំទី១ តម្លៃពន្ធប្រមាណ ២០០ ដុល្លារអាមេរិក ក្នុង១តោន។ ចំណែកឆ្នាំទី២ ប្រមាណ១៧០ដុល្លារ និងឆ្នាំទី៣ ប្រហែល១៤០ដុល្លារ ក្នុង១តោន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានដំឡើងកូតានាំចូលអង្ករកម្ពុជាឱ្យបាន ៤០ម៉ឺនតោនក្នុងមួយឆ្នាំ។កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជានាំចេញអង្ករជិត៦៣ម៉ឺនតោន។
សហគមន៍អឺរ៉ុបបានសម្រេចយកពន្ធអង្កររបស់កម្ពុជា បន្ទាប់ពីកសិករអឺរ៉ុបបានប្តឹងតវ៉ាលើការនាំចូលអង្ករពីប្រទេសកម្ពុជា និងភូមា ដែលធ្វើឱ្យប៉ះពាល់ការផលិតអង្កររបស់កសិករអឺរ៉ុប។
មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់គូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា កម្ពុជាកំពុងតែត្រៀមឯកសារផ្លូវច្បាប់ និងបានជួលមេធាវីអន្តរជាតិ ដើម្បីប្តឹងតវ៉ាការយកពន្ធអង្ករពីសំណាក់សហគមន៍អឺរ៉ុបជាថ្មី។ សហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា ការយកពន្ធលើការនាំចូលអង្ករពីកម្ពុជាទៅទីផ្សារអឺរ៉ុបបែបនេះ គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជា ព្រោះការសម្រេចយកពន្ធនេះ អឺរ៉ុបបានបូកបញ្ចូលទាំងអស់អង្ករក្រអូបថែមទៀត បើទោះបីជា កសិករអឺរ៉ុបមិនអាចផលិតអង្ករក្រអូបបានក៏ដោយនោះ។
សូមបញ្ជាក់ដែរថា ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបនៅដើមឆ្នាំ២០១៩នេះ បានធ្លាក់ចុះជាមួយម៉ឺនតោន។ នេះបើតាមមន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជា៕