វៀតណាមជាប្រទេសមួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលតែងតែមានភាពតានតឹងជាមួយចិន ករណីចិនបង្កការលុកលុយចូលដែនទឹកកំពុងមានជម្លោះនៅប្រជុំកោះស្ត្រាតលីនិងប៉ារ៉ាហ្សែលនៃសមុទ្រចិនខាងត្បូង។ វៀតណាមបានបាត់បង់កោះរបស់ខ្លួនជាច្រើននៅប្រជុំកោះប៉ារ៉ាហ្សែលដោយសារ សង្រ្គាមនៅឆ្នាំ១៩៧៤ ដែលវៀតណាមថាចិនបានឈ្នានពានចូលលុកលុយដែនទឹករបស់ខ្លួន។
ការបាត់កោះទាំងនោះក៏ព្រោះតែចិននិងវៀតណាមមិនអាចមានកិច្ចព្រមព្រឿងជាមួយគ្នាដែលធ្វើឡើងស្របតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។
រាយការណ៍ដោយ កញ្ញា ហេង នីទី
ដោយភ័យខ្លាចថា នៅពេលខាងមុខទៀតនេះ ខ្លួនពិតជាជួបគ្រោះអាសន្នដូចករណីកោះមួយដ៏ធំនៃប្រទេសហ្វីលីពីនកំពុងឡោមព័ន្ធចូលកាន់កាប់ដោយកងទ័ពចិនគឺ ទំនងរឿងនេះហើយមើលទៅ បានផ្ដើមឱ្យវៀតណាមភ័យហើយបានបង្ខំខ្លួនត្រូវរុញ ករណីនេះក្លាយទៅជាដំណោះស្រាយអន្តរជាតិមួយបានយ៉ាងឆាប់បំផុត។
គេហទំព័រមួយមានឈ្មោះថា This Week In Asia បានធ្វើបទវិភាគមួយរបស់ខ្លួន ដោយដាក់ចំណងជើងថា«វៀតណាមចង់ឱ្យមានកតិកាសញ្ញាអន្តរជាតិមួយ ករណីជម្លោះសមុទ្រចិនខាងត្បូងជាជាងដំណោះស្រាយក្រោមឥទ្ធិពលនយោបាយ»។ បទវិភាគរបស់ គេហទំព័រនេះ បានធ្វើការវិភាគអំពីកំហុសជាប្រវត្តិសាស្ត្រគឺករណីជាប់គាំងក្រមសមុទ្រCOC ដែលសមាគមអាស៊ានមិនអាចរកច្រកចេញរូចឬគ្មានកិច្ចព្រមព្រៀងជាមួយចិន។ ជាការពិត សមាគមអាស៊ាន និងចិន បានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមនឹងគ្នាម្ដងហើយកាលពីឆ្នាំ២០០២ អំពីជម្លោះសមុទ្រចិនខាងត្បូង។តែមើលទៅដូចជាគ្មានន័យនិងគ្មានប្រសិទ្ធភាពឡើយ។
ទាំងសមាគមអាស៊ាននិងចិនបានត្រឹមតែដើរមកកៀកនឹង ការបង្កើតក្រមនេះប៉ុណ្ណោះ។ ប៉ុន្តែមិនអាចមានចំណុចរួមបានឡើយ។ក្នុងន័យនេះហើយ ដែលមើលទៅ ចិនចេះតែមានឱកាសដើម្បីប្រើឥទិ្ធពលច្រើនឡើងៗអាចនាំនាវាល្បាតដែលបំពាក់ដោយអាវុធបានចូលទៅលុកលុយដែនកោះមួយចំនួន ដែលជាក់ស្ដែង ដូចករណីចិន យកនាវាល្បាតនិងនាវានេសាទរាប់រយគ្រឿងឡោមព័ន្ធកោះមួយដែលហ្វីលីពីនអះអាងថាជារបស់ខ្លួនរាប់រយឆ្នាំមកហើយ។
កាលពីខែសីហាឆ្នាំ២០១៨ សមាគមអាស៊ានបានព្រមជាមួយគ្នាថានឹងជជែកគ្នាស៊ីជម្រៅដើម្បីបង្កើតក្រមនេះឡើង ជាមួយភាគីពាក់ព័ន្ធរួមនឹងចិនផងដែរ។ តែពេលនេះ ចិន បានបង្ហាញ ប្រៀបខ្លាំងរបស់ខ្លួនទៅហើយ តាមរយៈឡោមព័ន្ធ កោះPag –Asa ឬ Thitu ដែលធ្វើអោយហ្វីលីពិនរត់ស្វែងរកសម្ព័ន្ធមិត្តអាមេរិកអោយឱ្យជួយខ្លួន តាមរយៈការធ្វើសមយុទ្ធដ៏ធំមួយ ជាលើកដំបូងនៅក្នុងសប្ដាហ៍នេះហើយសមុទ្ធនេះ ត្រូវបានមើលឃើញថា ជាសញ្ញាប្រាប់អំពីគ្រោះថ្នាក់នៃសង្គ្រាមអាចកើតមាន។
តាមសេចក្ដីរាយការណ៍សមយុទ្ធនេះ ប្រើប្រាស់ដោយនាវាចម្បាំងដ៏ធំមួយរបស់សហរដ្ឋអាមេរិកផ្ទុកកាំជ្រួចរាប់រយដើម និងយន្តហោះចម្បាំងធុនF-35ចំនួន ១០គ្រឿង។ សមយុទ្ធនេះ មាន នាវាពិឃាតជាង១០គ្រឿងចូលរួមហើយមានកងទ័ពជាង៧០០០នាក់។ សមយុទ្ធនេះ ធ្វើឡើងនៅឆកសមុទ្រហ្វីលីពីន គឺក្បែរប្រជុំកោះស្ព្រាតលីដែលចិនបានចូលកាន់កាប់មួយភាគធំហើយនោះ។
តែយ៉ាងណា វៀតណាម សង្ឃឹមថា បើមានកតិកាសញ្ញាអន្តរជាតិ និងក្រមសមុទ្រហើយ គឺតំបន់តានតឹងនេះនឹងមានសន្តិភាពហើយប្រទេសជាភាគហត្ថលេខីត្រូវតែគោរពគឺរួមទាំងចិនផង។
ការវិភាគរបស់ This Week In Asia ដែលនិពន្ធដោយ Le Hong Hiep ថាវៀតណាម ក្ដីហ្វីលីពីនក្ដី ដែលដែនកោះរបស់ពួកគេកំពុងចិនទន្ទ្រានចូលកាន់កាប់ គឺពួកគេគិតថា ឧបករណ៍ច្បាប់អន្តរជាតិនេះ ធ្វើឱ្យចិន នឹងអស់លេសដើម្បីចូលកាន់កាប់ទីនោះ។
តាមសារព័ត៌មានSouth Morning Post ចិនបានស្ថាបនារួចហើយ នូវកោះសិប្បនិម្មិត ចំនួន៧នៅតំបន់ជម្លោះនោះគឺកោះនោះអាចជាទីតាំងឈរជើងរបស់កងទ័ពចិនទៀតផង។
ប្រទេសដែលអះអាងថាមានដែនកោះរបស់ខ្លួននៅក្នុងប្រជុំប៉ារ៉ាហ្សែលនិងស្រ្ពាតលី គឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ សង្ហបុរី តៃវ៉ាន់ និងចិន។ តែមានតែវៀតណាម ហ្វីលីពីនទេ និងកោះតៃវ៉ាន់ទេ ហ៊ានទប់ទល់នឹងការបង្កជំលោះ ពីសំណាក់ប្រទេសចិន។ ដោយឡែកអាមេរិក ឥណ្ឌាអង់គ្លេស បារាំង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ដែលតែងតែចេញមុខការពារអត្ថប្រយោជន៍ ដោយការបើកនាវាចម្បាំងឆ្លងកាត់ទីនោះគឺជាពិសេសអាមេរិក ដោយសារពួកគេចាត់ទុក ទីនោះគឺជាផ្លូវនាវាចរណ៍អន្តរជាតិ៕