សូដង់៖នៅទីបំផុតពួកយោធាបានសម្រេចបើកកិច្ចប្រជុំសម្ងាត់ជាមួយប្រធានាធិបតី Omar al-Bashir ដែល ប្រជាជនកំពុងធ្វើបាតុកម្មទាញទម្លាក់ពីអំណាច។ តាមសេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់DW បានរាយការណ៍ថាខណៈនេះ ប្រជាជនកំពុងឡោមព័ន្ធវិមានប្រធានាធិបតីដើម្បីដាក់សម្ពាធអោយមេដឹកនាំរូបចុះចេញពីតំណែង។ មួលហេតុនៃការបណ្ដេញលោក Bashir គឺដោយសារមេដឹកនាំនេះរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
កាលពីសប្ដាហ៍មុន ប្រជាជនអាល់ហ្សេរីបានជោគជ័យរបស់ខ្លួនក្នុងការទាញទម្លាក់មេដឹកនាំផ្ដាច់ការពីអំណាច ប៉ុន្តែជ័យជន្នះក៏បានមកពីពួកយោធាអន្តរាគមន៍ដែរ។
កញ្ញា ហេង និទី ជូនសេចក្ដីប្រែសម្រួល៖
ទំនងមិនយូរទេ មេដឹកនាំផ្ដាច់ការម្នាក់ទៀតនៅទ្វីបអាហ្រ្វិកគឺប្រធានាធិបតី Omar al-Bashir នៃប្រទេសសូដង់នឹងត្រូវបានប្រជាជនទាញទម្លាក់ពីអំណាចដោយការជួយអន្តរាគមន៍ពីពួកយោធា គឺដូចមេដឹកនាំផ្ដាច់ការនៃប្រទេស អាលើហ្សេរី លោក Abdelaziz Bouteflika ។ ប្រជាជន សូដង់បានធ្វើបាតុកម្មទម្លាក់មេដឹកនាំខ្លួនតាំងពីខែធ្នូឆ្នាំ២០១៨។ តាមសេចក្ដីរាយការណ៍ របស់ សារព័ត៌មានReuters បាតុករស្លាប់ដោយការវាយបង្ក្រាបរបស់ប៉ូលិសបង្ក្រាបកុប្បកម្ម ជាង២០និងរបួសរាប់រយនាក់។
កាលពីថ្ងៃទី៦មេសាបាតុករច្រើនពាន់នាក់បានឡោមព័ន្ធ វិមានប្រធានាធិបតីនិងទីបញ្ជាការយោធា រហូតដល់យប់ជ្រៅទើបពួកគេ រំសាយវិញ។ បាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញនេះគឺមានទ្រង់ទ្រាយធំជាងមុនដែលបញ្ជាក់ថា កម្លាំងប្រឆាំងទាមទារអោយ លោក Bashir គឺចុះចេញពីអំណាចនោះកាន់តែមានកម្លាំងរឹងមាំទ្វេដង។ យ៉ាងណាក៏ដោយ លោក Bashir បានបដិសេធដាច់ខាតថាមិនចាកចេញពីតំណែងឡើយ។ លោកបានប្រាប់ទៅបាតុករថាត្រូវទម្លាក់លោកដោយសន្លឹកឆ្នោតដែល ក្រុមប្រឆាំងចាត់ទុកការបោះឆ្នោតក្រោមស្ថាប័នមួយដែលមិនមានភាពឯករាជ្យនិងអព្យាក្រឹត្យ។
តែយ៉ាងណាបាតុកទាំងពីរថ្ងៃសម្រាប់ចុងសប្ដាហ៍បាននាំអោយពួកយោធាកោះប្រធានាធិបតី Omar al-Bashir ប្រជុំសំងាត់ដើម្បីឆ្លើយតបនឹងការទាមទាររបស់បាតុករ។មកដល់ថ្ងៃច័ន្ទទី៨មេសានេះកិច្ចប្រជុំនេះនៅតែបន្ដនៅឡើយទេប៉ុន្ដែត្រូវបានរាយការណ៍មកថាមានភាពតាន់តឹងជាខ្លាំងរវាងពួកយោធានិងប្រធានាធិបតី al-Bashir ។នៅខាងក្រៅកិច្ចប្រជុំនេះបាតុកររាប់ពាន់នាក់នៅរង់ចាំលទ្ធផលថាតើពួកយោធាបានគាប សង្កត់ឲ្យមេដឹកនាំរូបនេះចាកចេញពីតំណែងនោះទេ។តាមសេចក្ដីរាយការណ៍មកថាប្រធានាធិបតី ក៏បានប្រជុំជាមួយនិងថ្នាក់ដឹងនាំគណបក្សនយោបាយរបស់លោកផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាឡឺម៉ង់DW ពួកយោធាបានសម្រេចដាក់ពង្រាយតាមដងផ្លូវដើម្បីទប់ស្កាត់បាតុករកំលាំងទី៣ដែលជាអ្នកបញ្ឆេះឲ្យមានហិង្សាផ្ទុះឡើង។មិនតែប៉ុណ្ណោះពួកយោធាក៏បានឃ្លាំងមើលនិងឃាឃាំងប៉ូលីសបង្ក្រាបកុប្បកម្មកុំឲ្យប្រើប្រាស់ហិង្សាទៅលើបាតុករផងដែរ។
មូលហេតុនៃការបណ្ដេញលោក Omar Bashirពីតំណែង
បើតាមបាតុករ ការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សសហជីពប្រជាធិបតេយ្យ គឺដំបូងទាមទារឱ្យលោក Omar Bashir ទៅប្រឈមមុខនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ដែលកំពុងកសាងសំណុំរឿងប្រឆាំងនឹងលោកពីបទ រំលោភសិទ្ធិមនុស្ស ។ ក្រុមនេះ ចាត់ទុក ប្រធានាធិបតីរបស់ខ្លួន ថា ជាមេដឹកនាំអត្តាធិបតេយ្យ គឺអញនិយមជាធំនិង ជាមេដឹកនាំពុករលួយធ្ងន់ធ្ងរ។ លោកត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ចោទថាជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលទៅលើជនស៊ីវិលនៅតំបន់ដាហ្វ័រ ក្នុងអំឡុងសង្រ្គាមបំបែកប្រទេសនៅឆ្នាំ ២០០៤។ ពួកបាតុករចោទលោកមួយទៀតគឺធ្វើអោយប្រទេសចែកជាពីរមានប្រទេសសូដង់ខាងត្បូងតាមរយៈការបោះឆ្នោតប្រជាមតិដែលលោកជាមេគំនិត។ នៅក្នុងសង្រ្គាមស៊ីវិលនេះបានបណ្ដាលឱ្យជនស៊ីវិលស្លាប់ជាងមួយម៉ឺននាក់ ហើយភាគច្រើនពលរដ្ឋនៅតំបន់ដាហ្វ័រ។
នៅឆ្នាំ២០០៨ ចៅក្រម Luis Moreno Ocampo នៃតុលាការICC បានចោទលោក Omar Bashir ជាផ្លូវការក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្រ្គាមក្នុងករណីសម្លាប់ជនស៊ីវិល។ តុលាការបានចេញដីកាចោទលោក Omar Bashir ជាផ្លូវក្នុងសំណុំរឿងបីបទចោទនេះតាំងពីឆ្នាំ២០០៩។ ចាប់តាំងពីពេលនោះមក ICC បានចេញដីកាចាប់ខ្លួន លោក Omar Bashir បីលើកមកហើយ។ ដោយសារករណីនេះ លោកក្លាយជាមេដឹកនាំម្នាក់ដែលមិនហ៊ានចាកចេញពីប្រទេសឡើយ។ ប៉ូលិសអន្តរជាតិបានទទួលដីកាដើម្បីចាប់ខ្លួនបុរសខ្លាំងរូបនេះរួចហើយ ។
តុល្យកាលនៃអំពើហិង្សាបានបណ្ដាលឱ្យមនុស្សជាង ២០នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយការបង្រ្កាបរបស់កងសន្តិសុខស្មោះត្រង់នឹងលោក al-Bashir ។ ក្រុមប្រឆាំងបានថ្កោលទោស ហើយសន្យាថា នឹងរកយុត្តិធម៌ជូនជនរងគ្រោះ។ តែសម្រាប់ពួកកងទ័ពប្រកាសនៅពីក្រោយ លោក ប្រធានាធិបតី។ សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិកទទូចអោយលោក al-Bashir ស្ថិតភាពអត់ធ្មត់ អោយបានខ្ពស់បំផុត។ យ៉ាងណា លោកal-Bashir មានឈ្មោះ ជនឧក្រិដ្ឋរួចទៅហើយ ដោយដីការបស់តុលាការឧក្រិដ្ឋកម្មសង្រ្គាមICC។
ជីវប្រវត្តសង្ខេបរបស់លោក Omar Bashir
លោក Omar Bashir មានឈ្មោះពេញ គឺ Omar Hassan Ahmad al-Bashir ។ លោក កើតនៅ ថ្ងៃទី១មករា ឆ្នាំ១៩៤៤ ។ លោក ចូលបម្រើកងទ័ពនៅឆ្នាំ ១៩៦០។ លោកជាមេដឹកនាំរដ្ឋប្រហារយោធា នៅឆ្នាំ១៩៨៩ ដែលជារដ្ឋប្រហារបានសម្រេច ធ្វើអោយលោកឡើងកាន់អំណាចនៅពេលនោះ ។ កាលនោះ លោកមានឋានន្តរស័ក្ដិជា ឧត្តមសេនីយ៍ត្រី។ លោក ជាមេរដ្ឋប្រហារទំលាក់រដ្ឋាភិបាល ជាប់ឆ្នោតរបស់នាយករដ្ឋមន្ត្រីSadiq al-Mahdi ។ ក្រុមជួយធ្វើរដ្ឋប្រហារគឺក្រុមឧទ្ទាម នៅភាគខាងត្បូងប្រទេស។ ចាប់ពេលនោះ មកលោក al-Bashir ក្លាយជាប្រធានាធិបតី តែម្នាក់គត់ ។ ក្រុមបាតុករ បានចោទ លោកជាអ្នកបំបែកប្រទេស ដោយសារលោក ដឹងគុណពួកឧទ្ទាមនៅភាគខាងត្បូងប្រទេស ដែលជួយលោកក្នុងការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៨៩។
លោក បានកាន់តំណែងនេះ មានរយៈពេល២៩ ឆ្នាំហើយ។ លោកជាមេដឹកនាំកាន់អំណាចយូរជាងគេ ក្នុងចំណោមេដឹកនាំជាង ២០រូបទៀតនៅលើពិភពលោក ដែលកាន់អំណាចចាប់ពី២០ឆ្នាំឡើងទៅ៕
(អត្ថបទ៖ លោក នួន បូរិន្ទ)