ភ្នំពេញ៖ កម្ពុជាតាមរយៈរដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានស្នើឱ្យប្រទេសវៀតណាមបង្កើនការទម្លាក់ទឹកមកកម្ពុជា ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីជាការជួយសម្រួលតម្រូវការនាពេលបច្ចុប្បន្ននៅកម្ពុជា ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកនៃក្រសួងនេះ ។
លម្អិតព័ត៌មានដោយ លោក សោម លាភ
តាមការចុះផ្សាយនេះបញ្ជាក់ថា ការស្នើបែបនេះរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលធ្វើឡើងនៅចំពោះមុខទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី ៨ មេសានេះ នៅទីស្ដីការក្រសួងរ៉ែ ។
នាឱកាសនោះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានស្នើភាគីវៀតណាមឱ្យមានការជួយសម្រួលបញ្ហាអគ្គីសនីនៅកម្ពុជា ។
ជាក់ស្ដែង លោក ស៊ុយ សែមថា កម្ពុជាសុំឲ្យវៀតណាមជួយបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ចំនួន៥០មេហ្គាវ៉ាត់បន្ថែមទៀតតាមច្រកចូវដុក ។
យ៉ាងណា រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអគ្គីសនីរូបនេះ ស្នើឲ្យវៀតណាមបន្កើនការទំលាក់ទឹក នៅតាមបណ្តាវារីអគ្គិសនីទាំង១៤ ផែ្នកខាងវៀតណាម ដើម្បីឲ្យវារីអគ្គិសនីសេសានក្រោម២ របស់កម្ពុជាអាចមានទឹកបន្ថែមក្នុងការបង្កើនការផលិតថាមពលអគ្គីសនី ។
យ៉ាងណា ភាគីវៀតណាម គឺលោក LE BIEN CUONG សន្យាថានឹងធ្វើរបាយការណ៍ការស្នើសុំនេះទៅកាន់រដ្ឋាភិបាលវៀតណាម ។
ចូលមកដល់ឆ្នាំ ២០១៩ នេះ ប្រទេសកម្ពុជាជួបបញ្ហាកង្វះទឹកប្រើប្រាស់ និងភ្លើងអគ្គិសនី ជាពិសេសគឺនៅរាជធានីភ្នំពេញ ។
យ៉ាងណា ប្រមុខដឹកនាំកម្ពុជាធ្លាប់ថ្លែងថា កង្វះអគ្គីសនីនៅកម្ពុជាព្រោះតែការកើនឡើងនៃសំណង់អាគារធំៗ និងខ្ពស់ៗជាច្រើន ។ ជាងនេះ គឺដោយសារតែរដូវបាំ្រងនៅឆ្នាំនេះ អូសបន្លាយរយៈពេលយូរពេក ។
ទាក់ទីនរឿងនេះ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់ប្រទេសតួកគី ដើម្បីផ្គត់ផ្គង់ការខ្វះខាតអគ្គីសនីនៅកម្ពុជាព្រោះមានបញ្ហាច្រើនមិនអាចធ្វើបាន ។
សម្ដេចនាយករដ្ឋមន្រ្តីប្រកាសដូច្នេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រទី៥មេសា ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានស្រង់ប្រសាសន៍របស់ នាយករដ្ឋមន្រ្តីមក បន្ថែមថា នាវាផលិតថាមពលអគ្គិសនីរបស់ប្រទេសតួកគី គឺប្រើប្រាស់រយៈពេលយូរទម្រាំមកដល់កម្ពុជា ហើយបញ្ហាតម្លៃក៏មានកម្រិតខ្ពស់ដែលមិនអាចទទួលយកបាន ។
លោកផៃ ស៊ីផានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាចង់ប្រើប្រាស់ថវិកាចំណាយលើការជួលនាវាផលិតថាមពលអគ្គិសនីតួកគីដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើងដាក់នៅទីក្រុងភ្នំពេញសម្រាប់ប្រើប្រាស់រយៈពេលវែងឆ្ងាយតទៅមុខទៀត។
យ៉ាងណា កម្ពុជាបានសម្រេចបើកលទ្ធភាពឱ្យក្រុមហ៊ុនចិន វិនិយោគលើវិស័យអគ្គីសនីនៅទន្លេសេសានក្រោម ២ ។ ការណ៍នេះ ធ្វើឱ្យមានការតវ៉ា ពីបណ្ដាប្រជាជនដែលរស់នៅក្នុងតំបន់នោះជាខ្លាំង ។
កន្លងមក ធ្លាប់មានផ្សាយព័ត៌មានស្រង់សម្ដីអ្នកវិភាគថា កង្វះខាតភ្លើងនៅកម្ពុជាអាចជាកលល្បិចដើម្បីបង្កើនការការបង្កើតវារីអគ្គីសនីបន្ថែម ។ សម្ដេច ហ៊ុន សែន បង្ហាញកំហឹងជាខ្លាំងចំពោះការវិភាគបែបនេះ ឈានទៅដល់បញ្ជានិងអនុញ្ញាតឱ្យផ្ដាច់ភ្លើងនៅផ្ទះអ្នកវិភាគរូបនោះថែមទៀតផង ។
បែបនេះក្ដី ក្រោយពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានចាប់ផ្តើមបន្តពិភាក្សាលើរបៀបវារៈស្តីពី “ សំណើសុំការពិនិត្យសម្រេចលើ គម្រោងវិនិយោគសាងសង់ ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងគម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២ កន្លែងនៅពោធិ៍សាត់ ០១ កន្លែង ៦០MW និងនៅកំពង់ឆ្នាំង ០១ កន្លែង ៦០MW ដើម្បីផលិតអគ្គិសនីលក់ឱ្យអគ្គិសនីកម្ពុជា” ៕
អត្តបទដោយ៖ សោម លាភ