មេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា លោកជួនហ្គៃដូបានសច្ចាថានឹងសុខចិត្តជាប់គុក បើរដ្ឋអំណាចរបស់ លោកម៉ាឌូរ៉ូចាប់លោក។ លោកហ្គៃដូបានប្រកាសដូចនេះ ធ្វើឡើងនៅក្នុងបទសម្ភាសមួយជាមួយ The Japan Times ដែលត្រូវផ្សព្វផ្សាយនៅថ្ងៃសុក្រទី ៥មេសានេះគឺមុនមួយថ្ងៃដែលលោកសត្រូវបន្តដឹកនាំប្រជាជនធ្វើមហាបាតុកម្ម នៅថ្ងៃសៅរិ៍ដើម្បី ទម្លាក់លោកម៉ាឌូរ៉ូពីអំណាច។
នៅក្នុងបទសម្ភាសនោះ លោកហ្គៃដូ បាននិយាយដូចថា៖យើងដឹងហើយថាពួករដ្ឋអំណាច គេចង់ចាប់ខ្ញុំណាស់ គេចង់ចាប់ពង្រត់ខ្ញុំ គេចង់សម្លាប់ខ្ញុំ គឺគ្មានអ្វីសង្ស័យទេ គឺគេចង់ដូចនេះ។តែគេដឹងថា គេមិនអាចធ្វើបាន ព្រោះសហគមន៍អន្តរជាតិគេកំពុងគាបសង្កត់ គាត់ខ្លាំងណាស់។បើគាត់ចាប់ខ្ញុំ គឺជីវិតនយោបាយគាត់ក៏ដើរមកដល់ទីបញ្ចប់ដែរគឺស្ថានការណ៍ឡើងកម្ដៅដូចទឹកពុះ។ ជាពេលវេលាមួយ ដែលរបបម៉ាឌូរ៉ូបានជីករណ្ដៅកប់ខ្លួនឯងហើយព្រោះរបបនេះក៏ដើរមកដល់ទីបញ្ចប់ដែរ»។
កាលពីថ្ងៃពុធទី២មេសាសភាធម្មនុញ្ញ របស់ប្រទេសវេណេហ្សូអេឡា បានដកអភ័យឯកសិទ្ធិលោកជួនហ្គៃដូ ក្នុងឋានៈជាសមាជិកសភា គឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដែលប្រឈមនឹងការដេញពីអំណាច ម៉ាឌូរ៉ូ បានចេញក្រិត្យច្បាប់ហាមលោកហ្គៃដូធ្វើនយោបាយនៅ១៥ឆ្នាំ។ តែយ៉ាងណា លោកហ្គៃដូ ចាត់ទុកថាវិធានការរំលោភរដ្ឋធម្មនុញ្ញហើយរូបលោកនៅតែជាអ្នកតំណាងរាស្ត្រ។ សហរដ្ឋអាមេរិកព្រមានមិនអោយលោកម៉ាឌូរ៉ូចាប់ខ្លួនលោកជួនហ្គៃដូ ហើយបើហ៊ានអាមេរិកនឹងមានវិធានការជាក់ស្ដែង៕