en     km
en     km

តំណាងអ្នកទិញផលិតផលអន្តរជាតិពីកម្ពុជា ព្រួយបារម្ភអំពីស្ថានភាពការងារនិងសិទ្ធិមនុស្សនៅកម្ពុជា

Share

ភ្នំពេញ៖ តំណាងអ្នកទិញសម្លៀកបំពាក់អន្តរជាតិ​ ស្បែកជើង និងអ្នកទិញទំនិញផ្សេងៗបានសរសេរលិខិតជាភាសាអង់គ្លេសមួយជូនសម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពការងារ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលជាហេតុប៉ះពាល់ដល់ការដំណើរការពាណិជ្ជកម្មនៅកម្ពុជា ។ យ៉ាងណា​ រាជរដ្ឋាភិបាលធ្លាប់អះអាងថា កម្ពុជាអនុវត្តសិទ្ធិការងារបានល្អប្រសើរហើយ ហើដោយការមិនខ្វល់ចំពោះការដកការអនុគ្រោះពន្ធEBA ។

រាយការណ៍ដោយ លោក សោម លាភ

 

បើតាមលិខិតដែលចុះហត្ថលេខាដោយ៨ ស្ថាប័នអន្តរជាតិធំៗ ចុះនៅថ្ងៃទី ៤ មេសាម្សិលមិញ បានរំលឹកអំពីការសម្រេចរបស់សហភាពអឺរ៉ុប ក្នុងការពិនិត្យលើលទ្ធភាពនៃការដកការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងអាវុធ (EBA) ហើយសហរដ្ឋអាមេរិកក៏បានពិនិត្យលើលទ្ធភាពនៃការដកការអនុគ្រោះពន្ធទូទៅ( GSP) ផងដែរ ។

ស្ថាប័នអន្តរជាតិដែលតំណាងអ្នកទិញសម្លៀកបំពាក់អន្តរជាតិ​ ស្បែកជើង និងអ្នកទិញទំនិញផ្សេងៗពីកម្ពុជាក្នុងនោះមាន AAFA, EBCA, FESI  ជាដើម។

ប្រភពដដែលបញ្ជាក់ដោយទទួលស្គាល់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យមានភាពល្អប្រសើរឡើងនូវការប្រកួតប្រជែងទៅលើវិស័យវាយនភ័ន្ត ដែលធ្វើឱ្យប្រជាជនមានការងារធ្វើជាច្រើន ។

ជាងនេះ តំណាងអ្នកទិញអន្តរជាតិទាំងនេះ ក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសហការជាមួយដៃគូរយុទ្ធសាស្ត្រធំៗជាច្រើនទៅលើសម្លៀកបំពាក់ ស្បែកជើង និងក្រុមហ៊ុនទំនិញផ្សេងៗទៀត ។

យ៉ាងណាមិញ កម្ពុជាកាលពីឆ្នាំ ២០១៨ ជាប្រទេសផ្គត់ផ្គង់សម្លៀកបំពាក់ធំជាងគេលេខ ៦ និងផ្គត់ផ្គង់ស្បែកជើង និងទំនិញផ្សេងៗទៀតធំជាងគេលេខ ៤ទៅទីផ្សារសហរដ្ឋអាមេរិក ។ ជាងនេះ កម្ពុជា ក៏ជាប្រទេសដែលនាំចេញទំនិញចំណាត់ថ្នាក់លេខប្រាំលើការនាំចេញសម្លៀកបំពាក់ និងស្បែកជើង និងចំណាត់ថ្នាក់លេខ៤ លើការនាំចេញទំនិញផ្សេងៗទៀតទៅទីផ្សារអឺរ៉ុប ។

លិខិតនេះបញ្ជាក់ថា កម្ពុជានាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងទឹកប្រាក់ប្រមាណជា ៨.៥ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៨ ។

យ៉ាងណាអ្នកទិញអន្តរជាតិចង់ឃើញមានការអនុគ្រោះពន្ធ កើតមានឡើងបន្តទៀត និងកាន់តែប្រសើរសម្រាប់កម្ពុជា ។    

អ្នកតំណាងឱ្យស្ថាប័នធំៗអន្តរជាតិទាំងប្រាំបី ដែលចុះហត្ថលេខាលើលិខិតមួយនេះ ដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវឌ្ឍនភាពចុះខ្សោយ ដែលកម្ពុជាត្រូវដោះស្រាយនូវបញ្ហានេះ ។

ការកាត់ទោសបទឧក្រិដ្ឋប្រឆាំងនឹងមេដឹកនាំលើវិស័យការងារជាច្រើននាក់ ដោយច្បាប់ស្ដីពីសហជីពឆ្នាំ ២០១៦ ជាការបន្តបង្រួមនូវសិទ្ធិ សេរីភាពធ្វើសកម្មភាពរបស់សហជីព ។ ជាងនេះការណ៍នេះ ក៏ជាការបន្ថយនូវតួនាទី និងភាពឯករាជ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាស្ថាប័ដោះស្រាយវិវាទដ៏មានប្រសិទ្ធភាព ។ ករណីនេះ ជាការធ្វើឱ្យប៉ះពាល់សិទ្ធិកម្មករ និងស្ថេរភាពនៃការនាំចេញទំនិញលើវិស័យវាយនភណ្ឌ ។

មេសហជីពទាំង៦នាក់ត្រូវបានរងបណ្ដឹងនៅតុលាការ ហើយទទួលការកាត់ទោសក្នុងម្នាក់ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ប៉ុន្តែត្រូវព្យួរ ក្នុងនោះបង់ជំងឺចិត្ត ទៅមន្រ្តីនគរបាល២នាក់រងរបួសចំនួន ៣៥លានរៀល ពាក់ព័ន្ធបទល្មើសផ្តើមគំនិត ដឹកនាំបាតុកម្មឲ្យមានអំពើហិង្សា នៅផ្លូវវេងស្រេង ក្រោយការបោះឆ្នោតថ្នាក់ជាតិកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ។ អ្នកទាំង៦ រូនបោះរួមមាន៖ លោក អាត់ ធន , លោក ជា មុន្នី , លោក រ៉ុង ឈុន , លោក ប៉ាវ ស៊ីណា , លោកស្រី ម៉ម ញឹម និងលោកស្រីយ៉ាង សុភ័ណ្ឌ។

លិខិតដដែលបញ្ជាក់ថា ប្រសិនបើមានការដកការអនុគ្រោះពន្ធEBAពីសហភាពអឺរ៉ុប និង GSPពីសហរដ្ឋអាមេរិក ជាការធ្វើឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មនៅកម្ពុជា និងប្រជាពលរដ្ឋជាច្រើនដែលធ្វើការនៅវិស័យនេះ រួមទាំងជាហេតុនៃការបន្ទុចបង្អាក់ការអភិវឌ្ឍសេដ្ឋកិច្ចនៃកម្ពុជាផងដែរ​ ។ ការណ៍មិនមែនតែអន្តរជាតិទេ ដែលបារម្ភ ជាក់ស្ដែង ក្រុមហ៊ុន​ធំនៅកម្ពុជា និងប្រធានសហជីពផ្សេងៗ ក៏បង្ហាញការព្រួយបារម្ភ ។

យ៉ាងណាលិខិតនេះ អំពាវនាវឱ្យមានការដោះស្រាយបញ្ហានេះដើម្បីជាការបញ្ចៀសនូវការដកការអនុគ្រោះពន្ធនេះ ។

យ៉ាងណា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្លាប់ថ្លែងថា កម្ពុជាជារដ្ឋភាគីដែលអនុវត្តន៍សិទ្ធិការងារនៃអង្គការអន្តរជាតិខាង ILO ល្អប្រសើរជាងគេ ។

សម្ដេច ហ៊ុន សែន​ សរសេរលើទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃអបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO ថាកម្ពុជាចូលរួមយ៉ាងសកម្មក្នុងយន្តការរបស់អង្គការអន្តរជាតិខាងការងារ និងបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ និងបានចែករំលែកនូវបទពិសោធន៍ល្អៗដល់ប្រទេសជាមិត្តមួយចំនួន ។

បែបណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាសដាច់ខាតថា កម្ពុជាមិនប្ដូរអធិបតេយ្យភាពជាមួយជំនួយបរទេសណាមួយឡើយ ។

សម្ដេចថា ការដកការអនុគ្រោះពន្ធពីកម្ពុជា មិនធ្វើឱ្យកម្ពុជាស្លាប់ ហើយមិនដកការអនុគ្រោះពន្ធក៏មិនធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះទេ ។

សម្ដេចថា នឹងដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ដោយមិនពឹងបរទេស ។

ការនាំចេញទំនិញវាយនភណ្ឌកម្ពុជា ទៅទីផ្សារសហភាពអឺរ៉ុបក្រោមការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ កម្ពុជាចំណេញប្រមាណ៧០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។

ការអនុគ្រោះពន្ធនាំចេញទំនិញទៅសហរដ្ឋអាមេរិកពីកម្ពុជាមាន កម្ពុជាចំណេញប្រមាណ ៣០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ៕

Share

ព័ត៌មានទាក់ទង

Image