ក្នុងបច្ចេកវិទ្យាដ៏ទំនើបនេះ កម្ររឿងអាស្រូវរបស់មេដឹកនាំណាមួយលាក់ជិតណាស់ គឺគ្រាន់តែយូរបន្តិចប៉ុណ្ណោះ។ រឿងអាស្រូវពុករលួយ ពិតជាមិនអាចបិទលើថ្ងាស់មេដឹកនាំនោះទេ ប៉ុន្តែការបញ្ចេញភាពហឺហាតាមរយៈរថយន្ត គ្រឿងលង្ការ ភូមិគ្រឹះស្ដុកស្ដម្ភរបស់ប្រពន្ធកូន នៃមេដឹកនាំនោះបានស្ដែងចេញពីការកឹបកេងទ្រព្យសម្បត្តិរបស់រដ្ឋ ខណៈខ្លួនមានអំណាចដ៏មហិមា។ អីចឹងហើយបានជាប្រទេសខ្លះចាក់សោរិ័មិនឱ្យមេដឹកនាំនោះកាន់អំណាចច្រើនឆ្នាំបានឡើយ។ យ៉ាងណា រឿងអាស្រូវនេះ បានធ្លាក់ទៅលើលោកណាជីពរ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាមេដឹកនាំម្នាក់មានឈ្មោះល្បីនៅក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៌។ អតីតមេដឹកនាំនេះត្រូវបានជាប់ចោទចំនួន៧ករណីដែលអ្នកសង្កេតការណ៍គិតថាគឺជាទោសក្បត់ជាតិ។
រាយការណ៍ដោយ លោក ឆោម ពៅនីកា
រឿងអាស្រូវរបស់អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីណាជីពរ៉ាហ្សាក់កំពុងតែល្បីនៅទូទាំង ពិភពលោក។ អ្នកដែលធ្វើអោយរឿងអាស្រូវនេះផ្ទុះឡើងគឺចេញពីការផ្សព្វផ្សាយអត្ថបទ ស៊ើបអង្កេត របស់កាសែតអាមេរិក The Wall Street Journal កាលពីឆ្នាំ២០១៦។
កាសែតដ៏ល្បីល្បាញនេះបានចុះផ្សាយរឿងអាស្រូវរបស់លោកណាជីពករណីលួចផ្ទេរថវិកាជាតិពីធនាគារ វិនិយោគរបស់រដ្ឋ1MDB នូវទឹកប្រាក់ជិត៧០០លានដុល្លារគឺដំបូង នៅសហរដ្ឋអាមេរិក តែបន្តិចក្រោយមក ត្រូវចែកចាយបន្តពាសពេញប្រទេសម៉ាឡេស៊ី។
ករណីនេះ បាននាំអោយសកម្មជនស្អាត់ស្អំបានធ្វើបាតុកម្ម ក្នុងនោះមានអ្នកនយោបាយបក្សប្រឆាំង និងលោកបណ្ឌិតមហាធា ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីក៏បានចូលរួមបណ្ដេញលោកណាជីពពីនាយករដ្ឋមន្ត្រីដែរតែមិនអាចធ្វើអោយលោកណាជីពចុះចាញ់ឡើយ។
ដើម្បីបន្សាបភាពសំអុយ ណាជីពវាយបកសងសឹកវិញ
ដោយភាពសំអុយមិនអាចរំងាប់បាន លោកណាជីពបានចាត់ការលើក្រុមប្រឆាំង និងអ្នកនយោបាយនៅក្នុងគណបក្សចម្រុះជាតិបារីសាន់UMNO របស់លោក។
ការសងសឹកនេះបាននាំអោយអាជ្ញាធរវាយបង្ក្រាបបាតុករ ដោយបង្កឱ្យមានអ្នករងរបួស និងចាប់ខ្លួនជាច្រើននាក់។ ក្រុមបាតុកម្មដែលដាក់ឈ្មោះខ្លួនឯងថា Cleaners ឬអ្នកស្អាតស្អំបានហៅលោក ណាជីពជា មេដឹកនាំ ក្បត់ជាតិ ហើយបានទាមទារអោយសភា កោះហៅលោកទៅចោទសួរ ដើម្បីទំលាក់លោកតែម្ដង។
តែមិនអាចសម្រេចដូចបំណងឡើយ។ មិនត្រឹមតែមិនទៅឆ្លើយនៅចំពោះមុខសភាគឺលោកណាជីពបានវាយប្រហារលើសភាទៀតផង។
ទីបំផុតលោកណាជីពបានដកហូតចៅក្រម រដ្ឋអាជ្ញា និងរដ្ឋមន្ត្រីរបស់លោកជាច្រើនរូបដែលបានបង្ខំអោយលោកទៅឆ្លើយនៅសភា។
ជាមួយគ្នានេះ លោកណាជីពបានរុញឱ្យមានច្បាប់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានក្លែងក្លាយហើយត្រូវប្រឈមនឹងទោសទៀតផង។
សូម្បីតែលោកមហាធាដែលធ្លាប់ជាចៅហ្វាយរបស់លោកក៏លោកណាជីពបានគំរាមប្ដឹងទៅតុលាការដែរពីបទបរិហារកេរ្តិ័លោក។ ដោយឡែក កាសែត The Wall Street Journal វិញ បែរជាលោកណាជីពមិនហ៊ានប្ដឹងទេគ្រាន់តែគម្រាមប៉ុណ្ណោះ។
កាសែតនេះប្រកាសស្វាគមន៍លោកណាជីពប្ដឹងតែសុំប្ដឹងនៅលើទឹកដីអាមេរិកព្រោះ គេបានចុះផ្សាយនៅសហរដ្ឋអាមេរិក។ តែទីបំផុត មេដឹកនាំរឿងអាសត្រូវនេះ ក៏មិនបានសុំអោយកាសែតនេះធ្វើការកែតម្រូវអត្ថបទអ្វីឡើយ។ ជាការពិត កាសែតបរទេសនេះ កាន់តែលាតត្រដាងរឿងអាស្រូវរបស់លោកណាជីពកាន់តែខ្លាំង។
គណបក្សUMNO ចាញ់ឆ្នោត
នៅក្នុងការបោះឆ្នោតសភា កាលពីខែឧសភាឆ្នាំ២០១៨ ជ័យជម្នះបានទៅលើគណបក្សប្រឆាំងរួបរួមដឹកនាំដោយ លោកបណ្ឌិតមហាធាមាហាម៉ាត ដែលជាដើមបណ្ដឹងប្ដឹងលោកណាជីពករណីពុរលួយ។
បក្សUMNO បានស្គាល់រសជាតិចាញ់ឆ្នោតនេះទើបតែជាលើកដំបូង ចាប់តាំងពីបក្សនេះកាន់អំណាចជាង៦០ឆ្នាំ។ បរាជ័យរបស់ UMNO បាននាំអោយបក្សនេះ បែកបាក់ហើយសំណុំរឿងរបស់លោកណាជីពត្រូវបានលាតត្រដាង។ យ៉ាងណាលោកណាជីពបានព្យាយាម ប្រើអំណាចរបស់លោកក្នុងឋានៈជាមេដឹកនាំបក្សប្រឆាំង។ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ ដោយសារ ពួកចៅក្រមនិងរដ្ឋអាជ្ញាជំនាន់ក្រោយ ជាមនុស្សស្អាតស្អំនិង មិនរងឥទ្ធិពលនយោបាយរបស់លោកណាជីព។
ក្រោយពីចាញ់ឆ្នោត ហើយធ្លាក់អំណាចពីនាយករដ្ឋមន្ត្រីដោយឆន្ទៈរបស់ម្ចាស់ឆ្នោត លោកណាជីពនិងគ្រួសារលោករួមទាំងអតីតមន្ត្រីជិតស្និទ្ធនឹងលោកក្នុងនោះមានទាំងមន្ត្រីមួយចំនួននៃ ធនាគារ1MDB ក៏ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយចោទប្រកាន់ករណីពុករលួយ។ស្ថាប័ននេះបានសុំឱ្យ តុលាការបើកជំនុំជម្រះក្ដីប្រឆាំងនឹងលោកណាជីពនិងអ្នកជាប់ពាក់ព័ន្ធ។
ជាចុងក្រោយ រដ្ឋអាជ្ញាបានចោទលោកណាជីពមុនគេ ដោយចោទ ចំនួន៧បទចោទ ក្នុងនោះ មានករណីពុករលួយ ការលាងលុយកង្វក់ និងបំពានអំណាចរដ្ឋ។ បទចោទទាំងនេះ បើយោងតាមច្បាប់ម៉ាឡេស៊ី លោកណាជីពនឹងមានទោស ជាង៣០ឆ្នាំខណៈលោកមានអាយុ៦៦ឆ្នាំហើយនៅឆ្នាំ២០១៩នេះ។
ភាពហឺហានិងទ្រព្យមហាសាលរបស់ គ្រួសារលោកណាជីព
ដំបូងឡើយ ដែលបានធ្វើឱ្យពលរដ្ឋម៉ាឡេស៊ីភ្ញាក់ផ្អើលជាខ្លាំង ដោយសារ រដ្ឋអាជ្ញាបានបញ្ចេញគ្រឿងអលង្ការបស់គ្រួសារលោក ដែលគ្រាន់តែកាបូបយូរដៃមួយមានតម្លៃច្រើនម៉ឺនដុល្លារហើយគ្រឿងសឹង្ហារឹមតុបតែងផ្ទះតម្លៃសុទ្ធតែរាប់ម៉ឺនដុល្លារ។
ក្រៅពីនេះ កូនៗរបស់លោកសុទ្ធតែមាន ក្រុមហ៊ុនធំៗនិង វិឡាស្ដុកស្ដម្ភ មានឡានទំនើបៗជាច្រើនគ្រឿង។ ទាំងនេះហើយបាននាំអោយ ពលរដ្ឋម៉ាឡេស៊ីចង់ឃើញលោកណាជីពឡើងតុលាការ។បើតាមសារព័ត៌មាន ម៉ាឡេស៊ី The News Straits Times ចុះផ្សាយថា ការជំនុំជម្រះក្ដី ក្នុងសំណុំរឿងរបស់លោកណាជីពកំពុងចាប់ផ្ដើមហើយនៅថ្ងៃពុធទី៣មេសានេះដែលជាការបើកការកាត់ក្ដីលើកដំបូងប្រឆាំងអតីតមេដឹកនាំរូបនេះ។
តាមប្រភពដដែល សវនាការពោរពេញដោយអ្នកសង្កេតការណ៍ជាតិជាពិសេស ក្រុមសកម្មជនស្អាតស្អំ។
អ្នកគាំទ្រសង្ឃឺមថា លោកណាជីពនឹងមិនមានមានទោសអ្វីទេ
មានក្រុមសង្គមស៊ីវិល និងពលរដ្ឋ អ្នកនយោបាយមួយចំនួនមាននិន្នការជាមួយលោកណាជីព បានមកជួបជុំគ្នានៅខាងមុខបរិវេណតុលាការនៅក្នុងកូឡាឡំពួរដោយពួកគេ ចាត់ទុកលោកណាជីព ជាអ្នកនយោបាយស្អាតស្អំ គឺមិនបានប្រព្រឹត្តអំពើពុករលួយដូចការចោទរបស់គណៈកម្មការប្រឆាំងពុករលួយនោះទេ។
ពួកគេសង្ឃឹមថា លោកណាជីព នឹងរួចពីការចោទប្រកាន់នេះ។ ពួកគាត់ថា លោកណាជីពបានជួយច្រើនណាស់ ដល់ប្រទេសជាតិ។ ពួកគាត់ថា បើលោកណាជីពមានទោស គឺអតីតនាយកមន្ត្រីទាំងអស់សុទ្ធតែមានទោសដែរ។ យ៉ាងណាបើតាម The News Straits Times អ្នកសារព័ត៌មាន មកពពាក់ពពូនគ្នា ដើម្បីចាប់យករូបភាព និងស្រង់ព្រឹត្តិការណ៍ព័ត៌មានជុំវិញការជំនុំជម្រះក្ដី លោកណាជីព។
អ្នកសង្កេតការណ៍ថានេះជាទោសក្បត់ជាតិដែលមេដឹកនាំក្នុងតំបន់ត្រូវជៀសវាង
គ្មានអ្វីដែលនាំអោយលោកណាជីពអាចរូចខ្លួនទេព្រោះភស្តតាងដាក់់បន្ទុកត្រូវបានរដ្ឋអាជ្ញាលាតត្រដាងអស់ហើយ ។ មិនតែប៉ុណ្ណោះ រឿងអាស្រូវនិងភស្តតាងមួយចំនួន ដូចជា កាបូបយួរដៃ គ្រឿងអលង្ការ ដែលមានតម្លៃច្រើនម៉ឺន ដុល្លារ ត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាត្រូវបានអ្នកសារព័ត៌មានចុះផ្សាយព្រោងព្រាតទៀតផង។
នៅក្នុងសវនាការលោកណាជីពបានព្យាយាមឆ្លើយបដិសេធថាលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់គណៈកម្មការប្រឆាំងអំពើពុករលួយនោះទេ។
លោកសុំអោយតុលាការទម្លាក់បទចោទប្រឆាំងនឹងរូបលោកដែលលោកចាត់ទុកថាជារឿងនយោបាយ។តែយ៉ាងណា ជនពាក់ព័ន្ធជាមួយនឹងលោកកាន់តែមានចំនួនច្រើនឡើងៗហើយ អាចទាញសំណុំរឿងនេះ កាន់តែស្មុកស្មាញ និងធ្ងន់ធ្ងរ។អ្នកធ្វើអត្ថាធិប្បាយ អោយសារព័ត៌មាននិងអ្នកសង្កេតការណ៍ បានហៅ ករណីលោកណាជីព អតីតនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីថាជាស្រមោលមួយ កំពុងដាស់តឿនឱ្យមេដឹកនាំប្រទេសដទៃក្នុងតំបន់ ត្រូវជៀសអោយផុតអន្ទាក់នៃអំពើពុករលួយ និងមហិច្ឆតាល្មោភអំណាច គ្មានព្រំដែនដែនាំអោយមានរឿងក្ដីឡើងតុលាការនៅពេលខ្លួនអស់អំណាចបុណ្យស័ក្តិ។
គេថាបើតុលាការរកកំហុសឃើញគឺទោសរបស់លោកណាជីពអាចហៅថាជាទោសក្បត់ជាតិព្រោះបានកឹបកេងទ្រព្យសម្បត្តិរដ្ឋមកធ្វើមានសម្រាប់គ្រួសារនិងបក្សពួកខ្លួន។
អ្នកសង្កេតការណ៍មើលឃើញថា មេដឹកនាំក្នុងតំបន់នៃប្រទេសខ្លះបានខិតខំធ្វើខ្លួនកាន់តែស្អាតស្អំដើម្បីធ្វើគំរូសម្រាប់មេដឹកនាំជំនាន់ក្រោយ គឺដូចលោកបណ្ឌិតមហាធា ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានាធិបតី ឥណ្ឌូនេស៊ី ចូកូ វិដូដូប្រធានាធិបតី កោះតៃវ៉ាន់លោកស្រី សាយអ៊ឺងវែន ជាដើម។
តែមេដឹកនាំនៃប្រទេសខ្លះហាក់មិនសូវជាភ្ញាក់ផ្អើលនឹងសំណុំរឿងរបស់លោកណាជីពនោះទេព្រោះខ្លួនគេកំពុងកាន់អំណាចណែនក្នុងដៃយ៉ាងខ្លាំង៕
អត្ថបទដោយនួន បូរិន្ទ