នៅទីបំផុត លោកប្រធានាធិបតីដ៏មានអាសត្រូវនៃប្រទេសវេណេហ្សូអេឡា បានសម្រេចចេញបទបញ្ជាពិសេស ដោយហាមឃាត់មេបក្សប្រឆាំងជួនហ្កៃដូ ធ្វើនយោបាយរយៈពេល១៥ឆ្នាំ។ តាមសារព័ត៌មាននៃគេហទំព័រRTE លោកម៉ាឌូរ៉ូបានចេញក្រិត្យរបស់លោកក្នុងឋានៈជាប្រធានាធិបតីគឺហាមលោកហ្កៃដូកាន់តំណែងសាធារណៈ។ តាមប្រភពដដែលបទបញ្ជារបស់លោកម៉ាឌូរ៉ូមិនបាននិយាយយោងពីការដកហូតអំណាចលោកហ្កៃដូ ជាប្រធានរដ្ឋសភានោះទេ។
លោកជួនហ្កៃដូគឺជាប្រធានរដ្ឋសភា នៃប្រជាជនវេណេហ្សូអេឡា ដែលបានជាប់ឆ្នោតជាអ្នកតំណាងរាស្រ្តនៅក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០១៧។ លោកបានប្រកាសខ្លួនឯងជាប្រមុខរដ្ឋស្ដីទីនៅពេលលោកស្បថចូលកាន់តំណែងជាប្រធានរដ្ឋសភា។ ការណ៍នេះ នាំប្រទេសវេណេហ្សូអេឡា មានប្រធានាធិបតី២នៅពេលតែមួយ។ ភាពចម្រូងចម្រាស់នេះបាននាំអោយលោកម៉ាឌូរ៉ូបាត់ភាពស្របច្បាប់ដោយប្រទេសជាង៥០បានគាំទ្រ លោកជួនហ្គៃដូ ហើយទាត់ចោលលោកម៉ាឌូរ៉ូដែលពួកគេថាបុរសមកពីបក្សសង្គមនិយមនេះ គឺជាមេដឹកនាំខុសច្បាប់ព្រោះជាប់ឆ្នោតដោយសារកំចាត់គូប្រកួត។ លោកជួនហ្កៃដូបានប្រាប់អ្នកសារព័ត៌មានថា បទបញ្ជារបស់លោកម៉ាឌូរ៉ូមិនមានសុពលភាព លើតំណែងរបស់លោកជាប្រធានប្រធានរដ្ឋសភានោះទេ។ លោកថាមានតែសភាទេដែលអាចដកហូតលោកបាន។ សហរដ្ឋអាមេរិកដែលគាំទ្រលោកជួនហ្កៃដូ បានចាត់ទុកបទបញ្ជារបស់លោកម៉ាឌូរួគឺដូចសម្រាប ហើយថាជារឿងគួរឱ្យអស់សំណើច។
លោកម៉ាឌូរ៉ូបានចេញបញ្ជាដូចនេះ ធ្វើឡើងបន្ទាប់ពី រុស្ស៊ីបានបញ្ជូនទ័ពនិងអ្នកជំនាញការខាងយុទ្ធសាស្ត្រចំនួន១០០ទៅជួយពង្រឹងអំណាចនៃរបបលោកម៉ាឌូរ៉ូ។ តែយ៉ាងណា លោកជួនហ្កៃដូ ត្រូវបានតុលាការកំពូលប្រទេសរបស់លោកចេញដីកាកាត់ទោសលោករូចហើយអំពីទោសក្បត់ជាតិ។ តែមកដល់ពេលនេះ មេបក្សប្រឆាំងវ័យក្មេងនេះ នៅតែមានសេរីភាពធ្វើសកម្មភាពនយោបាយនៅឡើយ។ អាមេរិកបានព្រមានកុំឱ្យលោកម៉ាឌូរ៉ូចាប់ខ្លួនឬចាប់ពង្រត់លោកម៉ាឌូរ៉ូអោយសោះ។ លោកជួនហ្កៃដូបានប្រកាសថាចាប់ពីថ្ងៃទី៦មេសាទៅគឺជាយុទ្ធនាការ ទូទាំងប្រទេសដើម្បីគាបសង្កត់លោកម៉ាឌូរ៉ូអោយចុះចេញពីអំណាច៕