ភ្នំពេញ៖ អង្គការ API អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋានស្រុកខ័ណ្ឌមួយចំនួនក្នុងខេត្តតាកែវ និងភ្នំពេញ នៅថ្ងៃទី២៩ មីនានេះ បានចុះហត្ថលេខាអនុវត្តលើគម្រោង«សម្លេងរបស់ជនពិការក្នុងសកម្មភាពគណនេយ្យភាពសង្គម»។ គម្រោងដែលចុះហត្ថលេខានៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញនេះ មានគោលដៅគោលបំណងពង្រឹងសម្លេងជនពិការដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសាធារណៈបានពេញលេញដូចប្រជាពលរដ្ឋធម្មតាដែរ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
ដើម្បីបង្កើនភាពងាយស្រួលដល់ជនងាយដល់ជនមានពិការភាពក្នុងការទៅទទួលយកសេវាសាធារណៈនៅមូលដ្ឋានប្រកប ដោយគុណភាព និងសមធម៌ អង្គការ API និងអង្គការដៃគូ គាំទ្រដោយអង្គការOxfam បានអនុវត្តគម្រោង «សម្លេងរបស់ជនពិការក្នុងសកម្មភាពគណនេយ្យភាពសង្គម» ក្នុងឃុំចំនួន៧នៃស្រុកត្រាំកក់ ខេត្តតាកែវ។
គម្រោងដែលចុះហត្ថលេខាដោយអង្គការ API អង្គការ CADDP អង្គការ Epic Arts ជាមួយអាជ្ញាធរមូលដ្ឋានឃុំខាងលើ រយៈពេល ២៣ ខែពីខែកុម្ភៈឆ្នាំ២០១៩ ដល់ខែធ្នូ ២០២០ នឹងឈានទៅសម្រេចឱ្យបានការលើកកម្ពស់ភាពជាតំណាង និងសម្លេងរបស់ជនពិការនៅក្នុងការអនុវត្តផែនការគណនេតយ្យភាពសង្គមដំណាក់កាលទី២។ បង្កើនការឆ្លើយតបទៅនឹងសម្លេង និងតម្រូវការរបស់ជនពិការ។ ធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយអនុវត្តផែនការគណនេយ្យភាពសង្គមក្នុងការបញ្ចូលនូវតម្រូវការរបស់ជនពិការ។
លោកស្រី សុខ ចាន់ឆវី តំណាងអង្គការអុកស្វាម(Oxfam)មានប្រសាសន៍ថា ការគាំទ្រការអនុវត្តគណ នេយ្យភាពសង្គមដែល ផ្តោតខ្លាំងលើជនដែលងាយរងគ្រោះនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធគណនេយ្យភាពសង្គមដែលមានស្រាប់មានការយកចិត្តទុកដាក់គាំពារដល់ជនដែលងាយគ្រោះដូចជាជនពិការ កុមារ ស្ត្រី ជនចាស់ជរា ឱ្យទទួលបានសេវាសង្គមប្រកប ដោយសមធម៌។ លោកស្រីបន្ថែមថា ដើម្បីគម្រោងនេះទទួលបានប្រសិទ្ធភាព ភាគីពាក់ព័ន្ធពិសេសខាងអាជ្ញាធរដែនដី អង្គការសង្គមស៊ី និងវិស័យឯងជន ត្រូវចូលជួយគាំត្រូវឈានទៅលុបបំបាត់ និងកាត់បន្ថយបញ្ហារបស់ជនងាយរងគ្រោះ កុំឱ្យមានគម្លាតសង្គមខ្លាំង។
រីឯលោក លោក ឡាំ សុជាតិ នាយកអង្គការAPI លើកឡើងថា ការដាក់ឱ្យដំណើរការគម្រោងទីពីរនេះ ក៏ព្រោះតែបញ្ហារបស់ជនពិការ អ្នកក្រីក្រ នៅតែមិនទាន់ទទួលបានសេវាសាធារណៈមានភាពស្មើគ្នា ទាន់ពេលវេលានៅឡើយ។ លោកបន្ថែមថា គម្រោងនេះនឹងជួយចូលរួមចំណែកឱ្យអ្នកផ្តល់សេវាពិសេសអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋសហគមន៍ចេះពិភាក្សា និងទំនាក់ទំនងគ្នា ដើម្បីការផ្តល់សេវាកាន់តែឆ្លើយតបតាមតម្រូវរបស់ជនងាយរងគ្រោះ។
លោក ឡាំ សុជាតិ រំពឹងថា គម្រោងនេះនឹងជួយដល់តំណាងជនងាយរងគ្រោះមានភាពសកម្មលើការងារអភិវឌ្ឍន៍មូលដ្ឋានតាមវិស័យឱ្យបានល្អ ហើយឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋ។
ចំណែកលោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប លើកឡើងថា ការអនុវត្តគម្រោងតំណាក់ការទីពីរនេះ លេខាធិការដ្ឋាននឹងរៀបចំគោលនយោ បាយ ដើម្បីដាក់បញ្ចូលជនពិការ និងជនងាយរងគ្រោះក្នុងផែនការសកម្មភាពនានា។ ជាពិសេសបើកឳកាសឱ្យមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិមានការចូលរួមស្វែងយល់ពីតម្រូវការរបស់ជនពិការថ្នាក់ក្រុងស្រុក ឃុំសង្កាត់ និងអង្គភាពផ្តល់សេវា ដើម្បីចូលរួមចំណែកឱ្យអ្នកបាត់បង់ឳកាសបានទទួលសេវាស្មើៗគ្នា។
អ្នកស្រី អ៊ូ សុខា ប្រធានការិយាល័យប្រជាពលរដ្ឋខ័ណ្ឌសែនសុខ និយាយថា កន្លងមកអាជ្ញាធរខ័ណ្ឌសែនសុខ ផ្តល់នូវភាពងាយស្រួលដល់ជនក្រីក្រ និងជនពិការ ទាំងការផ្តល់សេវានៅច្រកចេញចូលតែមួយ និងការទទួលពាក្យបណ្តឹងជាដើម។
អ្នកស្រីឱ្យដឹងថា នៅការិយាល័យផ្តល់សេវាបានធ្វើជម្រាលសម្រាប់ជនពិការ តែមិនទាន់មានសេវាបកប្រែសម្រាប់ជនដែលមានបញ្ហាគរ ថ្លង់ នោះទេ។ តាមរយៈកម្រោងនេះ អ្នកស្រីរំពឹងថា នឹងមានជំនួយផ្នែកបណ្តុះបណ្តាលដល់អាជ្ញាធរដើម្បីឱ្យពួកគាត់មានសមត្ថភាព និងលទ្ធភាពជួយដោះស្រាយបញ្ហាដល់ជនពិការ។
កញ្ញា យឹម ម៉ារី តំណាងជនពិការដែលមានពិការភាពគរ ថ្លង់ បាននិយាយដោយមានការសម្រួលផ្នែកភាសាថា កញ្ញាពិបាកក្នុងការទៅទទួលយកសេវានៅសាលាឃុំ ឬប៉ុស្តិ៍នគរបាលពេលចង់ធ្វើអត្ថសញ្ញាបណ្ណ ឬសៀវភៅគ្រួសារ ដោយកញ្ញាត្រូវពឹងពាក់អ្នកដែលអ្នកនិយាយបាន។ កញ្ញាចង់ឱ្យនៅរដ្ឋបាលថ្នាក់ឃុំ ឬស្នងការគប្បីមានមន្រ្តីអាចប្រើប្រាស់ភាសាកាយវិការដើម្បីអាចទំនាក់ទំនងគ្នាបានល្អប្រសើរ។
យោងតាមរបាយការណ៍របស់អង្គការ API ឱ្យដឹងថា ប្រជាជនដែលមានពិការភាពហើយខ្វះលទ្ធភាពទទួលបានសេវាសាធារណៈនៅតាមមូលដ្ឋាននៅមានចំនួនច្រើន។ មានតែ៥១,៧២%ប៉ុណ្ណោះនៃប្រជាជនដែលមានពិការភាពក្នុងខេត្តតាកែវ ដែលចេះ អាន និងសរសេរបាន។ ក្នុងនោះមាន៣៤,៤៤%ជាស្រ្តីមានពិការភាព។ ហេតុផលដែលជនពិការមិនអាចទទួលបានសេវាសាធា រណៈបានពេញលេញដូចមនុស្សទូទៅនោះ ក៏ព្រោះតែ ឧបសគ្គនៃការប្រាស្រ័យទាក់ទង ផ្លូវកាយ អាកប្បកិរិយា និងប្រព័ន្ធមួយចំនួនខ្វះខាតនូវការលើកកម្ពស់សម្លេងរបស់ប្រជាជនដែលមានពិការភាពក្នុងអភិបាលកិច្ចមូលដ្ឋាន និងការត្រួតពិនិត្យតាមដានរបស់ពលរដ្ឋ។
ចាប់តាំងពីឆ្នាំ២០១៦ ដល់២០១៨ អង្គការ API អង្គការ CADDP អង្គការ Epic Arts បានប្រមូលបទពិសោធន៍រួមគ្នាដើម្បីដាក់បញ្ចូលសម្លេងជនពិការក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គម។ តែយ៉ាងណាពួកគេបានមើលឃើញថា នៅមានកង្វះខាតការរួមបញ្ចូលជនពិការក្នុងការអនុវត្តគណនេយ្យភាពសង្គម នៅតែជាបញ្ហាប្រឈមជាប្រព័ន្ធ។ ការចាកឆ្ងាយពីតម្រូវការមួយនៃក្រុមជនងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជាមិនត្រូវបានដោះស្រាយឱ្យបានធំទូលាយ៕