ភ្នំពេញ៖ កម្ពុជាគិតតាំងពីឆ្នាំ ១៩៩៣ មកដល់ត្រឹមដំណាច់ឆ្នាំ ២០១៨ គឺជំពាក់បំណុលបរទេសប្រមាណ ១១,៣៩ពាន់ លានដុល្លារសហរដ្ឋអាមេរិក ។យ៉ាងណាកម្ពុជាបានសងរួចចំនួន ១,៣៩ពាន់ លានដុល្លារអាមេរិក ។ អ្នកជំនាញសេដ្ឋកិច្ចថាមិនមានបញ្ហាទេ លើទំហំបំណុលនេះ ព្រោះនៅតិចនៅឡើយក្នុងការយកមកអភិវឌ្ឍន៍ ។ យ៉ាងណា អង្គការសង្គមស៊ីវិលថា បំណុលនេះច្រើន ហើយកម្ពុជាគួរតែបន្ថយការខ្ចីគេ និងពិនិត្យឱ្យម៉ត់ចត់លើលក្ខខ័ណ្ឌនៃកម្ចីទាំងឡាយ ។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
តាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលពីថ្ងៃទី ២១ មីនា ឆ្នាំ ២០១៩ បញ្ជាក់ថា កម្ពុជាគិតតាំងពីឆ្នាំ ១៩៩៣ មកដល់ត្រឹមបំណាច់ឆ្នាំ ២០១៨ គឺជំពាក់បំណុលបរទេសប្រមាណ ១១,៣៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។តែយ៉ាងណាកម្ពុជាបានសងរួចចំនួន ១,៣៩ ពាន់លានដុល្លារអាមេរិក ។
ប្រទេសដែលជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា គឺ ចិន , ធនាគារអភិវឌ្ឍន៍អាស៊ី, ប្រទេស ជប៉ុន និងធនាគារពិភពលោកជាដើម ។ សម្រាប់ប្រទេសចិន ជាម្ចាស់បំណុល៤ពាន់៦០០លាន។
អ្នកជំនាញសេដ្ឋកិច្ចម្នាក់បញ្ជាក់ថា ការខ្ចីបំណុលរបស់កម្ពុជាពីបរទេស និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀតនោះ មិនមែនជារឿងអាក្រក់ទេ ព្រោះខ្ចីមកដើម្បីអភិវឌ្ឍន៍កម្ពុជា ។
លោកចាន់ សុផល មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ប្រទេសកម្ពុជាគឺត្រូវតែខ្ចីបំណុលគេ ដើម្បីឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រោះបើចាំប្រមូលពន្ធគឺយូរ ។
លោក ចាន់ សុផល បញ្ជាក់ថា អ្វីដែលជាបញ្ហានោះ គឺថាតើការខ្ចីនោះប៉ុណ្ណាដែលកំណត់ច្រើនពេក ។
លោកបញ្ជាក់ថា ស្ថាប័នរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF គឺតាមដានប្រទេសទូទាំងពិភពលោក រឿងការជំពាក់បំណុលក្នុង១ ឆ្នាំ គឺពីរដង ។ ប្រសិនបើប្រទេសណាមួយខ្ចីបំណុលបរទេសច្រើនពេក នោះIMF នឹងបញ្ជ្រាបឱ្យដឹង ។
បើតាមលោកចាន់ សុផល លោកថាបំណុលដែលកម្ពុជាជំពាក់ចំនួនជាង ១១ ពាន់លានដុល្លារអាមេរិកនេះ គឺនៅស្ទើនៅឡើយទេ ដែលគួរតែបន្តខ្ចីគេទៀត។
ជាងនេះទៅទៀត អ្វីដែលគួរយកចិត្តទុកដាក់ជាងនេះនោះគឺលោក ចាន់ សុផលបញ្ជាក់ថា ការប្រើប្រាស់បំណុលទាំងនោះ ធ្វើយ៉ាងណាដើម្បីឱ្យមានប្រសិទ្ធភាព ។
បែបនេះក្ដី អង្គការសង្គមស៊ីវិលបានបង្ហាញការមើលឃើញរបស់ខ្លួនដែលផ្ទុយពីអ្នកជំនាញសេដ្ឋកិច្ចរួមទាំងរាជរដ្ឋាភិបាល ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា កាលណាបំណុលកើនឡើង ធ្វើឱ្យមានការកើនឡើងនូវហានីភ័យនៃបំណុល ។
លោក សន ជ័យថា នៅពេលដែលបំណុលកើនឡើងរហូតដល់ទៅ ជាង១ម៉ឺនលានដុល្លារបែបនេះ កម្ពុជាគួរតែគិតគូរបន្ថយការខ្ចីបន្តទៀត ។
លោក សន ជ័យក៏ផ្ដោតខ្លាំងទៅលើថាតើការប្រើកម្ចីពីបរទេសរបស់កម្ពុជា ធ្វើទៅបានល្អកម្រិតណា ។
លោកបានលើកឧទាហរណ៍ និងចោទជាសំណួរថា កម្ចីយកមកធ្វើស្ពាន ឬផ្លូវ តើស្ពាន និងផ្លូវនោះមានមានគុណភាពប៉ុន្មានឆ្នាំជាដើម ។
តែលោក សន ជ័យថា កម្ពុជាប្រើកម្ចីទាំងនោះមួយចំនួនគឺត្រឹមត្រូវទៅតាមគោលដៅ ខណៈដែលចំណុចខ្លះគឺមិនទាន់ចំគោលដៅនៅឡើយនោះទេ ។
តាមការអង្កេតជាក់ស្ដែង កម្ពុជាកាន់តែបន្ថែមការជំពាក់បំណុល និងទទួលជំនួយពីប្រទេសចិនដែលជាប្រទេសកុម្មុយនីស្តកាន់តែច្រើនឡើងៗ ក្រោយពេលដែលសហភាពអឺរ៉ុប អាមេរិក ឬប្រទេសប្រជាធិបតេយ្យមួយចំនួនបានដាក់បន្ទុកមករដ្ឋាភិបាលកម្ពុជាឱ្យស្ដារលទ្ធីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋក្រោយការបោះឆ្នោតសភានីតិកាលទី ៦ ដោយកំពុងមានវិធានការដកប្រព័ន្ធអនុគ្រោះពន្ធEBA ។
ប្រទេសចិន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាហៅថាមិត្តដែកថែប ។ យ៉ាងណា មេដឹកនាំកម្ពុជាអំពាវនាវឱ្យពលរដ្ឋកុំមានការព្រួយបារម្ភចំពោះការផ្តល់ជំនួយ ឬកម្ចីពីចិនឡើយ ។
យ៉ាងណា លោក សន ជ័យបង្ហាញពីការព្រួយបារម្ភចំពោះកម្ពុជាដែលជាកូនបំណុលធំរបស់ចិន ជួបហាន់នីភ័យ ដូចប្រទេសមួយចំនួនដែលធ្លាប់កើតឡើង ដែលចាំបាច់កម្ពុជាត្រូវពិនិត្យលក្ខខ័ណ្ឌឱ្យបានម៉ត់ចត់ ។
ជាក់ស្ដែង កំពង់ផៃមួយនៃប្រទេសស្រីលង្ការ ត្រូវបានចិនគ្រប់គ្រងចំណូលទាំងស្រុងរយៈពេល ៩៩ ឆ្នាំ ខណៈដែលប្រទេសនេះមិនមានលទ្ធភាពសងបំណុលចិនចំនួនប្រមាណ ១៥០០ លានដុល្លារ ។
កន្លងមក មានមតិខ្លះអះអាងថា ពលរដ្ឋកម្ពុជាអាចនឹងក្លាយជាជនជាភាគតិចនៅលើទឹកដីខ្លួន ខណៈដែលជនជាតិចិនជាច្រើនបានចូលមកកម្ពុជាជាពិសេសនៅខេត្តព្រះសីហនុ ។ តែយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជាអះញអាងថា កម្ពុជាមិនមែនលក់អធិបតេយ្យ ឬអនុញ្ញាតឱ្យចិនជ្រៀតកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ ហើយចិនក៏គ្មានគោលនយោបាយបែបនេះដែរ ។
សហភាពអឺរ៉ុបដែលជាប្រទេសទីផ្សារធំជាងគេសម្រាប់ការនាំចេញអង្ករ និងវាយនភ័ន្តពីកម្ពុជា ។ សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករពីកម្ពុជាដែលមានទឹកប្រាក់ប្រមាណ ៥៤ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ។
ជាងនេះសហភាពអឺរ៉ុបក៏កំពុងដំណើរការនីតិវិធីបណ្ដោះអាសន្នទៅលើការដកពន្ធក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ EBA ពីកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ៧រយលានដុល្លាអាមេរិក ក្នុងមួយឆ្នាំៗ។
ជាមួយគ្នានេះ ព្រឹទ្ធសភាពីររូបនៃសហរដ្ឋអាមេរិកក៏ បានស្នើច្បាប់ដកការអនុគ្រោះពន្ធលើការនាំចូលទូទៅពីកម្ពុជាផងដែរ ដែលមានទឹកប្រាក់ប្រមាណ ៤០០ លានដុល្លារក្នុងមួយឆ្នាំៗ ។
សេដ្ឋកិច្ចកម្ពុជាបានរក្សាកំណើនជំវិញអត្រា៧ ភាគរយក្នុងឆ្នាំ ២០១៨ ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
អ្នកវិភាគថា ការព្យាករណ៍នេះនឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើកម្ពុជាជ្រុះការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ៕
អត្តបទដោយ៖ សោម លាភ