កំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺសហការជាមន្រ្តីពាក់ព័ន្ធមួយចំនួនបានចុះស្រាវជ្រាវទីតាំងផលិតស្ករត្នោតមួយកន្លែង ដោយក្រុមអ្នកជំនាញបានដាក់ការសង្ស័យជាបឋមថា សិប្បកម្មនេះបានផលិតស្ករខុសលក្ខណៈបច្ចេកទេស ដោយម្ចាស់ទីតាំងយក «ស្ករស»លាយបញ្ចូលសារធាតុគីមី មកផលិតទៅជាស្ករត្នោតនាំចេញទៅទីផ្សារក្នុងស្រុកនិងក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃនេះ។
សិប្បកម្មផលិតនេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទីតាំងសិប្បកម្មខាងលើត្រូវបានមន្ទីរជំនាញខេត្ដកំពង់ស្ពឺ ណែនាំនិងដកហូតអាជ្ញាប័ណ្ណជាបណ្ដោះ អាសន្ន។ ករណីមិនកែប្រែរូបមន្ដនៃការផលិតស្ករត្នោតខុសបច្ចេកទេស និងបន្លំប្រភពដើមនៃទំនិញនោះទេ នោះម្ចាស់ទីតាំងនឹងប្រឈមមុខផ្លូវច្បាប់។
ទីតាំងសិប្បកម្មផលិតស្ករត្នោត មានម្ចាស់ឈ្មោះ រាជ រ៉ាឌី ភេទស្រី អាយុ៥៧ឆ្នាំ។ សមត្ថកិច្ចបានរកឃើញស្ករសរ ១១០បាវ ស្មើ ៥៥០០គីឡូ ស្ករក្រហម ៥១៣បាវ ស្មើប្រមាណ ២,៥ម៉ឺនគីឡូ ស្ករត្នោតសម្រេច ៦៦បាវ ស្មើ ៦៦០០ គីឡូ ស្ករត្នោតដាក់ក្នុងធុងកាត់ចំនួន ១៥៤ ធុងកាត់ ស្មើប្រមាណ ២ ម៉ឺនគីឡូ សំបកធុងកាត់ទទេចំនួន ៤២៤ ធុង,សំបកធុងស្ពេត្រូចំនួន ៣៥០ ធុង-ស្ករត្នោតច្រកក្នុងធុងស្ពេត្រូចំនួន ១៦ ធុង ស្មើ ៧៥២ គីឡូ។
សមត្ថកិច្ចក៏បានចាប់យកសំណាកចំនួន៩គំរូ ប្រគល់ជូនជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើតេស្ត ជំនាញបានណែនាំដល់ម្ចាស់អាជីវកម្មឱ្យផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន រង់ចាំលទ្ធផលតេស្ត និងការសម្រេចពីថ្នាក់លើផងដែរ៕