en     km
en     km

ដំរីព្រៃមួយហ្វូងបង្ហាញខ្លួននៅក្រោយអគារសាលាស្រុកកែវសីមា ខេត្តមណ្ឌលគីរី

Share

សត្វដំរីព្រៃជាច្រើនក្បាល បានបង្ហាញខ្លួនចាប់តាំងពីសប្តាហ៍កន្លងទៅរហូតមកដល់ថ្ងៃនេះនៅតាមគុម្ពោតព្រៃ ចម្ងាយប្រមាណ ១០០ម៉ែត្រខាងក្រោយអគារសាលាស្រុកកែវសីមា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានចេញផ្សាយកាលពីម្សិលមិញ។

យោងតាមសេចក្តីរាយការណ៍របស់លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តទទួលបន្ទុកដែនជម្រកសត្វព្រៃកែវសីមា បានឲ្យដឹងថា មានដំរីព្រៃចំនួន ៧ ក្បាល(ក្នុងនោះមាន ២ក្បាល មានវ័យស្ទើរជំទង់) កំពុងដើរស្វែងរកស៊ីចំណីនិងផឹកទឹក នៅក្បែរភូមិ អូរអាម ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ស្ទើររៀងរាល់ល្ងាច ចន្លោះពីម៉ោង ៥ ទៅ ម៉ោង ៦ ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា មក។ ហ្វូងដំរីនោះ បានមកស៊ីចេក ឫស្សី និងរុក្ខជាតិតូចៗដែលដុះនៅលើដីឡូត៍របស់អ្នកភូមិទុកចោលនៅក្បែរសាលាស្រុក ហើយក៏វិលត្រឡប់ទៅកាន់ជម្រករបស់វានៅក្នុងព្រៃវិញ បន្ទាប់ពីបានផឹកទឹករួច។ ។

លោក ប៊ុនធឿន សន្និដ្ឋានថា គោលបំណងសំខាន់របស់ដំរីទាំងនោះគឺមករកទឹកផឹក ព្រោះប្រភពទឹកភាគច្រើននៅតាមទីជម្រករបស់ពួកវា អាចរីងហួតអស់ក្នុងកំឡុងរដូវប្រាំងនេះ។

បុគ្គលិកប្រចាំតំបន់របស់អង្គការ WCS និងមន្ត្រីបរិស្ថានខេត្ត បានតាមឃ្លាំមើលដំណើរផ្លាស់ទីរបស់ហ្វូងដំរីនោះយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើដំរីទាំងនោះវាយប្រហារអ្នកភូមិ។ រហូតមកដល់ពេលនេះ ហ្វូងដំរីនោះមិនទាន់បង្កឲ្យមានការខូចខាតអ្វីទេ។

លោក អន អាត មន្ត្រីរបស់អង្គការ WCS ទទួលបន្ទុកផ្នែកវិវាទរវាងមនុស្សនិងសត្វព្រៃ បានថ្លែងថា ដោយសារតែប្រជាជនបានកាប់រានព្រៃធ្វើកសិកម្មចូលក្នុងតំបន់ដែលដំរីធ្លាប់ឆ្លងកាត់ ដូច្នេះវាងាយបង្កជាវិវាទរវាងមនុស្ស និងដំរីណាស់។ លោកបន្តថា កាលពីឆ្នាំ ២០១៨ មានវិវាទរវាងមនុស្សនិងសត្វដំរីមួយចំនួនកើតមាននៅក្នុងភូមិចំនួន ១១ ដោយបង្កឲ្យមានការខូចខាតដល់ផលដំណាំជាច្រើនដូច ស្រូវ ស្វាយចន្ទី និងចេក។

តែយ៉ាងណាការបង្ហាញខ្លួនជារៀងរាល់ឆ្នាំរបស់សត្វដំរីព្រៃទាំងនោះ បានបង្ហាញថា ចំនួនសត្វដំរីព្រៃទាំងអស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានោះ ទទួលបានការការពារយ៉ាងល្អ ក្រោមគម្រោងគាំទ្រព្រៃឈើនិងជីវចម្រុះ ដែលឧបត្ថម្ភមូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ពីឆ្នាំ ២០១២ ដល់ ២០១៦។

បច្ចុប្បន្ន តំបន់ដែនជម្រកសត្វព្រៃកែវសីមា បានក្លាយជាទីជម្រករបស់សត្វដំរីព្រៃអាស៊ីចំនួនប្រហែល ១១៥ក្បាល៕

 

Share

ព័ត៌មានទាក់ទង

Image