ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអះអាងថាការសម្រេចទិញរថពាសដែកទៅកាន់ប្រទេសម៉ាលីដែលកម្ពុជា បានចំណាយគឺម្យ៉ាងដោយសារអង្គការសហប្រជាជាតិខ្វះថា ហើយជាពិសេស ដើម្បី ប្រគល់អោយកងទ័ពកម្ពុជាប្រើប្រាស់ទប់ទល់នឹងពួកឧទ្ទាម និងពួកភេរវករ។
ការប្រកាសរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ សម្តេច បានពន្យល់ថា ស្ថានភាពនៅប្រទេសម៉ាលី សង្រ្គាមវឹកវរ កើតជាបន្តបន្ទាប់ ដោយមានក្រុមអាល់កៃដា និងក្រុមផ្សេងៗទៀត។
សម្តេចបញ្ជាក់ថា ដោយសារករណីនេះ សម្ដេចបានចុះហត្ថលេខាដើម្បីបញ្ចេញនូវថវិកា ប្រមាណ១៥លានដុល្លារ ដើម្បីទិញរថពាសដែក បញ្ជូនទៅឱ្យកងទ័ពមួកខៀវកម្ពុជា។ សម្ដេចថាកម្ពុជាមិនដកទ័ពរបស់ខ្លួនពីប្រទេសនេះដែរ។
សូមស្ដាប់ប្រសាសន៍របស់សម្ដេចហ៊ុនសែន៖
សម្ដេចអះអាងថា កម្ពុជានៅមានធនធានតិចតួច ដែលបានទៅធ្វើការនៅក្នុងស្ថាប័នអន្តរជាតិសំខាន់។តែយ៉ាងណាកម្ពុជាចង់ឱ្យបញ្ចូលយោធាកម្ពុជា ទៅក្នុងថ្នាក់ដឹកនាំ ឬថ្នាក់សេនាធិការ ចូលទៅក្នុងផ្នែកមួយនៃអង្គការសហប្រជាជាតិ។
សម្ដេចបន្តថា ការបញ្ជូនទាហានមួកខៀវ ទៅបំពេញបេសកកម្មក្រៅប្រទេសក្នុងក្រមខណ្ឌរបស់ អង្គការសហប្រជាជាតិ បង្ហាញឱ្យឃើញថា កម្ពុជាបានចូលរួមក្នុងការថែរក្សាសន្តិភាពពិភពលោកទោះបីកម្ពុជា ត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនក៏ដោយ។
សូមជម្រាបថាចាប់តាំងកងកម្លាំងមួកខៀវជំនាន់ទីមួយរបស់កម្ពុជា បានចូលរួមបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិជាលើកដំបូង ដែលមកទល់ពេលនេះគឺកម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៥២៥៧ នាក់ហើយ ។ពួកគេត្រូវទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្វ្រិក និងក្នុងតំបន់មជ្ឈឹមបូព៌ា។ បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កងកម្លាំងកម្ពុជាចំនួន៨១៣នាក់បច្ចប្បន្ន កំពុងស្ថិតនៅឈរជើងរក្សាសន្តិភាពនៅប្រទេសចំនួន៥នៅក្នុងទ្វីបអាហ្រ្វិក៕