en     km
en     km

ករណីវិវាទគ្រូបង្រៀននិងក្រសួងអប់រំ៖អ្នកគ្រូ វង វុន្នីថារដ្ឋមន្ត្រីអប់រំបំពានច្បាប់

Share

ភ្នំពេញ៖ លោកស្រីវង វុន្នី ជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀន ១១ នាក់ដែលជាដើមចោទក្នុងរឿងក្ដីប្ដឹងសុំបដិសេធចោលនូវលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌគ្រូបង្រៀន បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា លោក ហង់ ជួនណារ៉ុន មិនហានចេញមុខដោះស្រាយរឿងក្ដីនេះទេ ព្រោះលោកធ្វើនេះជាការបំពានលើច្បាប់។ តែយ៉ាងណាមន្ត្រីអប់ថាករណីនេះ គឺធ្វើឡើងតាមច្បាប់។

រាយការណ៍ដោយ លោក សោម លាភ

 

នៅព្រឹកថ្ងៃទី ២៧ ខែមីនា នេះ លោកស្រី វង វុន្នី បានចូលខ្លួនតាមដីការកោះរបស់សាលាដំបូងរាជធានីភ្នំពេញចុះហត្ថលេខាដោយចៅក្រម រស់ ពិសិដ្ឋ ជុំវិញសំណុំរឿងក្ដីប្ដឹងក្រសួងអប់រំ យុវជននិងកីឡា ដែលតំណាងដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងនេះ ។

តាមពាក្យបណ្ដឹងរបស់អតីតគ្រូបង្រៀនចំនួន ១១ នាក់ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ បានប្ដឹងទៅលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ករណីរដ្ឋមន្ត្រីរូបនេះ លុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌគ្រូបង្រៀន ។

ក្នុងពាក្យបណ្ដឹងនោះ មានកម្មវត្ថុ ដោយសុំឱ្យតុលាការចេញនូវសាលក្រមដែលមានខ្លឹមសារពីរចំណុច គឺទី ១ សុំបដិសេធនូវប្រកាសស្ដីពីការលុបឈ្មោះបុគ្គលិកអប់រំ ចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ និងទី ២ គឺសុំផ្ដល់ក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ឱ្យដល់ពួកគាត់វិញ ។

មកដល់ថ្ងៃនេះ គឺថ្ងៃទី ២៧ មីនា លោកស្រី វង វុន្នី បានសរសេរលើហ្វេសបុករបស់លោកស្រីដោយបញ្ជាក់ថា លោកស្រីចូលខ្លួនតាមដីកាកោះរបស់តុលាការ បើទោះបីដឹងថានឹងគ្មានយុត្តិធម៌សម្រាប់ពួកគាត់ក៏ដោយចុះ ។

លោកស្រីបញ្ជាក់ថា ក្រុមគ្រូបង្រៀនទាំង ១១ នាក់នឹងមិនទទួលបានយុត្តិធម៌នោះទេ ព្រោះតែការលុបឈ្មោះអ្នកទាំងអស់គ្នានោះ គឺធ្វើទាំងបំពាន​ និងរំលោភច្បាប់សហលក្ខន្តិក:មន្ត្រីរាជការស៊ីវិល ។

លោកស្រីបានសរសេរលើទំព័រហ្វេសបុកដែលមានន័យដូចនេះថា «ហង្ស​ជួនណារ៉ុន​ មិនទាំងហ៊ានចេញមុខមកជួបពួកយើងផង​ បានត្រឹមតែឲ្យតំណាង​ និងមេធាវីមកតែប៉ុណ្ណោះ​ ។ ហើយតំណាង​ និងមេធាវីទៀតសោត​កោតតែហ៊ានវាចាដោយឥតអៀនខ្មាស់ថា​ អ្វីដែល​ហង្ស​ជួន​ណារ៉ុន​ធ្វើ​ សុទ្ធតែត្រឹមត្រូវទៅតាមនិតិវិធី​ហើយ​ ។ ពិតជាគួរឲ្យសោកស្តាយដោយ​សារអ្នករស់នៅក្នុងច្បាប់​ បែរជាយកច្បាប់មកទ្រាប់អង្គុយ​ទៅវិញ» ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាគ្រូបង្រៀនម្នាក់ដែលត្រូវបានក្រសូងអប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌគ្រូ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការកោះហៅលោកស្រី វង វុន្នីនេះ គឺគ្រាន់តែឱ្យចូលបំភ្លឺជំវិញករណីបណ្ដឹងនេះបន្ថែមតែប៉ុណ្ណោះ ។ លោកបន្ថែមថា ៣ សប្ដាហ៍ក្រោយទើបតុលាការនឹងប្រកាសលទ្ធផលនៃការជួបបំភ្លឺរយៈពេលពីរដងនោះទាំងដងនេះ ។

លោក រ៉ុង ឈុន បន្ថែមទៀតថា ក្រុមគ្រូបង្រៀននឹងទទួលបានយុត្តិធម៌ប្រសិនបើតុលាការអនុវត្តតាមវិជ្ជាជីវៈ ។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនធ្វើការអធិប្បាយបំភ្លឺដល់មណ្ឌលព័ត៌មានស្ដ្រីបាននៅឡើយនោះពាក់ព័ន្ធនឹងករណីនេះ ដោយលោកថា លោកកំពុងជាប់រវល់បេសកកម្ម ។ ជាងនេះ លោកក៏មិនទាន់ឆ្លើយតបតាមរយៈសារអេឡិចត្រូនិចដែរ ។

តែយ៉ាងណា លោកមេធាវីរបស់លោក ហង់ ជួនណារ៉ុន និងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាថា អ្វីដែលក្រសួងបានធ្វើគឺធ្វើទៅតាមនីតិវិធី និងច្បាប់ដែលចូលជាធរមាន ។

ក្រុមគ្រូទាំង ១១ នាក់ធ្លាប់បានបញ្ជាក់ថា ពួកគាត់ទទួលបានការអនុញ្ញាតឱ្យស្ថិតក្រៅពីក្របខ័ណ្ឌពីក្រសួងអប់រំ យុវជន និងកីឡា តាមការស្នើរបស់ពួកគាត់ ដើម្បីទៅបម្រើការងារជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់  ក្រុមប្រឹក្សាស្រុក ខ័ណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្ត និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

តែយ៉ាងណា ពួកគាត់ បានបាត់បង់តួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់     ក្រុមប្រឹក្សាស្រុក ខ័ណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្ត និងលាលែងពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីតុលាការកំពូលចេញសាលដីការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។

បែបនេះក្ដី ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសស្ដីពីការលុបឈ្មោះពួកគាត់ទាំង ១១ រូប ចុះកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ ដោយចោទប្រកាន់ថា ពួកគាត់ថា បោះបង់ចោលការងារ និងមួយចំនួនទៀតគឺអវត្តមានដោយគ្មានច្បាប់អនុញ្ញាត ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image