ភ្នំពេញ៖ មន្ត្រីនៃសហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ខ្លួនកំពុងរៀបចំឯកសារផ្លូវច្បាប់ត្រៀមប្តឹងតវ៉ាទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ករណីសហគមន៍អឺរ៉ុបដែលបានសម្រេចយកពន្ធអង្ករកម្ពុជា ទាំងប្រភេទអង្ករក្រអូប ដែលកសិករអឺរ៉ុបដាំមិនបានផងនោះ។ ការត្រៀមខ្លួនដើម្បីតវ៉ាទៅកាន់ WTO នេះ ស្របពេលដែលការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាងមួយម៉ឺនតោននៅដើមឆ្នាំនេះ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
មន្រ្តីនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៧ មីនានេះថា សហព័ន្ធកំពុងនិងបានត្រៀមឯកសារគតិយុត្តមួយចំនួន ដើម្បីប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO តវ៉ាករណីដែលសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើអង្ករប្រភេទក្រអូបរបស់កម្ពុជា ទោះបីជាកសិករអឺរ៉ុបដាំខ្លួនឯងមិនកើតនោះ។
នេះបើតាមការគូសបញ្ជាក់ពីលោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកបានឆ្លើយតបនឹងសំនួររបស់វិទ្យុស្រ្តីថា សហព័ន្ធស្រូវអង្ករកម្ពុជាមិនអាចបង្កើតជំនួបក្រៅផ្លូវការជាមួយប្រតិភូសហភាពអឺរ៉ុបបាននោះទេ ព្រោះគណៈប្រតិភូអឺរ៉ុបចូលជួបតែឥស្សរជនជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធបញ្ហាប្រព័ន្ធអនុគ្រោះពន្ធឬ EBA តែប៉ុណ្ណោះ។
យ៉ាងណាលោក មូល សារិទ្ធិ និយាយថា សហព័ន្ធស្រូវអង្ករកម្ពុជាមិនព្រងើយកន្តើយឡើយករណីការទម្លាក់ពន្ធលើអង្ករកម្ពុជានេះ ដោយលោកថា នៅរយៈពេលប្រមាណ ៤ ខែខាងមុខទៀត សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដាក់ពាក្យប្តឹងតវ៉ារឿងនេះទៅកាន់WTO។ លោកឱ្យដឹងបន្តថា ការយកពន្ធរបស់សហគមន៍អឺរ៉ុបនេះ គឺហាក់ដូចជាមានភាពអយុត្តិធម៌សម្រាប់កម្ពុជា ព្រោះអឺរ៉ុបបានយកពន្ធទាំងអង្ករប្រភេទក្រអូបរបស់កម្ពុជាថែមទៀត ទោះបីជាកសិករអឺរ៉ុបខ្លួនឯងដាំមិនបាននោះ។
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៩ បានសម្រេចជាផ្លូវការគិតពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេលបីឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ ២០១៩ ក្នុងអត្រាជិត ២០០ដុល្លារអាមេរិក សម្រាប់អង្ករមួយតោន។ ការយកពន្ធនេះ បន្ទាប់ពីកសិករប្រទេសអ៊ីតាលី និងអេស្បាញបានប្តឹងតវ៉ាការនាំចូលយ៉ាងច្រើននូវអង្ករប្រទេសសរពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ ការប្តឹងរបស់កសិករអឺរ៉ុបនេះ ក្រោយហេតុផលថា ដើម្បីការពារផលប្រយោជន៍កសិផលរបស់កសិករអឺរ៉ុប។
លោក មូល សារិទ្ធិ បានបញ្ជាក់ថា កម្ពុជាធ្លាប់បានដាក់ពាក្យប្តឹងម្តងរួចមកហើយនៅមុនការសម្រេចយកពន្ធអង្ករនេះ តែកម្ពុជាត្រូវបរាជ័យ។ លោកអះអាងថា ការប្តឹងជាលើកទីពីរនេះមានតម្រុយជោគជ័យច្រើន ព្រោះសហព័ន្ធបានចំណាយថវិកាជួលមេធាវីបរទេសឱ្យជួយ ហើយកម្ពុជាក៏មានឯកសារ និងអំណះអំណាងច្បាស់លាស់សម្រាប់តតាំង។
អ្នកធ្វើការលើការជំរុញនាំចេញលើវិស័យស្រូវអង្ករកម្ពុជារូបនេះឱ្យដឹងបន្ថែមថា ខណៈដែលកម្ពុជាត្រៀមខ្លួនប្តឹង តែកម្ពុជាក៏ខ្លួនឯងក៏កំពុងពង្រឹងខ្លួនកាន់តែច្រើនលើកការកាត់បន្ថយថ្លៃដើមនៃការផលិត ទាំងគុណភាពនៃការផលិត និងការជួយ សម្រួលនានាពីរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារមួយចំនួនទៀត។ លោក មូល សារិទ្ធិ ឱ្យដឹងទៀតថា សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តមួយចំនួនដើម្បីជំរុញការនាំចេញអង្ករឱ្យបានច្រើន និងបានតម្លៃថ្លៃ តាមរយៈការបង្កើតម៉ាកសញ្ញាពាណិជ្ជកម្មតំណាងប្រទេសកម្ពុជាគឺម៉ាក«ម្លិះអង្គរ» និងការជំរុញការដាំស្រូវសរីរាង្គនៅតាមខេត្តជាប់បឹងទន្លេសាបផងដែរ។
ពាក់ព័ន្ធនឹងផលប៉ះពាល់លើការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបវិញ លោក មូល សារិទ្ធិ ទទួលស្គាល់ថា បញ្ហានេះពិតជាធ្វើឱ្យអ្នករកស៊ីមួយចំនួនតូចដែលមិនសូវមានភាពច្បាស់លាស់រឿងទីផ្សារ ញញើតមិនហ៊ានធ្វើការនាំចេញ។លោកឱ្យដឹងថា ក្នុងរយៈពេលជាង ៣ខែដើមឆ្នាំ២០១៩នេះ ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាងមួយម៉ឺនតោន ដែលបរិមាណធ្លាក់ចុះនេះលោកថាមិនបង្កហានិភ័យជាដុំកំភួនសម្រាប់វិស័យស្រូវអង្ករកម្ពុជាឡើយ។ លោកថា កម្ពុជាមានទីផ្សារផ្សេងៗមួយចំនួនទៀតសម្រាប់ជំនួសទីផ្សារអឺរ៉ុបដើម្បីនាំចេញពិសេស គឺប្រទេសចិន។
ក្នុងរឿងនេះដែរ អ្នករកស៊ីក្នុងការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបមួយរូបសូមមិនបញ្ចេញឈ្មោះបានវិទ្យុស្រ្តីថា នៅក្រោយការយកពន្ធពីសហគមន៍អឺរ៉ុប ឈ្មួញរកស៊ីមួយចំនួនក៏បានផ្អាកកិច្ចសន្យាដាំដុះជាមួយកសិករផងដែរ ព្រោះខ្លាចខាតបង់ផលចំណេញ។ ពួកគេត្អួញត្អែរថា ការប្រកួតប្រជែងក្នុងការនាំចេញអង្កររបស់កម្ពុជា គឺនៅមានភាពទន់ខ្សោយណាស់បើធៀបនឹងប្រទេសជិតខាង ព្រោះការចំណាយលើថ្លៃដើមនៃការផលិតនៅមានទំហំធំ ហើយគ្រឿងចក្រក្នុងវិស័យនេះក៏មិនស្រូវទំនើបដូចគេ។
សហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងរថា ការយកពន្ធអង្ករកម្ពុជានេះមានលក្ខណៈឆាប់រហ័សពេក ខណៈវិស័យស្រូវអង្ករកម្ពុជាត្រូវការពេលច្រើនឆ្នាំទៀត ដើម្បីពង្រឹងខ្លួនប្រកួតប្រជែងដោយមិនអាស្រ័យលើការអនុគ្រោះពន្ធនេះ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា ការយកពន្ធនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងមានការលំបាកនាំចូលអង្ករពីកម្ពុជាទៅសហភាពអឺរ៉ុបដោយសារកម្ពុជាមិនទាន់បានត្រៀមខ្លួនពេញលេញ។
ក្នុងគ្រាដែលកម្ពុជាកំពុងហែរឆ្លងអន្តរកាលនៃការរឹតបណ្តឹងផ្នែកសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុបនេះ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញវិធានការណ៍មួយចំនួនដើម្បីសម្រួលដល់បរិយាកាសវិនិយោគ និងការនាំចេញនានា។ សហព័ន្ធស្រូវអង្ករបានមើលឃើញថា រដ្ឋាភិបាលបានប្រឹងប្រែងដោយថ្មីៗនេះបានសម្រេចលើកលែងពន្ធលើប្រាក់ចំណេញផ្សេងៗ បញ្ចុះតម្លៃដឹកជញ្ជូន លុបបំបាត់ស្ថាប័នកម្មសាប សម្រួលច្បាប់វិនិយោគ និងការលើកលែងពន្ធដល់អ្នកវិនិយោគថ្មីច្រើនឆ្នាំផងដែរ។ ប្រការនេះបានជួយសម្រួលកិច្ចការពាណិជ្ជកម្មជាច្រើន ពិសេសការនាំចេញស្រូវអង្ករដែលមិនត្រូវបានជាប់ពន្ធក្នុងស្រុកនោះ៕