en     km
en     km

អ្នកវិភាគ៖ការថ្លែងរបស់សម្ដេចហ៊ុនសែនថាលោកកឹមសុខាមិនឱ្យមន្ត្រីខ្លួនសុំសិទ្ធិនយោ​បាយ​​គឺជា​ការគម្រាមបន្តឃុំខ្លួន

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា បានឃាត់ និងគម្រាមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិមិនឱ្យសុំសិទ្ធិធ្វើនយោបាយ ។ មេធាវីលោក កឹម សុខា បានចេញមុខ​បដិសេធថា កូនក្ដីរបស់ខ្លួនមិនដែលឃាត់ ឬគម្រាមនរណាមិនឱ្យសុំសិទ្ធិធ្វើនយោ​បាយ ហើយក៏មិនលើកទឹកចិត្តឱ្យនរណាសុំសិទ្ធិនោះឡើយ ។ អ្នកវិភាគនយោបាយថា គោល​បំណងនាយករដ្ឋមន្ត្រីគឺដើម្បីគឺចង់បានផលប្រយោជន៍ពីលោកកឹមសុខាឬ​យ៉ាង​ហោច​​ណាស់គម្រាមឃុំខ្លួនអតីតប្រធានគណបក្សនេះបន្តទៀត ។

រាយការណ៍ដោយ លោក សោម លាភ

 

លោក កឹម សុខា កំពុងរស់នៅក្នុងផ្ទះរបស់ខ្លួនក្រោមការត្រួតពិនិត្យ និងតាមដានតាមផ្លូវតុលាការ ។

ក្រោយផ្លាស់ប្ដូរលោកពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង មកនៅក្នុងផ្ទះគឺគេកម្រឃើញលោកបង្ហោះសារតាមរយៈទំព័រហ្វេសបុករបស់លោកគឺមាមនតិចតួចណាស់ ។

នេះជាការបញ្ជាក់ថា លោកជាមនុស្សស្ងៀមស្ងាត់ ដែលអ្នកនិយមខាងលោកថា លោកជាមនុស្សអហឹង្សា ។

បើទោះបីជាលោក មិនដែលបង្ហាញជំហរ ឬនិយាយស្ដីគ្រប់មធ្យោបាយពាក់ព័ន្ធនឹងការសុំសិទ្ធិធ្វើនយោបាយក៏ពិតមែន តែនាយករដ្ឋមន្ត្រីកម្ពុជាទំនងចាត់ទុកលោកកឹមសុខានៅតែជាឆ្អឹងទទឹងកចំពោះការសុំសិទ្ធិធ្វើនយោបាយរបស់មន្ត្រីដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ។

ជាក់ស្ដែង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៥ មីនាម្សិលមិញ បានថ្លែងនៅចំពោះមុខនិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដែលសម្ដេចចង់សម្ដៅថា លោក កឹម សុខា ឃាត់ និងគម្រាមមន្ត្រីរបស់ខ្លួនមិនឱ្យសុំសិទ្ធិធ្វើនយោបាយ ។

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិបញ្ជាក់សារតាមរយៈទំព័រហ្វេសបុករបស់ខ្លួនដោយភ្ជាប់ជាមួយវីដេអូសម្ដេច ហ៊ុន សែនថា លោក កឹម សុខា នៅតែមានភាពស្មោះត្រង់ នៅតែមានជំហរនយោបាយជាធ្លុងមួយជាមួយលោក និងគណបក្សសង្គ្រោះជាតិ ។

លោក សម រង្ស៊ី តែងតែអំពាវនាវឱ្យមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិ មិនត្រូវសុំសិទ្ធិធ្វើនយោបាយពីសម្ដេច​ ហ៊ុន សែន ឡើយ ។ លោកតែងតែភ្ជាប់នូវឃ្លាមួយថា សម រង្ស៊ី កឹម សុខាជាមនុស្សតែមួយ ។

លោក សម រង្ស៊ី ធ្លាប់បញ្ជាក់ថា លោកកឹម សុខាផ្ទាល់មិនដែលចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញឡើយ ហើយការដែលនាយករដ្ឋមន្ត្រីកម្ពុជា ថាលោក កឹម សុខា ចង់ទៅបង្កើតគណបក្សថ្មីមួយទៀត គឺគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រទេ ។

តែយ៉ាងណា មេធាវីលោក កឹម សុខា គឺលោក ផែង ហេង បានចេញសារនៅលើទំព័រហ្វេសបុករបស់ខ្លួនថា លោកកឹម សុខា មិនគម្រាមកំហែង ឬឃាត់នរណាមិនឱ្យសុំសិទ្ធិធ្វើនយោបាយទេ ហើយក៏មិនលើកទឹកចិត្តឱ្យនរណាទៅសុំសិទ្ធិធ្វើនយោបាយដែរ ។

អ្នកវិភាគនយោបាយឯករាជ្យ លោក ឯម សុវណ្ណារ៉ា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ក្រោយពេលដែលមានការថ្លែងរបស់សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា ហើយមានការចេញមុខបដិសេធពីលោក កឹម សុខា តាមរយៈលោកមេធាវីរបស់ខ្លួន ជាការបង្ហាញថា លោក សម រង្ស៊ី និងលោក កឹម សុខា មានជំហរនយោបាយខុសគ្នា ។

លោកឯម សុវណ្ណារ៉ាថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជាអាចជាការគម្រាមថាមិនដោះលែងលោក កឹម សុខា ហើយបញ្ជាក់ថាស្ថានភាពនយោបាយនៅកម្ពជានៅតែមិនធូរស្បើយដោយសារតែគណបក្សសង្គ្រោះជាតិ ។

អ្នកវិភាគរូបនេះបន្ថែមទៀតថា ស្ថានភាពនយោបាយនៅកម្ពុជានៅតែមានភាពតឹងតែង ដែលលោកថា មិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់សហភាពអឺរ៉ុបចង់ឱ្យកម្ពុជាស្ដារឡើងវិញឡើយ  ។

តែយ៉ាងណា លោក ឯម សុវណ្ណារ៉ាថា ការណ៍នេះជាការលើកប្រជាប្រិយភាពលោក កឹម សុខាដែរ តែមិនបានច្រើនទេ ខណៈដែលអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ គឺផ្អៀងខ្លាំងទៅខាងលោក សម រង្ស៊ីច្រើន ជាងការនៅស្ងៀមស្ងាត់របស់លោក កឹម សុខា ។

ការថ្លែងបែបនេះ របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ស្របពេលដែលមន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួន ៦ រូបដែលទទួលបានការស្ដារនីតិសម្បទានយោបាយឡើងវិញដោយសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាចុះហត្ថលេខាយល់ព្រម ។

យ៉ាងណា សម្ដេច ហ៊ុន សែននៅថ្ងៃនោះដដែល បានលើកទឹកចិត្ត និងពេញចិត្តទៅនឹងអ្នកសុំសិទ្ធិធ្វើនយោបាយ ។

ពាក់ព័ន្ធនឹងការសុំសិទ្ធិធ្វើនយោបាយនេះ លោក អ៊ូ ច័ន្ទរ័ត្ន និងក្រុមលោកចំនួន ៥ រូបទៀត បានចេញសេចក្ដីថ្លែងការថា ការសុំសិទ្ធិធ្វើនយោបាយគឺដើម្បីជាការបោះដៃឈានទៅដល់ការចរចារវាងអ្នកនយោបាយនៅកម្ពុជា ។ ពួកគេថា​ ចង់ឃើញកម្ពុជាមានការផ្លាស់ប្ដូរដោយវិជ្ជមាន និងសន្តិវិធី ។ ជាងនេះ ក៏ដើម្បីបង្រួបបង្រួមគណបក្សសង្រ្គោះជាតិ និងរក្សាឬប្រមូលអ្នកគាំទ្រគណបក្សនេះ ។

ស្ថានភាពនយោបាយនៅកម្ពុជា ចាប់ផ្ដើមតឹងតែងក្រោយការបោះឆ្នោតសភានីតិកាលទី៦ ដោយគ្មានគណបក្សសង្រ្គោះជាតិ ។

គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយសារតែប្រធានបក្សនេះលោក កឹម សុខា រងបណ្ដឹងពីបទក្បត់ជាតិ ។ តែមកទល់ពេលនេះ លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់សេចក្ដីថាមានទោសឬមិនទាន់មានទោសនៅឡើយនោះទេ ។

យ៉ាងណាមន្ត្រីនៃអតីតគណបក្សនេះ ចំនួន ១១៨ រូប ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ គឺមាន ៩ រូបប៉ុណ្ណោះ ទទួលបានការស្ដារនីតិសម្បទាឡើងវិញ តាមរយៈការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា ៤៥ ថ្មីស្ទួនមួយ ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image