ភ្នំពេញ៖ សម្ដេចនាយករដ្ឋន្ត្រីហ៊ុន សែននៅថ្ងៃចន្ទទី២៥មីនានេះ បានថ្លែងនៅចំពោះមុខនិស្សិត ដោយទាមទារយុត្តិធម៌ពីសហគមន៍អន្តរជាតិសម្រាប់កម្ពុជា ដោយសារត្រូវបានថ្កោលទោស ករណីរំលាយគណបក្សសង្រ្គោះជាតិ។ សម្ដេចថា ដូចជាអយុត្តិធម៌ចំពោះកម្ពុជា គឺករណីរំលាយគណបក្សសង្រ្គោះជាតិតែងរងការថ្កោលទោស ហើយប្រទេសថៃបែជាគ្មានអន្ដរជាតិណាថ្កោលទោសចំពោះការរំលាយបក្សមួយចំពេលឃោសនាបោះឆ្នោតតែម្ដង។
កញ្ញាហេង នីទីរាយការណ៍
សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនមានប្រសាសន៍ថាបក្សនយោបាយមួយនៅ ថៃត្រូវបានរំលាយអំឡុងឃោសនាបោះបោះឆ្នោតតែម្ដងគឺខុសពីកម្ពុជា មុនបោះឆ្នោតមួយឆ្នាំ។ សម្ដេចដូចជាមិនសហគមន៍អន្តរជាតិណាគេឈឺឆ្អាលសោះ ។ សម្ដេចបន្តថា រឿងកម្ពុជារំលាយបក្សនយោបាយធ្វើសកម្មខុសច្បាប់បែជា រងការរិះគន់ ថ្កោលទោស គឺមើលទៅទិដ្ឋភាពនយោបាយ ដូចគ្នាបែរជាមួយត្រូវបានស្ដីបន្ទោសបែជាមួយមិនមានទៅវិញ។ សម្ដេចថា ត្រង់នេះហើយ ដែលពិភពលោកមានចែងចេញជាពីរ។ សម្ដេចថាឯណាទៅ លើលោកនេះថាមានយុត្តិធម៌ដូចគ្នា។
គណបក្សរក្សាជាតិថៃត្រូវបានរំលាយកាលពីថ្ងៃ១២មីនាដោយតុលាការរដ្ឋធម្មនុញ្ញរបស់រាជាណាចក្រនេះសំអាងហេតុផល និងមានការអះអាងតាមច្បាប់កំពូលរបស់ប្រទេសនេះដែលហាមរាជវង្សពាក់ពន្ធនឹងរឿងនយោបាយ។ ម្ចាស់ក្សត្រីយ៍ម្នាក់ត្រូវបានបក្សនេះតែងតាំង ជាបេក្ខជននាយករដ្ឋមន្រ្ដីរបស់បក្សនេះដែលនាំឲ្យបក្សដទៃទៀតតវ៉ា ហើយអ្នកនយោបាយមួយចំនួនរួមទាំងពួកបញ្ញវន្ដផងបានសំដែងពីការព្រួយបារម្មណ៍ពីកិតិ្ដនាមរបស់ព្រះមហាក្សត្រ។
បក្សដែលត្រូវបានរំលាយនេះ ក៏ជាប់ការសង្ស័យថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន នៅពីក្រោយព្រោះមហាសេដ្ឋីរូបនេះ រងការផន្ទាទោសច្រើនឆ្នាំ ករណីពុករលួយនិងគេចការបង់ពន្ធ។
ប្រទេសថៃ មានរដ្ឋប្រហារ ជិត២០លើកមកហើយ ចាំតាំងពីឆ្នាំ១៩៣៨។ រដ្ឋប្រហាររបស់រាជាណាចក្រនេះ សុទ្ធតែទប់ស្កាត់កុំមានការដឹកនាំដោយអំណាចបុរគ្គល ឬបក្សមួយមាននិន្នា ការក្រហមកុម្មុយនិស្ត។ កាលពីឆ្នាំ២០០៧ បក្សថៃរ៉ាក់ថៃដឹកនាំបង្កើតដោយលោកថាក់ស៊ីនក៏ត្រូវបានតុលាការរដ្ឋធម្មនុញ្ញរំលាយ ហើយអ្នកនយោបាយច្រើនរូបហាមធ្វើនយោបាយប្រាំឆ្នាំព្រោះតែមាននិន្នាការជាប់លោកថាក់ស៊ីននិងជាមន្ត្រីជាន់ខ្ពស់របស់បក្សថៃរ៉ាក់ថៃ។
យ៉ាងណាអ្នកសង្កេតការណ៍ថា ការរំលាយបក្សនៅថៃខុសគ្នានឹងកម្ពុជា ត្រង់ថា កម្ពុជា រំលាយបក្ស រំលាយសមាជិកសភា និង សមាជិកក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតដែលការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មីថុនាឆ្នាំ២០១៦ក្រោមការផ្ដល់ជំនួយរៀបចំបោះឆ្នោតដោយសហភាពអឺរ៉ុបនិងអាមេរិក។ ការរំលាយបក្សនេះ ក៏ចំពេល បក្សកាន់ត្រូវបានមើលឃើញថា កំពុងរៀបចំយុទ្ធសាស្រ្តយកអាសនៈមកវិញពីគណបក្សសង្រ្គោះជាតិ។
សម្ដេចនាយករដ្ឋមន្ត្រីបាន សហគមន៍អន្តរជាតិច្រើនតែលូកដៃចូលកម្ពុជា ហើយប្រទេសដៃទៃដូចជាមិនបានធ្វើដូចកម្ពុជា។ សម្ដេចថា ចង់ធ្វើដូចថៃ ឬភូមាក៏បាន គឺបក្សកាន់អំណាចយក អំណាច បានមុនដូចតែគ្នាតែករណីនេះ សម្ដេចថាមិនចង់ធ្វើ បើចង់គឺកែរដ្ឋធម្មនុញ្ញធ្វើបានភ្លាម។
យ៉ាងណា អ្នកសង្កេតការណ៍នយោបាយ នៅតែអះអាងថា កម្ពុជា នៅតែខុសពីប្រទេសដទៃ ព្រោះ កម្ពុជា ជាប់កាតព្វកិច្ចជាមួយសហគមន៍អន្តរជាតិ ដោយសារកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា១៩៩១ ចងកម្ពុជាអោយដើរលើផ្លូវមួយគឺបើកចំហសេរីភាព នយោបាយ ប្រជាធិបតេយ្យពហុបក្ស ហើយបក្សណាចង់កាន់អំណាចត្រូវតែឆ្លងកាត់ការបោះឆ្នោតមួយដែលត្រឹមត្រូវ សេរី គ្មានការគំរាមកំហែង៕