ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០១៩ នេះបានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំ រយៈពេលពីរថ្ងៃគឺថ្ងៃទី២៣ និង២៤មិនា នៅភោគជនីយដ្ឋាន អ័រគីដេ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមប្រមាណ ១៥នាក់ មកពីស្ថាប័នសារព័ត៌មានផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។
លោកស្រី វួន សុវិរីយ៍ នាយិកាប្រតិបត្តិស្តីទីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) លើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មានគោលបំណងដើម្បីកសាងសមត្ថភាព និងជំនាញវិជ្ជាជីវៈសារព័ត៌មានទៅកាន់អ្នកសារព័ត៌មានវ័យក្មេងក្នុងការធ្វើរាយការណ៍ប្រកបដោយវិជ្ជាជីវច្បាស់លាស់អំពីភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជន។ លោកស្រីបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ក៏បានបញ្ជូលការលើកកម្ពស់ពីគណនេយ្យភាពសង្គម តម្លាភាព លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងសារៈសំខាន់នៃការចូលរួមក្នុងសង្គមផងដែរ។
លោកស្រីសម្តែងក្តីរីករាយដែលសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលភាគច្រើនជាយុវវ័យក្មេងៗ និងជាស្រ្តី បានឆ្លៀតឳកាសមកសិក្សាក្រេបយកចំពោះដឹង ដើម្បីពង្រឹកសមត្ថភាពក្នុងអាជីពជាអ្នកសារព័ត៌មាន។
ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ គ្រូបង្គោលលោក មឿន ឈានណារិទ្ធិ និងជាសាស្រ្តាចារ្យសារព័ត៌មានបានចែករំលែកមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងបទពិសោធន៍សរសេរព័ត៌មានបែបស៊ីជម្រៅ ផ្តោតជាក់លាក់លើភាពជាអ្នកដឹកនាំស្រ្តី និងយុវជន ដល់សិក្ខាកាម។
នៅថ្ងៃទី ១វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីកញ្ញា កាន់ វិច្ឆិកា អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក(VOA) បានមកចែករំលែកពីបទពិសោធន៍ការងារដែលធ្លាប់ប្រឡុកក្នុងវិស័យសារព័ត៌មានផងដែរ ។ កញ្ញានិយាយថា ស្រ្តីជាអ្នកសារព័ត៌មានគឺមានភាពអំណោយទានជាងបរុសពេលចុះយកព័ត៌មាន ពិសេសហេតុការណ៍ប្រឈមខ្លាំង ដូចជាករណី បាតុកម្ម ជម្លោះដីធ្លី ការតវ៉ាទាមទារអត្ថប្រយោជន៍របស់កម្មករ ដែលសុទ្ធសឹងជារឿងក្តៅ និងចម្រូងចម្រាស។
កញ្ញា វិច្ឆិកា ក៏ចែករំលែកវិធីសាស្រ្តការពារខ្លួនក្នុងពេលចុះទៅយកព័ត៌មានរសើប ឬរឿងស៊ើបអង្កេត ដែលអ្នកសារព័ត៌មានគប្បីស្ទាបស្ទង់ពីស្ថានភាពតំបន់ ចរិតលក្ខណៈមនុស្ស ពិសេសហានីភ័យដែលអាចកើតឡើងចំពោះអ្នកសារព័ត៌មាន។
ចំណែកកញ្ញា ម៉ាត់ ហាសាណះ ពិធីការនីទូរទស្សន៍មូស្លីមកម្ពុជា(camTV)និយាយថា កញ្ញាសប្បាយរីករាយដែលបានចូលរួមវគ្គសិក្សានេះ ដោយកញ្ញាទទួលបានការចែករំលែកបទពិសោធន៍ ចំណេះដឹងផ្នែកព័ត៌មានពីវាគ្មិន និងសាស្រ្តាចារ្យដែលមានបទពិសោធន៍សរសេរព័ត៌មានជាច្រើនឆ្នាំ។ កញ្ញាបន្តថា កញ្ញាបានយល់ដឹងពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានដែលកញ្ញាមិនធ្លាប់បានរៀន ពិសេសរបៀបរាយការណ៍ពីព័ត៌មានពាក់ព័ន្ធបញ្ហារបស់ស្រ្តី និងភាពជាអ្នកដឹកនាំស្ត្រី និងយុវជន។ កញ្ញាឱ្យដឹងថា ខ្លួននឹងចែករំលែកចំណេះដឹងដែលទទួលបានពីវគ្គនេះ ទៅកាន់ក្រុមការងារក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពីរថ្ងៃនេះអាចប្រព្រឹត្តិទៅក្រោមការឧបត្ថម្ភពី USAID តាមរយៈអង្គការតម្លាភាពកម្ពុជា(TI)។ អ្នកសារព័ត៌មានដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មានមកពី ទូរទស្សន៍ PNN ទូរទស្សន៍មូស្លីមកម្ពុជា កោះសន្តិភាព វិទ្យុប្រជាជនFM 91 សារព័ត៌មានអេឡិចត្រនិចថ្មីថ្មី និងស្ថាប័ន Wedu Global និងអ្នកព័ត៌មាននៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា សរុបប្រមាណ ១៥នាក់៕
អត្ថបទ៖ កែវ សុខា
រូបភាព៖ សុទ្ធី