អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២២មីនានេះដោយបានទៅសម្ពោធការស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែពីភ្នំពេញទៅព្រះសីហុន។ គំរោងស្ថាបនាផ្លូវដ៏ទំនើបនេះក៏មានភាគហ៊ុនវិនិយោគដ៏ធំរបស់ចិនដែរ។ ក្នុងឱកាសនោះ ក៏មានវត្តមានសម្ដេចហ៊ុនសែនដែរ។ តែជាការកត់សម្គាល់ មន្ត្រីការទូតចិនជាន់ខ្ពស់នេះ បានថ្លែងអះអាងថា ការវិនិយោគ និងជំនួយរបស់ចិននៅកម្ពុជាមិនមែនជាអន្ទាក់នោះទេ។ សម្រាប់អ្នកវិភាគហាក់ដូចយល់ស្របតែលោកថាកម្ពុជាខ្លួនឯងត្រូវកុំធ្វើឱ្យខ្លួនធ្លាក់ក្នុងអន្ទាក់ចិន។
លោក នួន បូរិន រាយការណ៍៖
នៅចំពោះមុខ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន និងសមាជិកជាច្រើននៃគណៈរដ្ឋកម្ពុជា លោកអនុរដ្ឋមន្ត្រីការបរទេសចិនលោក ខុង សៀនយ៉ូវ (Kong Xuanyou) បានថ្លែងថាកន្លងមកមានក្រុមចេតនាមិនល្អតែងតែរិះគន់ចិន ថាមានផែនការអោយកម្ពុជា ធ្លាក់ចូលក្នុងអន្ទាក់របស់ចិន តាមរយៈ ការវិនិយោគ និងជំនួយរបស់ចិន។លោកបានបញ្ជាក់ទៀតថា ចិនគ្មានបំណងអាក្រក់ដូចនេះទេ ។ លោកថានេះជាការលាភពណ៌ឱ្យចិនដែលគ្មានមូលដ្ឋានជាក់លាក់ឡើយ។
លោកខុង សៀនយ៉ូវ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមចេតនាមិនល្អមួយចំនួន បានប្រែសជាខ្មៅ លាបពណ៌លើការវិនិយោគរបស់ចិនថាជាអន្ទាក់ ការពិតតែងតែឈ្នះលើការតវ៉ាដោយគ្មានមូលដ្ឋាន ការវិនិយោគរបស់ចិនមិនមែនជាអន្ទាក់ទេ រឹតតែមិនមែនជាការគំរាមកំហែង តែវាជាការជួយដ៏ស្មោះ ជាកម្លាំងជំរុញដល់សមត្ថភាពអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជាទង្វើនាំមកនូវផលប្រយោជន៍ដល់ប្រទេសកម្ពុជា»។
ការវិនិយោគរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា បានរងការវាយប្រហារជាបន្តបន្ទាប់ ពីសំណាក់លោក សម រង្ស៉ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ និងអតីតថ្នាក់ដឹកនាំមួយចំនួន នៃគណបក្សប្រឆាំងដែលតុលាការរំលាយចោល។
បើទោះបី មិនបាននិយាយយោងលើក្រុមប្រឆាំងនៅកម្ពុជាក្ដីតែ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើងថា ក្នុងនាមជាអ្នកជិតខាតល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ប្រទេសចិនមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។ លោកបន្តទៀតថា ភាគីចិន នឹងបន្តគោរពអធិបតេយ្យភាព និងឯករាជ្យភាពប្រទេសកម្ពុជាដូចមុនហើយភាគីចិននឹងផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។
របាយការណ៍របស់មូលនីធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានឲ្យដឹងថា ប្រទេសចិនជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា។
របាយការណ៍ IMF ដែលចេញផ្សាយកាលពីខែតុលាឆ្នាំ២០១៧ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ កម្ពុជាជំពាក់បំណុលបរទេសសរុបមានទំហំប្រមាណ ៦,៤៥ពាន់លានដុល្លារអាមេរិក ។ក្នុងបំណុលទ្វេភាគីដែលកម្ពុជាជំពាក់បរទេសនោះ គឺប្រទេសចិនឈរលំដាប់ថ្នាក់ទីមួយគឺ ជាង ៧០ភាគរយនៃបំណុលទាំងអស់។
ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា បានបោះជំហ៊ានទៅរកចិនខ្លាំងជាងមហាអំណាចដទៃទៀត ដែលនាំអោយមានការចោទសួរអំពីឥទ្ធិពលចិននៅកម្ពុជា។ ការសំរុកមកដាក់ទុនរបស់ចិន នៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុនិងកោះកុង បានក្លាយជា ប្រធានបទនៃភូមិសាស្ត្រនយោបាយតំបន់។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា យល់ថា បើកម្ពុជា មាននិនា្នការទៅរកចិន ដូចសព្វថ្ងៃនេះ គឺកម្ពុជា បានដើរឆ្ងាយហើយនូវពាក្យថាអព្យាក្រឹត្យ។ លោកថា កម្ពុជាដើរឆ្ងាយពីអាមេរិក និងសហភាពអឺរ៉ុបហើយនៅពេលនេះ។ លោកថាគេអាចមើលឃើញដូចនេះតាមរយៈកម្ពុជាដកខ្លួនពីការចំណងទាក់ទងយោធាជាមួយអាមេរិកហើយចាប់យកចិនដោយឯកតោភាគី។
លោកថាករណីបំណុលចិនក៏ម្យ៉ាងដែរហើយទោះជាចិនមិនមានលក្ខខណ្ឌសិទិ្ធមនុស្សដូចអាមេរិកក្ដីឬសហភាពអឺរ៉ុបក្ដី តែមើលទៅកម្ពុជាកំពុងធ្វើខ្លួនឯងជាកូនសោរ៍របស់ចិន សម្រាប់ភូមិសាស្ត្រនយោបាយតំបន់។ លោកបន្តថា បើចិនមិនទាក់កម្ពុជាក្នុងបំណុលនិងឥទិ្ធពលខ្លួន គឺកម្ពុជាខ្លួនឯងត្រូវប្រកាន់ជំហរកុំធ្វើខ្លួនធ្លាក់ក្នុងអន្ទាក់របស់ចិន។
តាមប្រវត្តិសាស្រ្ត នៃដើមនទសវត្ស១៩៧០ កម្ពុជានិងចិន ក៏មានភាពស្និទ្ធស្នាលនឹងគ្នាដែរ គឺកាលនោះ គឺរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម។ នៅក្នុងរបបសម្លាប់រង្គាលនេះ មានតែទូតពីរឬបីប្រទេសប៉ុណ្ណោះមានវត្តមាននៅកម្ពុជា រហូតដល់របបនេះដួលរំលំនៅថៃ្ង ៧មករា ១៩៧៩ គឺមានទូតចិននិងទូតប្រទេសកូរ៉េខាងជើង៕