ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ២០២៣ អាចនឹងមានបញ្ហាមួយចំនួនកើតឡើង ។ យ៉ាងណា អ្នកវិភាគថា បញ្ហានោះអាចជាបញ្ហានយោបាយបច្ចុប្បន្នដែលនឹងអូសបន្លាយដល់ការបោះឆ្នោតអាណត្តិក្រោយ ហើយដើម្បីកុំឱ្យមានបញ្ហា គឺអនុវត្តតាមច្បាប់ឱ្យបានខ្ជាប់ខ្ជួននូវបញ្ញត្តស្ដីអំពីការបោះឆ្នោត ។
រាយការណ៍ដោយ លោក សោម លាភ
គេសង្កេតឃើញថា ក្រោយការបោះឆ្នោតសភានីតិកាលទី ៦ ស្ថានភាពនយោបាយនៅកម្ពុជាកាន់តែអាក្រក់ ។ បណ្ដាអ្នកវិភាគឯករាជ្យ រួមទាំងសហគមន៍អន្តរជាតិ ជាពិសេសគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក តែងតែថ្លែងថា ការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ ។
សហភាពអឺរ៉ុប តាមរយៈលោកស្រី Cecilia malnstrom និងលោកស្រី Federiga Mogerini មន្ត្រីនៃសហភាពអឺរ៉ុប ថាស្ថានភាពនៅកម្ពុជាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ការគោរពតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅប្រទេសមួយនេះ មិនមានភាពល្អប្រសើរឡើយ ។
បែបនេះក្ដី មន្ត្រីជាន់ខ្ពស់កម្ពុជា ជាពិសេសគឺមន្ត្រីរាជរដ្ឋាភិបាលតែងតែថ្លែងមិនដាច់ពីមាត់សោះឡើយថា កម្ពុជាមានសន្តិភាព មានស្ថេរភាពនយោបាយ មានការអភិវឌ្ឍ ឯករាជ្យ និងអធិបតេយ្យភាពយ៉ាងពេញលេញ ។
តែមកដល់ថ្ងៃនេះ មេដឹកនាំកម្ពុជា គឺជាសម្ដេច ហ៊ុន សែន បានថ្លែងហាក់ដូចជាមិនប្រាកដចិត្ត និងព្រួយបារម្ភថា កម្ពុជាអាចនឹងមានបញ្ហានយោបាយ នៅព្រឹត្តិការរៀបចំការបោះឆ្នោត ឆ្នាំ ២០២៣ ។
ជាក់ស្ដែង តាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ ២០២៣ គឺអាចនឹងមានបញ្ហា ទើបសម្ដេចសម្រេចពន្លឿនពេល ដោយយកថ្ងៃនៃព្រឹត្តិការស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះមកធ្វើនៅត្រឹមខែឧសភាឆ្នាំ ២០២៣ វិញ ។
ការថ្លែងបែបនេះ របស់សម្ដេច ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមីនានេះ ។
ស្ទើគ្រប់អាណត្តិ ក្រោយការបោះឆ្នោតតែងតែមានការកើតទុកមិនសុខចិត្តទៅលើលទ្ធផលនៃការបោះឆ្នោត ឬបញ្ហាមួយចំនួនទៀត ។
អ្នកវិភាគនយោបាយវ័យក្មេងកញ្ញា លី ស្រីស្រស់ បានប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ២២ មីនានេះថា ទម្រង់បញ្ហាដែលអាចនឹងកើតមានឡើងនៅឆ្នាំ ២០២៣ អាចនឹងដោយសារតែបញ្ហាជាប់គាំងនយោបាយពីបច្ចុប្បន្នទៅ ។
ក្រោយការបោះឆ្នោតសឹងគ្រប់អាណត្តិកន្លងមក គេសង្កេតឃើញថា តែងតែមានបញ្ហាជារឿយៗ ។
អ្នកវិភាគរូបនេះ មានប្រសាសន៍បន្ថែមទៀតថា ដោយសារការបោះឆ្នោតកន្លងមកនៅកម្ពុជា មានភាពមិនប្រក្រតីនៃដំណើរការនៃការបោះឆ្នោត រួមទាំងមិនមានការមិនគោរពតាមបញ្ញត្តច្បាប់អំពីគោលការណ៍នៃការបោះឆ្នោត ។
កញ្ញាលី ស្រីស្រស់ បញ្ជាក់ថា ការបោះឆ្នោតសភានីតិកាលទី ៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ជាអាណត្តិដែលការបោះឆ្នោតប្រព្រឹត្តដោយគ្មានតម្លៃសោះឡើយ ដែលកញ្ញាថាតម្លៃស្ទើតែស្មើសូន្យ ។ ការណ៍នេះដោយសារតែការបោះឆ្នោតនៅអាណត្តិទី ៦ នោះ ធ្វើឡើងដោយគ្មានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសលទ្ធផលនៃការបោះឆ្នោតថា មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតចំនួនជាង ៨៣ % ។
ចំនួននេះ លើសពីការរំពឹងទុក និងជាចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតនៅកម្ពុជា ។
តែយ៉ាងណា លទ្ធផលនៃការបោះឆ្នោតក្នុងអាណត្តិទី ៦ នេះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយបក្សប៉ុណ្ណោះ ដែលទទួលជ័យជំនះ ពោលគឺមានសម្លេង ១២៥ លើ១២៥ អាសន្នៈនៃសមាជិករដ្ឋសភា ។
ព្រឹត្តិការណ៍បោះឆ្នោតកន្លងទៅនេះ មានគណបក្សចំនួន ២០ បានចូលរួម ក្នុងនោះមិនមានវត្តមានគណបក្សសង្គ្រោះជាតិនោះទេ ។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។ ការរំលាយគណបក្សនេះ ដោយសារប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬក្បត់ជាតិ ។ តែការរំលាយគណបក្សនេះ រួមទាំងហាមឃាត់មន្ត្រីនៃគណបក្សនេះធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយជាស្ថាពរ បើទោះបីជាប្រធានគណបក្សមិនទាន់ត្រូវបានតុលាការសម្រេចសេចក្ដីថាមានទោស ឬមិនទាន់មាននៅឡើយនោះទេ ។
កាលពីការបោះឆ្នោតឆ្នាំ ១៩៩៣ មានការទាមទារមិនសុខចិត្តលើលទ្ធផល ពីមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ។ អាណត្តិនោះ មានការសម្របសម្រួលផ្សះផ្សារពីសម្ដេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាខ្មែរ ដោយឱ្យសម្ដេចក្រុមព្រះមកពីគណបក្សហ្វុនស៊ិនប៉ិចធ្វើជានាយករដ្ឋមន្ត្រីទី ១ ហើយសម្ដេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទី ២ ។ បានន័យថា អាណត្តិទី១នោះ កម្ពុជាមាននាយករដ្ឋមន្ត្រីដល់ទៅ ២ ។
ព្រឹត្តិការណ៍បោះឆ្នោត ឆ្នាំ ១៩៩៨ មានគណបក្ស ៣ ដែលមានសម្លេងច្រើន គឺគណបក្សសម រង្ស៊ី គណបក្សប្រជាជនកម្ពុជា និងគណៈបក្សហ្វុនស៊ិនប៉ិច ។ តែបក្សទាំងបីនោះ មិនមានបក្សណាមួយទេដែលមានសំឡេង ពីភាគបីដើម្បីបង្កើតរាជរដ្ឋាភិបាល ។ តែយ៉ាងណា ក្រោយមកគណបក្សហ្វុនស៊ិនប៉ិចបានចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យសម្ដេច ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិនោះ ។
ការបោះឆោ្នតកាលពីឆ្នាំ ២០០៣ ក៏មានការជាប់គាំនយោបាយផងដែរ ។
ដោយឡែកការបោះឆ្នោតកាលពីឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាជាបក្សពីរដែលមានការគាំទ្រពីពលរដ្ឋច្រើន ។ យ៉ាងណា គណបក្សសង្គ្រោះជាតិ ដំបូងឡើយក៏មិនទទួលយកលទ្ធផលនោះទេ រហូតដល់ប្រកាសធ្វើពហិកាមិនចូលសភា ខណៈដែលបក្សនេះទទួលបាន ៥៥ អាសន្នៈក្នុងរដ្ឋសភា ។
មកដល់ការបោះឆ្នោតឆ្នាំ ២០១៨ ជាការបោះឆ្នោតដែលធ្វើឡើងមិនមានការតវ៉ាជាទ្រង់ទ្រាយធំនោះទេ ហើយក៏មិនមានការប្រើហឹង្សាដែរ ដោយសារការបោះឆ្នោតនេះគ្មានគណបក្សប្រឆាំងធំជាងគេ ។
ក្រោយពេលគណបក្សប្រជាជនកម្ពុជា ដែលប្រធានបក្សនេះប្រកាសបង្កើតរាជរដ្ឋាភិបាលហើយរដ្ឋសភាមានតែមួយបក្សនោះ រាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលបើលទ្ធភាពឱ្យគណបក្សដែលមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋមានអាសន្នៈក្នុងរដ្ឋសភា អាចផ្ដល់ជាមតិដល់រដ្ឋាភិបាលបាន ។ អ្នកដែលចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សានេះ មានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ មានប្រយោជន៍ច្រើនជាងមានបក្សប្រឆាំង ឬពហុបក្សក្នុងរដ្ឋសភា ។
យ៉ាងណា សហគមន៍អន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោតនេះទេ ។ សហភាពអឺរ៉ុបទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ដោះលែងលោក កឹម សុខា និងឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ។
រាជរដ្ឋាភិបាលកម្ពុជាមិនខ្វល់នឹងសំណើរនេះទេ ជាហេតុធ្វើឱ្យអ្នកវិភាគបង្ហាញក្ដីព្រួយបារម្មណ៍ជំវិញករណីនេះ ។ តែសម្រាប់សម្ដេចនាយករដ្ឋមន្ត្រីបានបន្តទទូចឱ្យ វិនិយោគបរទេស បន្តទុកចិត្តបរិយាសកាសនយោបាយនៅកម្ពុជា ដែលសម្ដេចធានាថា កម្ពុជា នៅតែជាប្រទេសពោរពេញសន្តិភាពដ៏រឹងមាំហើយខណៈកម្ពុជា នៅបន្តលំហសេរីភាពវិនិយោគដល់គ្រប់ក្រុមហ៊ុនបរទេសទាំងអស់ ៕
អត្តបទដោយ៖ សោម លាភ