en     km
en     km

អូស្រ្តាលីផ្តល់ថវិកាជាង ១០លាន$សម្រាប់សេវាបញ្ចប់អំពើហិង្សាលើស្រ្តី និងគាំពារជនពិការ

Share

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលីផ្តល់មូលនិធិចំនួន ១៥ លានដុល្លារអូស្រ្តាលីស្មើប្រមាណ ១០ លានដុល្លារអាមេរិក ដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ហៅកាត់ថា ACCESS ជួយលើកកម្ពស់គុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងស្រ្តីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ថវិកានេះផ្តល់ជូនក្នុងពិធីសម្ពោធជាផ្លូវការនូវកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីជួយដល់ជនមានពិការភាព និងស្រ្តីដែលរងគ្រោះដោយអំពើហិង្សា​ នៅសូហ្វីតែល ភ្នំពេញនៅថ្ងៃទី២១ មីនានេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

ទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលប្រទេសអូស្រ្តាលីផ្តល់ជូនមូលនិធិដើម្បីបង្កើតកម្មវិធីផ្តល់សេវាហៅកាត់ថា​ ACCESS រយៈពេល ៣ ឆ្នាំពី២០១៨ ដល់២០២១ ឈានទៅលើកកម្ពស់ការផ្តល់សេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាដែលពួកគេត្រូវការ។

លោកស្រី អេនជីឡា កូសកូរ៉ុន(Angela Corcoran) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាមានប្រសាសន៍ថា កម្មវិធី ACCESS នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការគាំទ្រការគោរពសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយធាតុចូលសម្រាប់ជនមានពិការភាពនៅក្នុងតំបន់។ លោកស្រីបន្តថា ស្រ្តីក្នុងភាពជាអ្នកដឹកនាំសមភាពយេនឌ័រ បរិយាបន្នសម្រាប់សម្រាប់ជនមានពិការភាព គឺជាស្នូលមួយនៃការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច។

                                         លោកស្រី អេនជីឡា កូសកូរ៉ុន(Angela Corcoran) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា។

 

លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិយាយថា តាមរយៈកម្មវិធីACCESS នឹងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ អនុវត្តយុទ្ធសាស្រ្តសំខាន់ៗដូចជា ផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការយុទ្ធសាស្រ្តជនពិការថ្នាក់ជាតិ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានបំភាយថវិកាជាង ៣,៥ លានដុល្លារផងដែរក្នុងសកម្មភាពការពារផ្លូវច្បាប់សម្រាប់ស្រ្តី និងកុមារី និងអភិវឌ្ឍន៍សុខមាលភាពជនពិការ។

ចំណែកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីមានប្រសាសន៍ថា កម្មវិធី​ACCESS នេះបានកំណត់អាទិភាពក្នុងគោលដៅរួមធ្វើយ៉ាងណាឱ្យក្មេងស្រីមានសុវត្ថិភាព និងឳកាសចូលរួមឱ្យបានពេញលេញ គ្រប់វិស័យក្នុងកិច្ចអភិវឌ្ឍរបស់ប្រទេស។ ក្នុងនាមក្រសួងកិច្ចការនារីលោកស្រី កន្ថាផាវី សូមគ្រាំទ្រនិងផ្តល់យន្តការសម្របសម្រួលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យស្រ្តីនិងក្មេងស្រីទទួលបានសេវាថែទាំសុខភាព និងយុត្តិធម៌ ព្រមទាំងសេវាចាំបាច់មួយចំនួនដែលស្រ្តីត្រូវការផ្អែកលើស្ថានភាពនៃអំពើហិង្សាដែលស្រ្តីជួបប្រទះ។

                                                    ​             លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

 

មន្រ្តីអង្គការសង្គមស៊ីវិលមួយដែលធ្វើការលើជនពិការលោក ទៀប ឧត្តម ជាប្រធានផ្នែកផ្តល់សេវាទំនើបនៃអង្គការអ៊ីចស៊ីប-វើលវាយ(Exceed-worldwide)និយាយថា ថវិការបស់អូស្រ្តាលីតាមរយៈកម្មវិធី​ACCESS នេះនឹងជួយឧបត្ថម្ភទៅបណ្តាអង្គការដៃគូឱ្យមានឳកាសនិងលទ្ធភាពធ្វើសកម្មភាពជួយដល់ជនពិការ ​អាចរស់នៅស្មើមុខស្មើមាត់ក្នុងសង្គម។ លោកសង្កត់ធ្ងន់ថា​ កម្ពុជានៅមានការខាតខ្វះធនធាន និងបច្ចេកវិទ្យាក្នុងការផលិតសម្ភារៈសុបនិមិត្តទំនើបនៅឡើយ។លោករំពឹងថា កម្មវិធី ACCESSនេះ នឹងអាចជួយឧបត្ថម្ភការបង្រៀន និងបច្ចេកទេសផ្សេងៗដើម្បីផលិតសម្ភារៈទំនើបបង្កើនភាពងាយស្រួលសម្រាប់ជនពិការអាចធ្វើការបានស្រួលក្នុងជីវភាពប្រចាំថ្ងៃ។

                                   ​លោក ទៀប ឧត្តម ជាប្រធានផ្នែកផ្តល់សេវាទំនើបនៃអង្គការអ៊ីចស៊ីប-វើលវាយ(Exceed-worldwide)។

 

លោក សាន ម៉ៅ អ្នករត់ម៉ូតូឌុបក្នុងរាជធានីភ្នំពេញ ដែលមានពិការភាពជើងខាងស្តាំដោយសារជាន់គ្រាប់មីនបាននិយាយថា លោកសព្វថ្ងៃអាចប្រកបរបបរត់ម៉ូឌុបនិងអាចហាត់កីឡាបានធម្មតាដូចមនុស្សទូទៅបន្ទាប់ពីទទួលបានជើងសុបនិមិត្តពីអង្គការ Exceed-worldwide។ លោកថា នៅពេលមិនទាន់មានសម្ភារទំនើបនេះលោកធ្វើដំណើរដោយប្រើឈើច្រត់ ហើយមិនអាចប្រកបរបបរកស៊ីទទួលទានបាននោះទេ។

ជើងសុបនិមិត្តដែលលោក សាន ម៉ៅ ប្រើជាជើងសុបនិមិត្តទំនើប ត្រង់បាត់ជើងជាដែកទន់អាចបត់បែនដោយងាយ។ ជើងប្រភេទនេះអាចដើរ និងរត់បានយ៉ាងងាយស្រួល ដោយមានភាពសាមញ្ញងាយទុកដាក់។

                                               ​លោក សាន ម៉ៅ អ្នករត់ម៉ូតូឌុបក្នុងរាជធានីភ្នំពេញ ដែលមានពិការភាពជើងខាងស្តាំ។

 

កម្ពុជានិងអូស្រ្តាលីមានទំនាក់ទំនងកាទូត និងកិច្ចសហប្រតិបត្តិការជាយូរណាស់មកហើយ។ អូស្រ្តាលីបានបំពេញតួនាទីស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ អូស្រ្តាលីបានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជាលើការអភិវឌ្ឍវិស័យសំខាន់ៗដូចជា កសិកម្ម អប់រំ ការបណ្តុះបណ្តាល សុខាភិបាល អភិបាលកិច្ច និងរដ្ឋបាល ការគាំទ្រលើសកម្មភាពយេនឌ័រ និងជនពិការ។

ប្រទេសអូស្ត្រាលីធ្លាប់បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជាសម្រាប់អនុវត្តកម្មវិធីចំនួនពីរ ទីមួយកម្មវិធីបញ្ចប់អំពើហិង្សាលើស្រ្តីក្នុងទឹកប្រាក់ចំនួន១៣,៥លានដុល្លារអូស្រ្តាលី និងទីពីរកម្មវិធីលើកកម្ពស់សិទ្ធិជនពិការក្នុងទឹកប្រាក់ចំនួន១០,៤លានដុល្លារអូស្រ្តាលី សរុបប្រមាណ ១៧លានដុល្លារអាមេរិកដែលទើបបញ្ចប់ក្នុងឆ្នាំ២០១៨។

គម្រោងថ្មីដែលមានឈ្មោះថាACCESSនេះ នឹងចាប់អនុវត្តការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងមានអ្នកផ្តល់សេវាកម្មនានាក្នុងការធ្វើផែនការ​ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ក្នុងវិធីនេះ ក៏ជំរុញធ្វើឱ្យប្រសើរឡើងលើការផ្តល់សេវាដល់ជនមានពិការភាព ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រកបដោយនិរន្តភាព៕

Share

ព័ត៌មានទាក់ទង

Image