ភ្នំពេញ៖ មុខរបររៀបចំជំនូនក្នុងពិធីមង្គលការ ជារបរមួយដែលមនុស្សតិចណាស់ចាប់អារម្មណ៍ធ្វើនិងបានបង្កើតឡើងដើម្បីរកស្វែងចំណូលសម្រាប់ចិញ្ចឹមជីវិត។ លោកយាយ នាង សុខ ជាស្ត្រីមួយរូបមានបទពិសោធន៍ក្នុងការងារនេះជាង ១០ ឆ្នាំព្រមទាំងជោគជ័យក្នុងមុខរបរនេះនាពេលបច្ចុប្បន្ន បានឱ្យដឹងថា មុខរបររៀបចំជំនូនក្នុងពិធីអាពាហ៍ពិពាហ៍ អាចរកចំណូលងាយស្រួលបំផុត សម្រាប់ជួយជីវភាពគ្រួសារ ប្រសិនបើចេះជំនាញនេះពិតប្រាកដ។ ទន្ទឹមនឹងភាពជោគជ័យក្នុងមុខរបរមួយនេះ លោកយាយ នាង សុខ វ័យ ៧២ ឆ្នាំ បានបញ្ជាក់ថា មានមូលហេតុជាច្រើនដែលធ្វើឱ្យលោកយាយជោគជ័យក្នុងរបររៀបចំជំនូនការរហូតមកដល់សព្វថ្ងៃ។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ជុំវិញរឿងនេះ ខាងក្រោមជាបទសម្ភាសន៍រវាងលោក ម៉ៅ សំណាង អ្នកយកព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) និងលោកយាយ នាង សុខ ម្ចាស់មុខរបរជំនូនការយីហោ «យាយសុខ រៀបជំនូន» ដូចតទៅ៖
WMC៖ តើមូលហេតុអ្វីបានជាលោកយាយចាប់យកមុខរបររៀបជំនូន?
លោកយាយ នាង សុខ៖ ការចាប់យកមុខរបររៀបចំជំនូនក្នុងពិធីមង្គលការមកធ្វើជារបរអាជីព បំណងធំបំផុតគឺដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះរបរមួយនេះជាមុខរបរមួយងាយស្រួលសម្រាប់ស្ត្រី មិនមែនជា
ការងារលីសែងប្រើកម្លាំងធ្ងន់ធ្ងរអ្វីនោះទេ។ របរមួយនេះ ថ្វីត្បិតតែត្រូវដើរទៅច្រើនកន្លែងនៅតាមរោងការ ប៉ុន្តែចំណូលដែលបានមក ក៏បានគួរសមមិនចាញ់មុខរបរផ្សេងៗទៀតឡើយ។ របរនេះជាមធ្យមអាចរកចំណូលបានប្រហែលពី ៥០០ ទៅ ៦០០ ដុល្លារក្នុងមួយខែ។
របររៀបជំនូនការ ជាការងារផ្ទាល់ខ្លួនមួយគ្មានសម្ពាធបង្ខិតបង្ខំដូចការងារមួយចំនួន ធ្វើតាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន មានពេលវេលាច្រើនសម្រាប់បំពេញការងារ ព្រមទាំងអាចស្គាល់មនុស្សជាច្រើននៅក្នុងសង្គម។ «ម្យ៉ាងវិញទៀតខ្ញុំមានបទពិសោធន៍ក្នុងការងារមួយនេះជាង ១០ឆ្នាំហើយរហូតមកដល់ពេលនេះ។ មុនដំបូងឡើយខ្ញុំធ្វើការងារនេះ ឱ្យថៅរបស់ខ្ញុំរយៈពេល ៨ ឆ្នាំ… ខ្ញុំចេះដឹងពីគាត់។ ប៉ុន្តែរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ខ្ញុំបានចាប់មុខរបរនេះជាអាជីពរៀបចំជំនូនការជាប់លាប់ ហើយក៏បានបន្តឱ្យកូនស្រីទាំងបីនាក់របស់ខ្ញុំធ្វើបន្តពីខ្ញុំ»។
វាក៏ជាការងារចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីនៅក្នុងពិធីមង្គលការរបស់ខ្មែរមួយដែរ ព្រោះមនុស្សតិចណាស់នាពេលបច្ចុប្បន្នយល់ពីរបៀបនៃការរៀបចំជំនូន និងសម្ភារៈជំនូនក្នុងពិធីមង្គលការ។ ការរៀបចំជំនូន មិនមែនចេះតែរៀបចំបង្គ្រប់កិច្ចឱ្យរួចពីដៃនោះទេ មានក្បួនខ្នាតត្រឹមត្រូវ រៀបចំឱ្យមានភាពទាក់ទាញចិត្ត ត្រឹមត្រូវ ស្អាតល្អ ទើបមានការគាំទ្រពីអតិថិជន ហើយសាកសមជាជំនូនដូចមាននៅក្នុងប្រពៃណីមង្គលការរបស់ខ្មែរ។
WMC៖ តើមូលហេតុអ្វី គេចាំបាច់ត្រូវការសេវាកម្មរៀបចំជំនូនការ?
លោកយាយ នាង សុខ៖ រយៈពេលបីឆ្នាំចុងក្រោយ របរមួយនេះមានការគាំទ្រច្រើន ព្រោះនៅក្នុងពិធីមង្គលការនាពេលបច្ចុប្បន្ន ម្ចាស់កម្មវិធីតែងត្រូវការអ្នកមានជំនាញខាងរៀបចំជំនូនចេះច្បាស់លាស់ រៀបចំស្អាតល្អ ដើម្បីលើកកត្តិយសដល់ម្ចាស់កម្មវិធី និងធ្វើឱ្យកម្មវិធីអាពាហ៍ពិពាហ៍កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ ការរៀបចំជំនូននៅក្នុងមង្គលការមានផ្លែឈើច្រើនគូអាស្រ័យលើការចង់បានរបស់ម្ចាស់កម្មវិធី ព្រមទាំងអាស្រ័យលើកម្រិតជីវភាពរបស់ម្ចាស់កម្មវិធី។ ទោះតិចគូឬច្រើនគូគឺត្រូវពឹងទាំងស្រុងលើអ្នករៀបចំជំនូន។
WMC៖ ជាទូទៅការរៀបចំជំនូនក្នុងពិធីមង្គលការមួយ តើម្ចាស់កម្មវិធីត្រូវចំណាយប្រាក់អស់ប៉ុន្មាន?
លោកយាយ នាង សុខ៖ ជាការពិតការចំណាយ គឺផ្អែកទៅតាមការចង់បានរបស់ម្ចាស់កម្មវិធី។ តើម្ចាស់កម្មវិធីចង់បានផ្លែឈើប៉ុន្មានគូ? បើសិនជាចង់បានច្រើនគូ ទំហំនៃការចំណាយក៏ច្រើនទៅតាមនោះដែរ។ ជាទូទៅចំនួនគូនៃផ្លែឈើរាប់ចាប់ពី ៣៦ គូ រហូតដល់ ១២៦ គូជាចំនួនដែលច្រើនបំផុតនៅក្នុងជំនូននៃអាពាហ៍ពិពាហ៍។ «សម្រាប់សេវាកម្មរបស់ខ្ញុំ ជំនូន ៣៦ គូ រៀបចំក្នុងតម្លៃ ១២០ ដុល្លារហ្នឹងគិតតែថ្លៃរៀបចំទេ ហើយជំនូនគូច្រើនជាងនេះ តម្លៃកើនជាហ្នឹងបន្តិច ដោយឡែកសម្រាប់ជំនូន ១២៦ គូ រៀបចំក្នុងតម្លៃ ៤៥០ ដុល្លារ»។ តម្លៃទាំងនេះ សម្រាប់តែការរៀបចំនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ចំណែកនៅតាមបណ្តាខេត្ត គិតក្នុងតម្លៃផ្សេងអាចខ្ពស់ជាងនេះបន្តិច។
ក្នុងនោះដែរផ្លែឈើដែលត្រូវរៀបចំមានពី ១៥ ទៅ ២០ មុខ មានក្បាល់ជ្រូក ភ្លៅជ្រូក មី ស្ពៃ យីហឺក្រៀម ព្រមទាំងមានគ្រឿងរណ្តាប់មួយចំនួនដូចជាទៀបកូនមហា ថង់រង ស្លាពាន់ម្លូរពាន់ តែលាវ ផ្តិលអង្ករជ័យ មានប្រអស់ខោអាវ និងមានកន្ត្រក់ផ្កាជាដើម។
WMC៖ តើមានលក្ខណៈពិសេសអ្វីខ្លះក្នុងការរៀបចំជំនូនរបស់លោកយាយ ធ្វើឱ្យទាក់ទាញទឹកចិត្តអតិថិជន?
លោកយាយ នាង សុខ៖ «ជាទូទៅការងារនេះ ខ្ញុំអាចទទួលបានពី ២ ទៅ ៣ រោងបានក្នុងមួយថ្ងៃ ។ លក្ខណៈពិសេសដើម្បីទាក់ទាញទឹកចិត្តអតិថិជនទី១ គឺផ្អែកលើទឹកដៃនៃការរៀបចំល្អ ស្អាត មានរបៀបរៀបរយត្រឹមត្រូវ។ ទី២ ការរៀបចំមានការយកចិត្តទុកដាក់ មិនខ្ជះខ្ជាយ និងធានាថាត្រឹមត្រូវគ្រប់ចំនួនតាមការចង់បានរបស់អតិថិជន។ ទី៣ ភាពស្មោះត្រង់ អាចបំពេញតម្រូវការគ្រប់ទាន់ពេលយល់ពីទឹកចិត្តអតិថិជនបានល្អ និងទី៤ គឺទាក់ទងនឹងបញ្ហាតម្លៃ។ តម្លៃ ត្រូវកំណត់ឱ្យសមរម្យទៅតាមកម្រិតមួយដែលអតិថិជនអាចទទួលយកបាន ធ្វើការដោយមិនប្រកាន់វណ្ណៈខ្ពស់ទាប សំខាន់អ្នកមករកសេវាកម្មយើង សុទ្ធតែជាអតិថិជនរបស់យើងទាំងអស់»។
ការងារមួយនេះ មិនលំបាកនោះទេ ប្រសិនបើចេះច្បាស់លាស់ពីរបៀបនៃការរៀបចំ ព្រោះសម្ភារៈនិងផ្លែឈើត្រូវទិញមកពីតាមហាងមានស្រាប់ ហើយត្រូវជ្រើសរើសយកផ្លែឈើល្អៗ មករៀបចំ។ ក្រៅពីរៀបជំនូនក្នុងពិធីមង្គលការ មានការរៀបចំលម្អឡើងគេហដ្ឋា ពិធីបុណ្យទានផ្សេងៗ ដូចជារៀបនំសម្រាប់ទទួលភ្ញៀវ រៀបសម្រាប់ប្រគេនព្រះសង្ឃជាដើម។ ក្រៅពីទីក្រុងភ្នំពេញ កន្លងទៅធ្លាប់បានទៅរៀបចំជំនូននៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបង ក្រចេះ សៀមរាប កំពង់ចាម តាកែវ កំពង់ឆ្នាំង ព្រោះខេត្តទាំងនោះមានអ្នកគាំទ្រច្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ «ខ្ញុំនៅតែបន្តធ្វើមុខរបរនេះរហូត បើទោះបីពេលនេះមានវ័យចំណាស់ ហើយសព្វថ្ងៃ ខ្ញុំបានឱ្យកូនស្រីទាំងបីនាក់របស់ខ្ញុំចាប់យកមុខរបររៀបចំជំនូនការនេះ ដើម្បីចិញ្ចឹមជីវិត»។