ព្រះស្រីរាជាជាស្ដេចមួយអង្គដែលហ៊ានតទល់ប្រឆាំងនឹងស្ដេចសៀមដោយព្រះអង្គបានវាយដណ្ដើមទឹកដីមកវិញ។ព្រះស្រីរាជាជាបុត្រទី២របស់ព្រះបាទពញាយ៉ាត។ ព្រះបាទពញាយ៉ាតមានបុត្របីអង្គតែមាតាទីទៃពីគ្នាទាំងអស់។ ចំពោះព្រះបាទស្រីរាជា បានគ្រប់គ្រងអំណាចក្រោយពីព្រះរៀមចូលទិវង្គតពីរវាងឆ្នាំ១៤៦៩-១៤៨៦។តែអំណាចរបស់ទ្រង់បានរបូតទៅវិញដោយអំពើបះបោរក្នុងរាជវង្ស រហូតទីបំផុត ព្រះអនុជ និង ព្រះភគិនេយ្យ(ក្មួយ)សម្រេចបានផែនការបំបែកអំណាចរបស់ព្រះបាទ។
យ៉ាងណាព្រះបាទស្រីរាជាបានសុគតនៅក្រោមកណ្ដាប់ដៃសត្រូវបន្ទាប់ពីកងទ័ពនិងស្ដេចសៀមមានឥទ្ធិពលលើស្ដេចខ្មែរពេលនោះ បានមកនាំខ្លួនព្រះអង្គទៅនៅនគរសៀម ។ អ្នកប្រវត្តិសាស្ត្រវង់សុធារ៉ា សន្មតថា ព្រះបាទស្រីរាជាគឺស្ដេចខ្មែរមួយអង្គដែល មានឧត្តមគតិជាតិខ្ពស់មិនក្បត់នគរខ្លួនឡើយ។
កញ្ញា ឆោមពៅនិកា អត្ថាធិប្បាយដូចតទៅ៖
ព្រះបាទស្រីរាជាជាបុត្រទី២ មាតាទីទៃនៃព្រះបាទពញាយ៉ាត។ ព្រះបាទស្រីរាជាសោយរាជ្យក្នុងព្រះជន្ម១៩ព្រះវស្សា ក្រោមព្រះឋានៈថា សម្ដេចព្រះស្រីរាជាធិរាជរាមាធិបតី ឬ ព្រះរាមាធិបតី ពោលគឺក្រោយព្រះជេដ្ឋា(បង) ព្រះនរាយណ៍រាជាដែលសោយទិវង្គតដោយរោគគាពាធ។ ទើបសោយរាជ្យបានជាង៦ឆ្នាំ អំពើបះបោរដណ្ដើមរាជ្យក្នុងរាជវង្សខ្លួនផ្ទុះឡើយ ដោយព្រះភគិនេយ្យ(ក្មួយ) បង្កើតតំបន់អបគមន៍ដើម្បីប្រកាសរាជ្យខ្លួនឯង ហើយក្រោយមកព្រះអនុជ ធម្មរាជាក៏បានប្រកាសគ្រងរាជ្យនៅចតុមុខទៀត។
ព្រះស្រីរាជាបានគ្រងរាជ១៦ឆ្នាំក៏ធ្លាក់អំណាចទៅព្រះបាទធម្មរាជាដោយសារតែព្រះបាទធម្មរាជាពឹងសៀម។ តែយ៉ាងណាពង្សាវតារខ្មែរសបញ្ជាក់អំពីទឹកចិត្តដ៏បរិសុទ្ធមុះមុតរបស់ព្រះបាទស្រីរាជាដែលលះបង់ជន្មាយុខ្លួនដើម្បីកសាងប្រទេសជាតិ និង ហ៊ានលះបង់ខ្ពស់ដើម្បីស្វែងរកការបង្រួបបង្រួមជាតិនិងការពារទឹកដីដោយវាយដំណ្ដើមពីសៀមមកវិញ។
ព្រះស្រីរាជា និង បេសកកម្មវាយយកមកវិញនូវអាណាខេត្តខាងលិចដែលសៀមទន្រ្ទានយក
ក្រោយគ្រងរាជ្យពីព្រះរៀម ព្រះបាទស្រីរាជា បានសច្ចាកសាងនគរឱ្យបានថ្កុំថ្កើងរុងរឿងសម្បូរសប្បាយ។ ឧត្តមគតិរបស់ទ្រង់ គឺការបង្រួបបង្រួមទឹកដី រីឯហឬទ័យគឺស្ដាយស្រណោះនូវទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមទន្រ្ទានយកកន្លងទៅកាលពីវាយចូលដល់អង្គរនៅចុងសតវត្សទី១៤។ លោកសាស្រ្ដាចារ្យ វង់ សុធារ៉ា លើកសរសើរអំពីគុណតម្លៃនៃរជ្ជកាលដឹកនាំរបស់ទ្រង់ដូច្នេះថា៖
ពង្សាវតារជាតិខ្មែរលើកឡើងអំពី យុទ្ធសាស្រ្ដដឹកនាំចម្បាំង គឺ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកំលាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបំរុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។ រហូតដល់មានកម្លាំងទ័ពមានភាពរឹងមាំគ្រប់គ្រាន់ នៅឆ្នាំ ១៤៧៥ ព្រះបាទស្រីរាជា ទ្រង់បើកសមរភូមិធ្វើចំបាំងរំដោះយកទឹកដីខ្មែរ។ ខណៈនោះ ព្រះអង្គបង្គាប់ឱ្យព្រះបាទស្រីសុរិយោទ័យ ជួយស្បៀងក្រោយ កម្លាំងទ័ពបន្ថែម ហើយ ទុកឱ្យអនុជថែរក្សារាជធានីចតុមុខ។ ភាពស្វាហាប់នៃកងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកំចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រៈយង និងចន្ទបុរី។ ព្រះអង្គមានក្ដីសោមនស្សជាអតិបរិមា ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកំលាំងគ្នានឹងកងទ័ពជាតិដើម្បីកំចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ ហើយហ្វឹកហ្វឺនបន្ដដើម្បីសម្រេចឱ្យបានយុទ្ធសាស្រ្ដរលំក្រុងអាយុធ្យា។ ប៉ុន្តែប្រវត្តិសាស្រ្ដរៀបរាប់ថា ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទំងន់ និងដោយកងទ័ពខ្មែរថមថយកំលាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវជួបឧបសគ្គ។ អ្វីដែលធ្ងន់ធ្ងរនោះ គឺ វិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។
ព្រះស្រីរាជាមិនល្មោភអំណាច ដោយបន្ធូរដៃមិនវាយទ័យក្មួយ និង ប្អូន
ក្នុងរយៈពេលជាង១០ឆ្នាំ គឺ ពី គ្រិស្ដសករាជ ១៤៧៥ ដល់ ១៤៨៥ ប្រទេសខ្មែរកើតមាននូវវិបត្តិដណ្ដើមរាជ្យ។ទ័ពស្រីរាជាអាចយកឈ្នះសៀមបានដោយជោគជ័យនូវទឹកដីច្រើនខេត្តមកវិញ។ តែបែរជាត្រូវពិបាកព្រះកាយដោះស្រាយល្បិចល្បែងរបស់ ក្មួយ បុត្រព្រះនារាយណ៍រាជា បញ្ចុះបញ្ចូលទ័ពនិង បំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រក្មួយបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ រួមទាំងខេត្តខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសន្ធរ។
ដោយឡែកព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ តែតាមពិត ទាំងខាងពញាធម្មរាជា ក៏រៀបពុតត្បុត ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យជាកេតនភណ្ឌសម្គាល់រាជាទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនជាកង់ៗ ការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងប៉ុណ្ណោះ។ សមនឹងសេចក្ដីឈឺចាប់ឥតឧបមា ថ្វីបើព្រះអង្គអាចទប់ស្កាត់ និង មានលទ្ធភាពវាយបង្គ្រប់លើទ័ពរបស់ស្ដេចបែងអប្បគមន៍ពីរនេះក្ដី ព្រោះអង្គបានសម្រាលចិត្តមើលថែត្រឹមដែនដីភាគខាងលិច និង ខាងជើងទៅវិញអស់ពេលជិត១០ឆ្នាំបន្ដ ជាមួយនឹងការពិគ្រោះនឹងសព្វមុខមន្រ្ដីដើម្បីកុំឱ្យអំពើក្បត់អាចចងសម្ព័ន្ធភាពកាន់តែធំបាន និង ធ្វើឱ្យបាត់បង់នូវទ័ពកាន់តែច្រើនឡើងរួចដល់ឆ្នាំ១៤៨៥ ព្រះអង្គបានឱ្យរដ្ឋមន្រ្ដីទទួលកិច្ចការព្រះរាជវាំងឱ្យទៅចរចាពីការសុំចុះចូលរបស់ព្រះអង្គនឹងព្រះអង្គ។
ការដាក់ខ្លួនសុគតរបស់ព្រះបាទស្រីរាជា
ព្រះអនុជរបស់ព្រះអង្គ ក្នុងឆ្នាំ ១៤៨៥ មានបំណងចង់សោយរាជ្យតែម្នាក់ឯងដោយទៅពឹងសៀមធ្វើជាតុលាការ។ ស្ដេចសៀមដែលជាប់សែលោហិតរបស់ព្រះអង្គដែរនោះ សព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកំលាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសំរុះសំរួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។ សៀវភៅប្រវត្តិសាស្រ្ដបានឱ្យដឹងថា ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ដាច់ខាតដើម្បីកុំឱ្យបែកបាក់ជាតិទៀតត្រូវចងមេត្រីភាពវិញជាការគួរគឺពេលនោះហើយព្រះអង្គបានបង្កើតនូវវប្បធម៌ចរចាបញ្ចប់ចម្បាំង។
ឯកសារមហាបុរសខ្មែរ ចងក្រងថា កងទ័ពខ្មែររបស់ព្រះបាទធម្មរាជា បានចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសំរេចនាំយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងទេព អយុធ្យា។ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។ ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សារទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ពង្សសាវតារជាតិបន្ដរៀបរាប់ថា ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជា ខ្លាំងពេក ព្រះអង្គតាំងចិត្តមិនសោយអាហារ មិនស្រង់ទឹក គឺពេលនោះហើយ ដែលព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅទល់ដែនអយុធ្យា ដោយបន្សល់ទុកឱកញាឱងជាបុត្រផ្ញើនឹងព្រះចៅសៀម។ ត្រង់ចំណុចនេះសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដវង់ សុធារ៉ា ពន្យល់ថាព្រះរាមាធិបតីស្រីរាជា ទ្រង់ប្រឈួនផ្លូវចិត្ត រហូតដល់ធ្វើទុក្កកិរិយារីងរៃ ។តែសាស្រ្ដាចារ្យបញ្ជាក់ថាបុត្ររបស់ទ្រង់ប្រហែលមិនទៅតាមនោះទេ ព្រោះក្នុងរជ្ជកាលស្ដេចចន្ទរាជាឱកញាឱងជារាមពោធិ៍សាត់។
ប្រហែលពីរសប្ដាហ៍ក្រោយមកពង្សាវតារសៀមក៏កត់ត្រាពីការចូលទីវង្គតរបស់ព្រះបាទសុរិយោទ័យនៅក្រុងអយុធ្យាផងដែរ។
ជាការកត់សម្គាល់ ទាំងព្រះបាទស្រីរាជានិង ក្មួយរបស់ព្រះអព្រះបាទសុរិយោទ័យង្គដែលព្យាយាមដណ្ដើមរាជពីព្រះអង្គមិនបានសម្រេចក៏បានសុគតនៅលើទឹកដីសៀមដូចគ្នាដែរ។ ទោះបីនគរខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទធម្មរាជាមានសុខសន្តិភាពមែនតែទឹកដីខ្មែរកាលនោះកាន់តែរួមតូច។
ព្រះបាទធម្មរាជា មានមាតាជាប់សែលោហិតស្ដេចសៀមមាននាមអ្នកម្នាង ស៊ីសាងាមហើយ បិតាព្រះបាទពញាយ៉ាត។ យ៉ាងណា បុត្ររបស់ព្រះអង្គដែល បានវាយយកទឹកពីសៀមមកគ្រប់គ្រងវិញ គឺព្រះបាទច័ន្ទរាជា។
អ្នកប្រវត្តិសាស្ត្រកត់សំគាល់ថា ស្ដេចខ្មែរព្រះបាទស្រីរាជា និងព្រះបាទច័ន្ទរាជាត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តខ្មែរថាជាស្ដេចស្នេហាជាតិពិតប្រាកដនិងជាស្ដេចប្រកបដោយទសពិធរាជធម៌៕